Ad Code

ផឹក​ស្រា​​ដាច់បាយ​ ក្លាយ​ជា​សាកសព​



កំពង់ចាម ៖ បុរស​ប្រមឹក​ផឹក​ស្រា តាំងពីព្រឹក​ រហូត​ល្ងាច ស្រាប់តែ​ឃើញ​ដេក​ស្លាប់ ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។

ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៤​ ខែ​មេសា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​៣០​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចម្ការ​អណ្ដូង​ បាន​ទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​មនុស្ស​ស្រវឹង​ស្រា​ដេក​ស្លាប់ នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ សួន ស៊ីនួន ភេទ​ស្រី​ អាយុ​៥៦​ឆ្នាំ ជាតិខ្មែរ ​ស្ថិត​ក្នុង​ភូមិ​ចម្ការ​អណ្ដូង ឃុំ​ចម្ការ​អណ្ដូង ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម។

ប៉ូលិស​បាន​បន្ត​ថា ​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម ​ជំនាញ​ពិនិត្យ​ និង​វិភាគ​កន្លែង​កើតហេតុ បង្កើត​គណៈកម្មាធិការត្រួតពិនិត្យ​សព​ នៅ​ថ្ងៃ​ទី​២៤​ ខែ​មេសា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​២០​នាទី។​

តាម​ការ​បំភ្លឺ​ពី​អ្នកលក់​ស្រា​ក្នុង​ភូមិ​ឲ្យ​ដឹង​ថា ឃើញ ​ឈ្មោះ យួន ម៉ុ​ន (​ជនរងគ្រោះ​) ​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ/​ឃុំ​កើតហេតុ​ខាងលើ​ បាន​មក​ទិញ​ស្រា​ថ្នាំ​នៅផ្ទះ​គាត់​ចំនួន​០២​ដង ផឹក គឺ​នៅ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​៧​ព្រឹក និង វេលា​ម៉ោង​១២​ថ្ងៃត្រង់​ពេល​ផឹក​រួច​(​ជនរងគ្រោះ​)​តែងតែ​ទៅ​ដេក​នៅមុខ​ផ្ទះ​កន្លែង​កើតហេតុ​ខាងលើ​ ហើយ​បាន​ដេកស្លាប់​នៅវេលា​ម៉ោង​១៦​និង​១០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល​។​

ប៉ូលិស​បាន​បញ្ជាក់​ថា គណៈកម្មការ​បាន​ធ្វើការ​ពិនិត្យ​សព​ឃើញ​ថា លើ​រាងកាយ ជនរងគ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ទេ ហើយ​ជនរងគ្រោះ ជា​មនុស្ស​ញៀន​ស្រា​ផឹក​ជាប្រចាំ​ ហើយ​មិនសូវ​ហូបបាយ​ទៀង​ទាត់​ទេ។​

ឆ្លងតាម​ការស្រាវជ្រាវ​ស៊ើបអង្កេត​នៅ​កន្លែងកើតហេតុ និង​ជុំវិញ​កន្លែង​កើតហេតុ ព្រមទាំង​ការ​បំភ្លឺ​ក្រុម​គ្រួសារ​ជនរងគ្រោះ​មក លោកគ្រូ និង​ជំនាញ​សន្និដ្ឋានបានថា​ ការស្លាប់​របស់​ ឈ្មោះ យួន ម៉ុ​ន​នេះ​គ្មាន ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ ​គឺ ​ឈ្មោះ យួន ម៉ុ​ន ពិតជា​ស្លាប់​ដោយសារ ការ​ផឹក​ស្រា​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បណ្តាល​ឲ្យ​គាំងបេះដូង​ស្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។​

ក្រោយពី​គណៈកម្មការ​ពិនិត្យ​រួច​ បាន​ប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu