Ad Code

ផាន់ គ្រាន់ និង ម៉ន ព្រហ្ម​ម៉ាញ ចាញ់​ថៃ​ដូចគ្នា



អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ផាន់ គ្រាន់ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា និង​ជា​ម្ចាស់​ខ្សែក្រវាត់​Barrley Black ទម្ងន់​៦៣,៥០០​គីឡូក្រាម បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ សេន ឃុ​ម (Sen Khum) ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​សងសឹក​គ្នា កាលពី​រសៀល​ថ្ងៃទី​២៧ ខែ​មេសា​ ឆ្នាំ​២០១៩ នៅ​សង្វៀន​ខា​រ៉ា​បាវ​របស់​អាស៊ីអាគ្នេយ៍។​

សេន ឃុ​ម នេះ បាន​វាយ​ចាញ់​ផាន់ គ្រាន់​ដោយ​ពិន្ទុ​មិន​អស់ចិត្ត កាលពី​ជួបគ្នា​លើកដំបូង​នា​ថ្ងៃទី​២២​ខែ​កក្កដា​ ឆ្នាំ​២០១៨ កន្លងទៅ ដែលនាំឲ្យ​គេ​សុំ​មក​សងសឹក​នឹង ផាន់ គ្រាន់​វិញ​នេះ។

ផាន់ គ្រាន់ ឡើង​ប្រកួត​លើក​នេះ ហាក់ដូចជា​ទន់ជ្រាយ​ណាស់ និង​ប្រៀបបាន​ដូច​អត់​បាន​ហ្វឹកហាត់​ដិតដល់​យ៉ាង​ដូច្នេះ​ដែរ។ ក្នុងការ​ប្រកួត​៥​ទឹក​នោះ ផាន់ គ្រាន់ ចាញ់​ប្រៀប​សេន ឃុ​ម សឹងតែ​គ្រប់​ទឹក។

នៅក្នុង​ការប្រកួត​ទឹក​ទី​៣ ផាន់ គ្រាន់ ត្រូវ​សេន ឃុ​ម អុក​ត្រូវ​មួយ​ជង្គង់​ចូល​ពោះ​ទឹក ធ្វើ​ឲ្យ​ដួល​លើ​
រេញ ត្រូវ​អាជ្ញាកណ្តាល​រាប់​៨​ម្តង ។ មកដល់​ទឹក​ទី​៤ ផាន់ គ្រាន់ ត្រូវ​អាជ្ញាកណ្តាល​រាប់​៨​ម្តងទៀត ដោយសារ​ត្រូវ​ជង្គង់​សេន​ ឃុ​ម ​ដដែល។​ តែ​យ៉ាងណា​ក្នុង​ទឹក​៤​នេះ ផាន់ គ្រាន់​ក៏បាន​វាយ​កែង​ត្រូវ​សេន ឃុ​ម បណ្តាលឲ្យ​បែក​ឈាម​ចុង​ភ្នែក​ខាងឆ្វេង​ដែរ ។​

យ៉ាងណា បញ្ចប់​ការប្រកួត​៥​ទឹក​នោះ ផាន់ គ្រាន់ ចាញ់​សេន ឃុ​ម ដោយ​ពិន្ទុ ដែល​ធ្វើឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ​សងសឹក​បានសម្រេច។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន ៧៧​លើក ឈ្នះ​៦៤​លើក ចាញ់​១២​លើក និង ស្មើ​០២​លើក។ រីឯ ប្រវត្តិ​ប្រកួត​របស់​ផាន់ គ្រាន់ វិញ គឺ ប្រកួត​១១៨​លើក ឈ្នះ​៩៩​លើក ចាញ់​១៦​លើក និង ស្មើ​០៣​លើក។​

អ្នក​ប្រដាល់​ម៉ន ព្រហ្ម​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក បាន​ភ្លាត់ស្នៀត​ត្រូវ​អ្នក​ប្រដាល់​ថៃ​ពែ​ក ធាង វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ដែរ។

ម៉ន ព្រហ្ម​ម៉ាញ ត្រូវ​ពែ​ក ធាង ដាល់​ត្រូវចំ​ថ្គាម​ស្តាំ​មួយ​ដៃ ក្នុងពេលដែល​ព្រហ្ម​ម៉ាញ​ កំពុង​ខូច​ជំហរ​ប្រកួត​ក្រោយ​ពេលដែល ​ពែ​ក ធាង ដេញ​ទាត់​ត្រូវ​ភ្លៅ​ហើយក៏​ទ្រេត​ខ្លួន​ក្បែរ​ខ្សែ​រេញ ជាហេតុ​នាំ​ឲ្យ​ពែ​ក ធាង មាន​ឱកាស​ដាល់​បន្ថែម​ត្រូវ​ថ្គាម​នោះ។​

ម៉ន ព្រហ្ម​ម៉ាញ បាន​និយាយ​ក្រោយ​ការ​ចាញ់​នេះ​ថា គេ​ហាក់ដូចជា​វង្វេង​នៅពេលដែល​មើលឃើញ​សន្ទុះ​វាយ​របស់​ថៃ​(​ពែ​ក ធាង​) តាម​ក្រោម​ផង​(​ទាត់​) លើ​ផង​(​កណ្តាប់ដៃ​) ធ្វើឲ្យ​គេ​មិន​ដឹង​ថា ត្រូវ​រង​ការពារ​ខាង​ណា​មុន​នោះឡើយ​....​។

ចំពោះ ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ កូយ ឡាយ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ផ្ដួល​ ជ័យ ស៊ី​នេ​ត អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ឃ្លាំងមឿង​កីឡា ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៥ ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​៦០គ​.​ក្រ។​

កូយ ឡាយ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់​នោះ បាន​ប្រើ​កែង​វាយ​ទៅលើ​ជ័យ ស៊ី​នេ​ត ត្រូវចំ​ថ្គាម បណ្តាល​ឲ្យ​ ស៊ី​នេ​ត ដួលសន្លប់​លើ​រេញ​តែម្តង​។​

ចំណែក ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ត​កីឡា បាន​វាយ​ឈ្នះ​សយ សុខ អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ដោយ​ពិន្ទុ ក្នុងការ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១៤​គីឡូក្រាម។ ​ក្នុង​ទឹក​ទី​៣ សយ សុខ ត្រូវ​កែង​របស់​ឡុង ណង​សៅ ដែល​ធ្វើឲ្យ​អាជ្ញាកណ្ដាល​រាប់​៨​ម្តង​ដែរ។

ចំពោះ​ឡុ​ក ប៊ុន​សំណាង ក្លិប​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម បាន​វាយ​ឈ្នះ​ ម៉ន បញ្ញា ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ក្នុង​ទឹក​ទី​២។ បញ្ញា ត្រូវ​ប៊ុន ​សំណាង ទាត់​ជើង​ក្រោម​ដែល​ធ្វើឲ្យ​ដួល​ក្រោក​លែង​រួច៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu