Ad Code

ប្រទេស​ស្រីលង្កា​ កាន់ទុក្ខ​ជនរងគ្រោះ​នៃ​ការវាយប្រហារ​ដោយ​ក្រុម​ឥស្លាម​និយម​



ប្រទេស​ស្រីលង្កា​បាន​ចាប់ផ្ដើម​ថ្ងៃ​កាន់ទុក្ខ​ថ្នាក់​ជាតិ​នៅ​ថ្ងៃ​អង្គារ​ជាមួយ​ការ​ស្មឹង​ស្មា​ធ​រយៈពេល​បី​នាទី​ដើម្បី​គោរព​ដល់​មនុស្ស​ជាង​៣០០​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​គេ​ស្ដី​បន្ទោស​ទៅលើ​ក្រុម​ឥស្លាម​និយម​ក្នុងស្រុក​មួយ​។ទង់ជាតិ​ត្រូវ​បាន​បង្ហូត​ពាក់កណ្ដាល​ដង​នៅ​លើ​អគារ​រដ្ឋាភិបាល​ហើយ​ប្រជាជន​បាន​ឱន​ក្បាល​និង​នឹកឃើញ​ដោយ​ស្ងៀមស្ងាត់​ចំពោះ​អំពើ​ហិង្សា​ដែល​បណ្ដាល​ឲ្យ​មាន​កំហឹង​ជា​អន្តរជាតិ​។

​ពិធី​ស្មឹង​ស្មា​ធ​នេះ​បាន​ចាប់ផ្ដើម​នៅ​ម៉ោង​៨:៣០​ព្រឹក​ដែល ជា​ពេល​ដែល​គ្រាប់បែក​ដំបូង​ក្នុងចំណោម​គ្រាប់បែក​ទាំង​ប្រាំមួយ​គ្រាប់​បាន​ផ្ទុះឡើង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ដែល​បាន​សម្លាប់​រង្គាល​មនុស្ស​នៅ​សណ្ឋាគារ​និង​ព្រះវិហារ​ដែល​ពោរពេញ​ទៅ​ដោយ​អ្នក​គោរព​បូជា​ពិធីបុណ្យ Easter​។​​ ​ភ្លាមៗ​បន្ទាប់ពី​ការ​ស្មឹង​ស្មា​ធ អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​៣១០​នាក់​ខណៈ​ដែល​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារ​របួស​។

​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លើកដំបូង​សម្រាប់​ជនរងគ្រោះ​ត្រូវ​បាន​គេ​គ្រោងទុក​នៅ​ថ្ងៃ​អង្គារ​ពោល​គឺ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាព​អាសន្ន​និង​បាន​និយាយ​ថា ក្រុម​ឥស្លាម​និយម​មួយ​គឺ​ស្ថិតនៅ​ពីក្រោយ​អំពើ​ហិង្សា​នេះ​។នៅ​វិហារ St Anthony ក្នុង​ទីក្រុង Colombo ដែល​ជា​កន្លែង​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​ខណៈ​ពេល ពួកគេ​ប្រមូល​ផ្ដុំ​គ្នា​សម្រាប់​ការ​អធិស្ឋាន​ថ្ងៃអាទិត្យ​នៃ​ពិធីបុណ្យ Easter, មនុស្ស​រាប់​សិប​នាក់​បាន​កាន់​ទៀន​និង​អធិស្ឋាន​ដោយ​ស្ងៀមស្ងាត់​។

​ប៉ូលិស​បាន​និយាយ​ថា ឥឡូវនេះ មនុស្ស​ចំនួន​៤០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​ដែល​ជា​អំពើ​ឃោរឃៅ​ដ៏​អាក្រក់​បំផុត​ចាប់​តាំងពី​សង្គ្រាមស៊ីវិល​របស់​ប្រទេស​ស្រីលង្កា​បាន​បញ្ចប់​កាលពី​១០​ឆ្នាំមុន​។ការវាយប្រហារ​នេះ​ក៏​ជា​រឿង​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ផង​ដែរ​ប្រឆាំង​នឹង​ជនជាតិភាគតិច​គ្រិស្ត​សាសនិក​របស់​ប្រទេស​នេះ​ដែល​មាន​ចំនួន​ត្រឹមតែ​៧​ភាគរយ​ប៉ុណ្ណោះ​នៃ​ប្រជាជន​ទាំង​២១​លាន​នាក់​របស់​ខ្លួន​។

​រដ្ឋមន្ត្រី​ខុទ្ទកាល័យ​និង​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​លោក Rajitha Senaratne បាន​និយាយ​ថា ក្រុម​អ្នកស៊ើប​អង្កេត​កំពុងតែ​ស្វែងរក​តម្រុយ​ថា​តើ​ក្រុម​ឥស្លាម​ក្នុង​តំបន់​ដែល​មាន​ឈ្មោះថា National Thowheeth Jama'ath (NTJ) បាន​ទទួល​ការ​គាំទ្រ​ពី​អន្តរជាតិ​ដែរ​ឬក៏​អត់​៕ AFP




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu