បាត់ដំបង ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តបាត់ដំបង ត្រូវបានខ្យល់កន្ត្រាក់គ្របដណ្ដប់លើស្រុកចំនួន១០ ដែលបានធ្វើឲ្យខូចខាតដំណាំផ្សេងៗ និងផ្ទះរបស់ប្រជាពលរដ្ឋរាប់សិបខ្នង ហើយក្នុងចំណោមទាំង១០ស្រុក មានស្រុកថ្មគោល ដែលខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋច្រើនជាងគេ និងត្រូវបាន សម្ដេចក្រឡាហោម ស ខេង យកចិត្តទុកដាក់អញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួនផងដែរ ដល់ពលរដ្ឋ ដែលបានរងគ្រោះខូចផ្ទះសម្បែង។
ដំណើរសួរសុខទុក្ខដល់ពលរដ្ឋរងគ្រោះ ពីសំណាក់ សម្ដេចក្រឡាហោម ស ខេង នេះ បានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ចំនួន២៧៩គ្រួសារ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នៅបរិវេណសាលាឃុំជ្រៃ ស្រុកថ្មគោល។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក,លោកជំទាវ ជាសមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភាសមាជិករាជរដ្ឋាភិបាលក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុង/ស្រុកទាំង១៤ រួមនឹងថ្នាក់ដឹកនាំខេត្ត/ស្រុក/ឃុំ និងប្រជាពលរដ្ឋរងគ្រោះមកពី៦ឃុំ ចូលរួមផងដែរ។
ក្នុងឱកាសនោះ សម្ដេច ស ខេង បានមានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋថា សម្ដេចក៏មានការចូលរួមសោកស្ដាយជាខ្លាំងដែលគ្រោះធម្មជាតិបានកើតឡើង ហើយបំផ្លាញផ្ទះសម្បែង រួមនឹងដំណាំផ្សេងៗរបស់បងប្អូនឲ្យខូចខាតមួយចំនួន នៅក្នុងស្រុកថ្មគោលនេះ។ តាមរបាយការណ៍អភិបាលស្រុកថ្មគោលបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់កន្លងមក មានចំនួន៦ឃុំ ក្នុងចំណោម១០ឃុំ ក្នុងស្រុកថ្មគោល ធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២៧៩គ្រួសារ ក្នុងនោះមាន២៨គ្រួសារធ្ងន់ធ្ងរដួលរលំទាំងស្រុង និងរងគ្រោះមធ្យមចំនួន២៥១គ្រួសារ សរុបទាំងអស់មាន២៧៩គ្រួសារ។
សម្ដេចបានបញ្ជាក់បន្ថែមថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរដួលរលំផ្ទះទាំងស្រុងចំនួន២៨គ្រួសារ ត្រូវបានទទួលអំណោយពី សម្ដេចផ្ទាល់ក្នុង១គ្រួសារ ទទួលបានថវិកា២០ម៉ឺនរៀល,ស័ង្កសី២០សន្លឹក,ទឹកបរិសុទ្ធ១កេះ,អង្ករ២៥គីឡូក្រាម,មី១កេះ និង ប្រជាពលរដ្ឋរងគ្រោះមធ្យមចំនួន២៥១គ្រួសារ បានទទួលអំណោយក្នុង១គ្រួសារ ទទួលបានថវិកា២០ម៉ឺនរៀល,ស័ង្កសី១០សន្លឹក,ទឹកបរិសុទ្ធ១កេះ,អង្ករ២៥គីឡូក្រាម,មី១កេះ។
សម្ដេច ក៏បានធ្វើការអំពាវនាវដល់កងកម្លាំងគ្រប់ប្រភេទ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានដោយនាំគ្នាចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កន្លងមក និងត្រៀមកម្លាំងជានិច្ចសម្រាប់ចុះជួយប្រជាពលរដ្ឋ ដែលរងគ្រោះឲ្យបានទាន់ពេលវេលាផងដែរ។
គួរបញ្ជាក់ផងដែរ ថា បើយោងតាមតួលេខចុងក្រោយពីរដ្ឋបាលសាលាខេត្តបាត់ដំបង បានបង្ហាញឲ្យដឹងនៅថ្ងៃទី២៥មេសានេះដែរថា ចំនួនសរុបខ្នងផ្ទះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីខ្យល់កន្ត្រាក់ទាំង១០ស្រុក បានកើនឡើងរហូតដល់៨៧៩ខ្នងផ្ទះ៕
Source: Kampuchea Thmey Daily
0 Comments