Ad Code

នី សុ​ភី ផ្ដួល​អ្នក​ប្រដាល់​ថៃ យ៉​ត ភូ​លួង ឲ្យសន្លប់​ទឹក​ទី៣ ខណៈ​រឿ​ម វ​ណ្ណះ ​ចាញ់​បារាំង​ទឹក​ទី​៤



នី សុ​ភី ឬ​ឡុង សុ​ភី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ផ្ដួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​យ៉​ត ភូ​លួង (Yorth Phuluong) ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ នៅក្នុង​ការជួប​ប្រកួត​គ្នា​លើស​ង្វៀន Boostrong Fighter On Fire របស់​SEATV កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ទី​២៨ ខែ​មេសា​ ឆ្នាំ​២០១៩។​

យ៉​ត ភូ​លួង​ នេះ ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ទើបតែ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​លើក​ទី​១ ប៉ុណ្ណោះ ហេតុ​នេះ​ពេល​មក​ប៉ះ​ជាមួយ​ជើង​ខ្លាំង ​នី សុ​ភី ដែល​គេ​ស្ថិត​ក្នុង​កម្រិត​A របស់​កម្ពុជា​នោះ ធ្វើឲ្យ យ៉​ត ភូ​លួង តស៊ូ​មិនបាន​៣​ទឹក​ផង ក៏​សន្លប់​ដោយ​ជង្គង់​របស់ ​សុ​ភី​ ទៅ​ហើយ។

នី សុ​ភី ក្នុងការ​ប្រកួត​២​ទឹក​ដំបូង​នោះ គេ​គ្រាន់តែ​វាយ​ដើម្បី​យក​ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​យ៉​ត​ភូ​លួង គេ​នាំ​អាត​ប្រើ​ហិង្សា​មុន ដោយ​វាយ​ជង្គង់​កែង​ដាក់​សុ​ភី នាំឲ្យ ​សុ​ភី ​ប្រើ​ជង្គង់​វាយបក​វិញ ធ្វើ​ឲ្យ​យ៉​ត ភូ​លួង ត្រូវ​មួយ​ជង្គង់​ដួល​សន្លប់​តែម្ដង។ ពួកគេ​ជួបគ្នា​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម។

ចំពោះ ឆៃ សា​រ៉ា អ្នក​ប្រដាល់​ជើង​ខ្លាំង​សមាគម​កីឡា​ក្រសួងការពារជាតិ គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី សាវ៉ាត ភេត​(Savart Phat) ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​៦៥​គីឡូ​ក្រាម។ ប៉ុន្តែ​លទ្ធផល​នេះ មិន​ត្រូវបាន​គណៈកម្មការ​បច្ចេកទេស​ប្រកាស​លទ្ធផល​នោះ​ទេ ដោយ​ចោទ​ប្រកាន់​ថា អ្នក​ប្រដាល់​ថៃ​សាវ៉ាត ភេត ប្រកួត​មិនមាន​ភាពប្រក្រតី ពោល​គឺ​អត់​វាយ និង ធ្វើ​ពុត​សន្លប់ ។​

គួរ​បញ្ជាក់ថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​លើក ដោយ​វាយ​ឈ្នះ​៦៤​លើក ចាញ់​១១​លើក មិនដែល​ស្មើ។

ចំពោះ រឿ​ម វ​ណ្ណះ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា នៃ​ក្លិប​រាជ​សីហ៍​ខេត្ត​បន្ទាយមានជ័យ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​បារាំង​មួ​រី​ន ឆា​លី (Maurin Charlie) ក្នុង​ទឹក​ទី​៤។

រឿ​ម វ​ណ្ណះ ដោយសារតែ​ពុំមាន​សំណាង​ឈ្នះ​នោះ ក្នុងការ​ប្រកួត​ទឹក​ទី​៣ គេ​បាន​ទាត់​ជើង​ក្រោម​របស់​អ្នក​ប្រដាល់​បារាំង ​មួ​រី​ន ឆា​លី ឈឺ និង​ដួល ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ ដល់​ទៅ​២​ដង​ទៅ​ហើយ​ក្នុង​មួយ​ទឹក តែ​អ្នក​ប្រដាល់​បារាំង​មួ​រី​ន ឆា​លី គេ​មិន​បោះបង់​ការប្រកួត​ឡើយ ដោយ​តស៊ូ​ប្រកួត​ជាមួយ ​វ​ណ្ណះ និង​ វាយ ​វ​ណ្ណះ​ បែក​ឈាម​រហូតដល់​៨​ថ្នេរ ហើយ​គ្រូពេទ្យ​បញ្ឈប់ ​វ​ណ្ណះ លែង​ឲ្យ​ប្រកួត​ក្នុង​ទឹក​ទី​៤នោះ។​

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សឺ​ន ថៃ​សាន់ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ បាន​វាយ​ឈ្នះ​ឫទ្ធិ សាស្ត្រា​វុ​ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​ប្រយុទ្ធ​គុន​ខ្មែរ​ដោយ​ពិន្ទុ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ទម្ងន់​៥៤ គ​.​ក្រ។

•​វេ​ង សុ​ភ័​ក្រ ផ្តួល ឆៃ យ៉ូ ទឹក​៥ ខ​ណះ លាភ រដ្ឋា ផ្ដួល កង សា​ណាន ទឹក​២
​អ្នក​ប្រដាល់​កម្ពុជា​វេ​ង សុ​ភ័​ក្រ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ផ្ដួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ ឆៃ យ៉ូ (Chhai Yo) ក្នុង​ទឹក​ទី​៥ ហើយ​លាភ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយមានជ័យ គេ​បាន​ផ្ដួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ យ៉​ត សា​ណាន​(Yorth Sanan) ក្នុង​ទឹក​ទី​២ កាលពី​រសៀល​ថ្ងៃទី​២៨​ ខែ​មេសា ឆ្នាំ​​២០១៩ នៅលើ​សង្វៀន Wurkz របស់​SEATV។​

អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​វេ​ង សុ​ភ័​ក្រ បាន​ប្រើ​កែង​វាយ​ចំ​ថ្គាម​របស់ ឆៃ យ៉ូ មួយ​កែង​យ៉ាង​ដំណំ ដែល​ធ្វើ​ឲ្យ​ ឆៃ យ៉ូ ដួលសន្លប់​លែង​ក្រោក។ ក្នុងការ​ប្រកួត​៤​ទឹក​កន្លងមក​នោះ វេ​ង សុ​ភ័​ក្រ មិន​អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​បានឡើយ ដោយសារ​ថៃ​រូបនេះ​រឹងមាំ និង​មាន​ក្បាច់គុន​ល្អ​ដែរ។ ទើបតែ​ដល់​ទឹក​ទី​៥ ដែលជា​ទឹក​ចុងក្រោយ សុ​ភ័​ក្រ​ រក​ជ័យជម្នះ​ឃើញ តាមរយៈ​ស្នៀត​កែង​របស់​គេ​នោះ។

ចំណែក លាភ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ ខេត្ត​បន្ទាយមានជ័យ គេ​ប្រើ​ពេល​មិន​ដល់​ពីរ​ទឹក​ទេ ផ្ដួល​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ យ៉​ត សា​ណាន ​(Yorth Sanan) បានសម្រេច។​ ពីរ​នាក់​នេះ ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។

យ៉​ត សា​ណាន ត្រូវ​លាភ រដ្ឋា ទាត់​ឲ្យ​ខូច​ជើង​ខាងឆ្វេង ក្នុង​ទឹក​ទី​២ ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដល់​១០ ប៉ុន្តែ​គេ​មិន​អាច​ក្រោក​បន្ត​ការប្រកួត​ទៀត​បាន ដែល​ធ្វើ​ឲ្យ​ លាភ រដ្ឋា ទទួល​បាន​ជ័យជម្នះ​តែម្ដង ។ យ៉​ត សា​ណាន គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែរ​ នៅ​ស្រុក​ថៃ តែ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក។​

​ចំពោះ​ការប្រកួត​រវាង​ខ្មែរ​ និង​ខ្មែរ​វិញ សៀវ ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​ផ្ដួល ​ខាំ សូរិយា អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ក្នុង​ទឹក​ទី​៣ បន្ទាប់ពី​ទាត់​ជើង​ក្រោយ​របស់​សូរិយា ​ឲ្យ​ឈឺ​ដួល​ក្រោក​លែងរួច​នោះ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu