Ad Code

បុរស​អ្នក​លក់​កាសែត​ជាង​២០​ឆ្នាំម្នាក់ ​ត្អូញត្អែរ ព្រោះ​លក់​មិនសូវ​ដាច់​ បន្ទាប់ពី​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សព្វផ្សាយ​ទំនើប​ច្រើនពេក​



ស្វាយរៀង ​៖ បុរស​ម្នាក់​ ដែល​ប្រកបមុខរបរ​ចែកចាយ​កាសែត​(​អ្នក​លក់កាសែត​)​ ក្នុង​ក្រុង​ស្វាយរៀង​យូរ​ឆ្នាំ​មក​ហើយ ​ ដល់​អ្នកភូមិ​ ក៏ដូចជា​អ្នក​និយម​អាន​នៅ​តាម​មន្ទីរ​នានា​ បាន​ត្អូញត្អែរ​យ៉ាង​ខ្លាំង​ដល់​ជីវភាព​គ្រួសារ​របស់គាត់ ខណៈ​បច្ចុប្បន្ននេះ​កាសែត​លក់​មិនសូវ​ដាច់ ព្រោះ​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សព្វផ្សាយ​ទំនើប​នៅក្នុង​ដៃ​ដូចជា​ទូរស័ព្ទ​ជាដើម​ពិបាក​ក្នុង​ការ​លក់​ចែកចាយ​។​

នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​មេសា ​ឆ្នាំ​២០១៩ ​អ្នក​យក​ព័ត៌មាន​យើង​បាន​ជួប លោក ​ប៉ែន ម៉ី​ន​ ដែល​កំពុង​ជិះ​ម៉ូតូ​គុប​ចំណាស់​មួយគ្រឿង ​នៅ​ផ្សា​វាល​យន្ត​ ដើម្បី​ចែកចាយ​ដាក់​កាសែត​ឲ្យ​ភ្ញៀវ​ដែល​និយម​អា​ន ខណៈ​ទឹកមុខ​គាត់​ស្រស់ស្រាយ​រីករាយ​ជានិច្ច​។​

លោក​ ប៉ែន ម៉ី​ន​ បន្តថា​ គាត់​ឥ​ឡូ​វ​មាន អាយុ​៥៤​ឆ្នាំ មុខរបរ​អ្នក​ចែកចាយ​កាសែត​អាន​នៅ​ក្រុង​ស្វាយ​រៀង មាន​ទីលំនៅ​ក្នុង​ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រំ ខណៈ​គាត់​បាន​ប្រកបមុខរបរ​ចែកចាយ​កាសែត និង​ទស្សនាវដ្ដី​តាំងពី​ឆ្នាំ​១៩៩៣​ រហូតមកដល់​ពេលនេះ​ជាង​២០​ឆ្នាំ​មក​ហើយ​។​

លោក​បន្តថា ​ដោយ​ពីមុន​គាត់​យក​កាសែត​មក​លក់​ម្ដង​ក្នុង​មួយថ្ងៃ​៧០០​ច្បាប់ មាន​គ្រប់​អង្គភាព​សម្រាប់​អ្នក​ចូលចិត្ត​អាន​ព្រឹត្តិការណ៍​ផ្សេងៗ ដែល​កើតមានឡើង​ក្នុង​សង្គម ក៏ដូចជា​ព្រឹត្តិការណ៍​ព័ត៌មាន​ជាតិ និង​អន្តរជាតិ លក់​អស់​មិនដែល​សល់​នោះ​ទេ​។

ប្រភព​បន្តថា បច្ចុប្បន្ន​នេះ​ គាត់​លក់​កាសែត​មាន​ដូចជា ​កាសែត​នគរ​វត្ត កាសែត​កោះ​សន្តិភាព រស្មី​កម្ពុជា ព្រមទាំង​មាន​លក់​ទស្សនាវដ្ដី ក្នុងស្រុក​ផង​ដែរ។

ប្រភព​បន្តថា ប៉ុន្តែ​ចាប់ពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​ដើរ​ចែកចាយ​កាសែត​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រហូតដល់​ស្ទើរតែ​មិន​ជឿ ហើយ​នៅពេលនេះ គាត់​យក​មក​តែ​២០​ ទៅ​៣០​ច្បាប់​ប៉ុណ្ណោះ ព្រោះ​ខ្លា​ច​លក់​មិន​ដាច់ នៅសល់​។​

លោក​ក៏បាន​បន្តទៀតថា មូលហេតុ​ដែលនាំ​ឲ្យ​ការចែក​ចាយ និង​លក់​កាសែត​ធ្លាក់ចុះ​បណ្ដាលមកពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សព្វផ្សាយ​ទំនើប​នៅ​ក្នុង​ដៃ ដូចជា​ ទូរស័ព្ទ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ព័ត៌មាន​អន​ឡាញ​តាម​INTERNET​ជាដើម។​

ប៉ុន្តែ​ដោយ​រូបលោក​នៅតែ​ស្រឡាញ់​អាជីព​ចែកចាយ​កាសែត និង​ទស្សនាវដ្ដី ទើប​នៅតែ​បន្ត​លក់ ទោះ​បី​មានការ​ចំណេញ​បន្តិចបន្តួច​ក៏ដោយ ព្រោះ​ក្រៅពី​លក់​កាសែត គាត់​មាន​មុខរបរ​ធ្វើស្រែ​ចម្ការ​ដើម្បី​ចិញ្ចឹមជីវិត​ និង​ក្រុម​គ្រួសារ​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu