Ad Code

មេបញ្ជាការ​កងទ័ពជើងទឹក​ចិន​ស្ដី​បន្ទោស​សេរីភាព ​នៃ​ការ​ធ្វើ​នាវាចរណ៍​របស់​អាមេរិក​



ប្រមុខ​កងទ័ពជើងទឹក​ចិន​លោក Shen Jinlong បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​មិន​គួរ​ត្រូវ​បាន​ប្រើ​ដើម្បី​រំលោភបំពាន​លើ​សិទ្ធិ​របស់​ប្រទេស​ដទៃ​ទៀត​នោះ​ទេ​។ នេះ​ជា​ការ​ដៀមដាម​ដាក់​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដែល​បាន​ធ្វើ​នាវាចរណ៍​ទៅ​ជិត​កោះ​តូច​ៗ​ដែល​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

​ជា​ញឹកញាប់ សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​ទៅជិត​ទីតាំង​ដែល​កាន់កាប់​ដោយ​ប្រទេស​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​កន្លែង​ប្រទេស​ចិន​បាន​រាន​យក​ដី​ដើម្បី​សាងសង់​ផ្លូវ​យន្តហោះ​និង​កំពង់ផែ​។ សម្ព័ន្ធមិត្ត​អាមេរិក​មួយចំនួន​រួមទាំង​ចក្រភព​អង់គ្លេស​ផង​ដែរ​គឺ​បាន​ធ្វើតាម​នេះ​។

​ប្រទេស​ចិន​បានចាត់ទុក​ការ​ល្បាត​ដោយ​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ថា​ជាការ​បង្កហេតុ​មួយ​ព្រោះ​ចិន​មើល​ឃើញ​ស្ទើរតែ​ទាំង​អស់​នៃ​សមុទ្រ​ចិន​ខាងត្បូង​ថា​ជា​ដែនដី​របស់​ខ្លួន​បើ​ទោះ​បី​ជា​វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ ប្រ៊ុយណេ​និង​ហ្វីលីពីន​សុទ្ធតែ​អះអាង​ទាមទារ​ក៏ដោយ​។

​ថ្លែង​ក្នុង​វេទិកា​មួយ​នៅ​ទីក្រុង Qingdao ភាគ​ខាងកើត​បន្ទាប់ពី​ការ​ហែរ​ក្បួន​ដ៏​ធំ​មួយ​របស់​កងទ័ពជើងទឹក​ដើម្បី​ប្រារព្ធ​ខួប​៧០​ឆ្នាំ​ចាប់តាំងពី​ការបង្កើត​កងទ័ពជើងទឹក​ចិន​, លោក Shen បាន​និយាយថា អ្នក​គ្រប់គ្នា​ត្រូវតែ​ធ្វើតាម​ច្បាប់​និង​រក្សា​សណ្តាប់ធ្នាប់​ល្អ​។លោក Shen ដែល​ជិតស្និទ្ធ​នឹង​លោក​ប្រធានាធិបតី Xi Jinping បាន​និយាយថា “​ការគោរព​ច្បាប់​គឺជា​មូលដ្ឋានគ្រឹះ​នៃ​សណ្តាប់ធ្នាប់​ដែនសមុទ្រ​”​។

​លោក​បាន​បន្ថែម​ដោយ​មិន​បញ្ចេញ​ឈ្មោះ​សហរដ្ឋអាមេរិក​ដោយផ្ទាល់​ថា “​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​គឺជា​គំនិត​ដែល​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ដោយ​សហគមន៍​អន្តរជាតិ​ប៉ុន្តែ​វា​មិនគួរ​ត្រូវបាន​ប្រើ​ជា​លេស​ដើម្បី​រំលោភបំពាន​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​នៃ​រដ្ឋ​ដែល​ជាប់​ដែនទឹក​នោះទេ​”​។

​លោក Shen បាន​និយាយថា ប្រទេស​ចិន​កំពុង​បន្តធ្វើ​កិច្ចចរចា​ស្តីពី​ក្រម​ប្រតិបត្តិ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង​ដែល​ក្រុង​ប៉េកាំង​មាន​ជាមួយ​បណ្តា​រដ្ឋ​អាស៊ីអាគ្នេយ៍​រយៈពេល​ពីរ​បី​ឆ្នាំ​មកហើយ​។​លោក​អះអាងថា “​យើង​ប្តេជ្ញា​ធ្វើ​ឲ្យ​សមុទ្រ​ចិន​ខាងត្បូង​ក្លាយទៅជា​សមុទ្រ​នៃ​សន្តិភាព មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​”៕ REUTERS





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu