ស្ទឹងត្រែង ៖ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រៅពីកិច្ចការពារសន្តិសុខ សង្គម បានបរិច្ចាគធនធាន ជួយដល់ប្រជាពលរដ្ឋ មានទុក្ខលំបាក មកសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីចូលរួមចែករំលែកនៅទុក្ខលំបាក នៅពេលបងប្អូនប្រជាពលរដ្ឋយើងមានជំងឺ។
ក្នុងសកម្មភាពផ្តល់អំណោយមនុស្សធម៌ដល់អ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៧មេសា លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្តមានប្រសាសន៍ថា៖ នេះជាការយកចិត្តទុកដាក់ពីសំណាក់ លោកនាយឧត្ដមសេនីយ៍សៅសុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែគិតគូរជានិច្ចជួយប្រជាពលរដ្ឋយើងដែលមានទុក្ខលំបាក មានជីវភាពខ្សត់ខ្សោយ មានជំងឺឈឺថ្កាត់ និងពេលសម្រាលកូន និងរងគ្រោះដោយធម្មជាតិជាដើម។
លោកឧត្តមសេនីយ៍ត្រីមានប្រសាសន៍ទៀតថា ៖ កម្លាំងកងរាជអាវុធហត្ថកន្លងមក ក៏ដូចបច្ចុប្បន្នតែងតែ បរិច្ចាគធនធានមាន គ្រឿង ឧបភោគ-បរិភោគផ្តល់ជូនដល់ដៃប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិ ឃុំ ដោយ មិនមានការរើសអើងឬប្រកាន់ពូជសាសន៍អ្វីឡើយ។
លោកស្រី ហ្វាយរ៉ាវីប្រជាពលរដ្ឋនៅភូមិឃុំសន្តិភាពស្រុកសៀមប៉ាង នាំកូនមានជំងឺគ្រុនឈាមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត សំដែងការ សាទរយ៉ាងក្រៃលៃងដល់កម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានលះបង់នូវ ធនធាននិងថវិកា នាំយកមកផ្តល់ជូនដល់ដៃ ក្នុងពេលដែលគ្រួសារគាត់មានជំងឺធ្ងន់ត្រូវសង្គ្រោះបន្ទាន់។
លោកវេជ្ជបណ្ឌិតលេវណ្ណដេត គ្រូពេទ្យព្យាបាលជំងឺទូទៅ បានអំពាវនាវទៅប្រជាពលរដ្ឋយើងសូមឱ្យយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព ព្រោះអាកាសធាតុមានការប្រែប្រួលអាចបង្កផលប៉ះពាល់ដល់ការរស់នៅជាពិសេសកុមារនិងមនុស្សមានវ័យចំណាស់។
លោកវេជ្ជបណ្ឌិតបន្តថា ៖ កត្តាសំខាន់ជាងនេះទៀត ប្រសិនបងប្អូនមានអការៈក្តៅខ្លួន ឬមានបញ្ហាសុខភាពណាមួយសូមមកពិគ្រោះយោបល់ជាគ្រូពេទ្យ ដែលមាននៅជិតមូលដ្ឋានរស់នៅរបស់លោកអ្នក ឬមកមន្ទីរពេទ្យបង្អែកខេត្តឱ្យបានឆាប់បំផុត។
សូមបញ្ជាក់ថា ៖ នេះជាលើកទី៤ហើយនៅដើមឆ្នាំ២០១៩នេះ ដែលទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានរួមចំណែកធ្វើសកម្មភាពមនុស្សធម៌ជួយសម្រួលភាពលំបាកជូនប្រជាពលរដ្ឋយើងមានជំងឺឈឺថ្កាត់៕
Source: Kampuchea Thmey Daily
0 Comments