Ad Code

សេចក្ដីជូនដំណឹង ​ស្ដីពី​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំ​២០១៩ នេះ ​នា​ខេត្ត​តាកែវ​



​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​មាន​កិត្តិយស និង​សេចក្ដីសោមនស្ស​រីករាយ សូម​ជូនដំណឹង​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ​ មេត្តា​ជ្រាប​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ទី​ព្រះ​ស្រែ (​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ​) ភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្ត​តាកែវ នា​ថ្ងៃ​ពុធ ៤​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

នាឱកាស​ដ៏​មហោឡារិក​នោះ នឹងមាន​រៀបចំ​តាំងពិព័រណ៍ ផលិតផល​កសិកម្ម សិប្បកម្ម​ក្នុងស្រុក​ឆ្នាំ​២០១៩​។ ព្រឹត្តិការណ៍​បុណ្យប្រពៃណី​នេះ​ ជា​ឱកាស​ដ៏​វិសេសវិសាល​ក្នុង​ការ​បង្ហាញ​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្វែងយល់​កាន់តែច្បាស់​អំពី​វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់​របស់​ខ្មែរ​ដែល​មាន​តាំងពី​បុរាណកាល​មក ពិសេស ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ដែលជា​ពិធី​ប្រព្រឹត្ត​ឡើងជា​មង្គល ឧទ្ទិស​ដល់​ការចាប់ផ្តើម​រដូវ​ធ្វើស្រែ​ចម្ការ​របស់​ប្រជាកសិករ និង​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ឲ្យ​បង្អុរ​ទឹកភ្លៀង​បរិបូណ៌ ​តាម​រដូវ​កាល បម្រើ​ឲ្យ​វិស័យ​កសិកម្ម​គ្រប់​ប្រភេទ ទទួល​បាន​ភោគផល​ខ្ពស់​។​

ជាមួយគ្នានេះ ក្រសួងទេសចរណ៍​ នឹង​រៀបចំ​ស្តង់​ពិព័រណ៍​រូបភាព ​ដើម្បី​បង្ហាញ​ពី​ការ​រីកចម្រើន ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដែលមាន​កំណើន​ជា​លំដាប់ ក៏ដូចជា​ការតាំង​បង្ហាញ​ពី​ផលិតផល​ទេសចរណ៍ ពិសេស ផលិតផល​ក​សិ​ទេសចរណ៍ សម្រាប់​ជូន​ទេសចរ​ជាតិ និង​អន្តរជាតិ ទស្សនា ក្នុង​គោលបំណង​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​ទេសចរណ៍ “​កម្ពុជា ​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្ដល់​ភាព​កក់ក្តៅ ” និង​ចលនា​ប្រលង​ប្រណាំង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ ” ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។​

អាស្រ័យហេតុនេះ សូម​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប និង​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu