Ad Code

ស្ត្រី​ម្នាក់​ តេ​ជេរ​ពួកម៉ាក​របស់​ប្ដី​ខ្លួន​ថា​ហៅ​ប្ដី​នាង​ផឹក ធ្វើ​ឲ្យ​បុរស​នោះ​ភ័យ​ឡើង​ជ្រុះ​សក់​អស់ពី​ក្បាល​



កណ្ដាល ៖ បើ​ស្ដាប់ទៅ ​ពិតជា​ហួសហេតុ​បន្តិច​មែន មិនមាន​ចេតនា​លំអៀង​ទៅ​ខាង​ភាគី​ណា​ទេ តែ​រឿង​វា​មិនត្រូវ​និយាយ​បែបនេះ​ឡើយ ដែល​ប្ដី​របស់ខ្លួន​ដើរ​ផឹកស៊ី​ជាមួយ​គេ មិន​ខឹង​ស្ដីជេរ​ឲ្យ​ប្ដី​ខ្លួន​ឯង ​​បែរជា​មក​ខឹង​ស្ដីថា​ឲ្យ​មិត្តភ័ក្ដិ​ប្ដី​ខ្លួន​ទៅវិញ ដោយ​តេ​ទៅ​ស្ដី​ឲ្យ​បុរស​ ឈ្មោះ រង រស្មី ហៅ ម៉ុ​យ អាយុ​ជាង​៣០​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​មនោរ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល បណ្ដាល​ឲ្យ​លោក​ឈឺចិត្ត​ មិន​ហ៊ាន​ស្រក់​ទឹកភ្នែក តែ​សុខចិត្ត​កោរ​សក់​ចេញពី​ក្បាល ​និង​បាន​អុជ​ធូប​ស្មា​លា ឈប់​ផឹក​ជា​មួយ​មិត្តភ័ក្ដិ​ម្នាក់​នោះ​ទៀត​ផង មិនតែប៉ុណ្ណោះ​បានធ្វើ​ឲ្យ​ទំនាក់ទំនង​ការងារ​រកស៊ី​ជាមួយគ្នា​មាន​ភាព​ល្អក់​កករ​ផង​ដែរ។

សកម្មភាព ​និង​កាយវិការ ​រួមទាំង​សារ​ជា​អក្សរ​ផង​នោះ ត្រូវ​បាន​ លោក​ រង រស្មី ហៅ ម៉ុ​យ ស្ដែង​ចេញ​ឲ្យ​មហាជន​បានឃើញ​ និង​យល់​តាមរយៈ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​លោក ក្នុង​ន័យ​បញ្ជូន​សារ​នេះ​ទៅដល់​ប្រពន្ធ​របស់ លោក សុង ង៉ូ​វ ដែល​គេ​ស្គាល់​ថា​ជា​អ្នក​រកស៊ី ទិញ លក់​ឡាន ដោយ​បាន​យក​ចិញ្ចើមផ្លូវ​សាធារណៈ​ដាក់​លក់​យ៉ាង​រំភើយ​ មិន​ខ្វល់​ពី​ការ​កកស្ទះ​ចរាចរណ៍​រៀងរាល់​ព្រឹក​នោះ។​

ទោះបី​គេ​មើលទៅ​ កាយវិការ​ និង​សារ​ប៉ុន្មាន​ម៉ាត់​នេះ​ វា​ហាក់ដូចជា​សាមញ្ញៗ​ធម្មតា ប៉ុន្តែ​បើ​ធ្វើការ​ពិចារណា​បន្តិច ទើប​ដឹងថា​វា​មានន័យ​ចាក់​ដោត​ខ្លាំង​មែនទែន​ដល់​ប្រពន្ធ​ លោក ​សុង ង៉ូ​វ ដែល​បាន​ទូរស័ព្ទ​ទៅ​ជេរ​ស្ដី​ដល់​មិត្តភ័ក្ដិ​របស់​ប្ដី​ខ្លួន​ទាំង​កំរោល​បែបនេះ ព្រោះថា មនុស្ស​សុទ្ធតែ​អស់​ធំ​ទៅ​ហើយ ​ធ្វើ​ប្ដី ប្រពន្ធ​គេ និង​ជា​ឪពុក ម្ដាយ​គេ​ផង​នោះ ការដើរ​ហើរ​ ផឹកស៊ី ស្រី​ញី​អូន​បង ល្បែង​ស៊ីសង​ជាដើម មិនចាំបាច់​មាន​គេ​ដឹកនាំ​បបួល​នោះ​ទេ ដូច្នេះ​យើង​មិន​អាច​ស្ដីបន្ទោស​ ឬ​ជេរ​ឲ្យ​អ្នក​ដទៃ​នោះ​ឡើយ គឺ​ត្រូវ​និយាយ​ជាមួយ​ប្ដី ឬ ប្រពន្ធ​ខ្លួនឯង ទើប​ជា​ការ​ត្រឹមត្រូវ។​

ប្រភពពី​មិត្តភ័ក្ដិ​របស់ លោក រង រស្មី​ ហៅ ម៉ុ​យ​ នេះ បាន​បង្ហើប​ថា គាត់​ជា​មនុស្ស​ចិត្ត​ស្លុយ​គ្រាន់បើ មិន​ចំពោះតែ​រឿង​កោរសក់​ក្បាល​ប៉ុណ្ណឹង​ទេ បើ​កាលពី​លោក​នៅ​ជា​យុវវ័យ​នៅឡើយ កាលនោះ​គាត់​ស្រឡាញ់​ប្រពន្ធ​របស់គាត់​សព្វថ្ងៃនេះ ​តែ​នាង​ធ្វើ​ចរិត (​មេមាន់​)​ដែរ ហាក់​មិន​ចង់​ទទួល​យក​លោក ម៉ុ​យ​ ធ្វើជា​គូ​អនាគត ព្រោះ​កាលនោះ​ លោក ​ម៉ុ​យ មើល​ទៅជា​ក្មេង​អ្នកភូមិ មិនបាន​រៀន​សូត្រ​ឲ្យ​បាន វែង​ឆ្ងាយ​នឹង​គេ ហាក់​មិនសូវ​មានតម្លៃ​ចំពោះ​នាង​ ទើប​ឪពុកម្ដាយ​បងប្អូន​នាង​មិន​ចង់​ឲ្យ​។

កាលនោះ ធ្វើ​ឲ្យ​ លោក​ ម៉ុ​យ ខឹង​ចិត្ត​ស្ទើរ​ឆ្កួត​ហើយ ក៏បាន​ទៅ​រត់​ដេក​ឲ្យ​ឡាន​កិន​សម្លាប់​ខ្លួន ​តែ ឡាន​មិន​ហ៊ាន​កិន ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ទាន់ពេល​វេលា។ នេះ​ ស.បញ្ជាក់​ឲ្យ​ឃើញ​ថា ​លោក ​ម៉ុ​យ នេះ ខឹង​គេ​មិន​ទៅ​រក​រឿង​គេ​ទេ តែ​បែរជា​មក​ធ្វើបាប​ខ្លួនឯង​ទៅវិញ ដូច​ករណី​ប្រពន្ធ​មិត្តភ័ក្ដិ​ស្ដី​ឲ្យ​ពេលនេះ​អីចឹង លោក​មិន​ទៅ​ស្ដី​តប ត ជាមួយ​គេ​វិញ​ទេ តែ​លោក​បានមក​ធ្វើ​សកម្មភាព​បំផ្លាញ​សក់​ក្បាល​ខ្លួនឯង​ ទុកជា​ការព្រមាន​ដល់​ខ្លួនឯង លើក​ក្រោយ​កុំ​ឲ្យ​មានរឿង​បែបនេះ​តទៅទៀត។​ គេ​មិន​ដឹង​ថា ​ប្រពន្ធ​ លោក ​សុង ង៉ូ​យ​ នោះ ​ជេរ​ស្ដី​ឲ្យ​ លោក ​ម៉ុ​យ ដល់ ​កម្រិត​ណា​ទេ ទើប​ធ្វើ​ឲ្យ លោក​ ម៉ុ​យ សម្រេចចិត្ត​ទៅ​កោរសក់ និង​ដុត​ធូប ថត​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក កាល​នៅ​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៩ នេះ ហើយ​បានសរសេរថា ( ចុ​ម​សំដី​តែមួយ​ម៉ាត់ ​ធ្វើ​ឲ្យ​ខ្ញុំ​អស់​សក់​ក្បាល​រលីង។ ខ្ញុំ​សូម​អរគុណ បង ដែលជា​ប្រពន្ធ​បង​ សុង ង៉ូ​វ​ ដែល​តេ មក​ស្តី​ឲ្យ​ខ្ញុំ​ជា​កាដូ​ឆ្នាំ​ថ្មី ជូន​ចំពោះ​លោក រ​ស្មី​ សំបូរ​ស្នេហ៍​ខ្ញុំ សុំ​លា​ហើយ គ្រប់​កីឡា​ដើម្បី​សុខភាពៗ។ អ្វីដែល​ខ្ញុំ​អន់ចិត្ត​បំផុត​ គឺ​រឿង​ប្រពន្ធ បង ​សុង ង៉ូ​វ ដែល​តេ​មក​ស្ដី ឲ្យ​ខ្ញុំ​ពី​រឿង​ហៅ​ប្ដី​គាត់​ផឹក)​។​

តាម​ប្រភព​ព័ត៌មាន ពី​អ្នក​ធ្លាប់​ដើរ​ជាមួយ និង ផឹក​ជាមួយ​ លោក​ សុង ង៉ូ​វ បាន​លួច​ខ្សឹបខ្សៀវ​ប្រាប់​ឲ្យ​ដឹង​ថា សម័យនេះ​ទៅហើយ​ គ្មាន​អ្នកណា​នាំ​ប្តី​អ្នកណា​ផឹក​ទេ​ មកពី​ប្តី​ខ្លួនឯង​ដែរ​នឹង មិន​ទៅ​ស្ដី​ឲ្យ​ប្ដី​ខ្លួនឯង​ទៅ ​បែរ​ជាម​កថា​គេ​នាំ​ទៅវិញ។ គេ​នៅ​ចាំបាន​ថា ករណី​ដូចគ្នានេះ​ កាលពី​ប៉ុន្មាន​ឆ្នាំមុន ​ក៏ មាន​នារី​រូប​ស្រស់​ម្នាក់ ដែលមាន​ប្ដី​ជា​ថៅកែ​ស្រា​បៀរ​នៅ​ខេត្តបន្ទាយមានជ័យ កាលនោះ​នាង​បាន​ឡាយ​វីដេអូ​ជេរ​ស្ដី ឲ្យ​មិត្តភ័ក្ដិ​ប្ដី​ខ្លួន​នូវ​ពាក្យពេចន៍​អសុរោះ​ជាច្រើន​ ដែល​គេ​មិន​អាច​ទទួល​យក​បាន​ពាក់ព័ន្ធ​ទៅនឹង​ការ​ចោទ​គេ​ថា​ ហៅ​ប្ដី​ខ្លួន​ផឹក​អីចឹង​ដែរ បន្ទាប់ពី​ឡាយ​ចប់ នាង​បាន​បង្ហោះ​សារ​មួយ​ទៀត​ឃើញ​នាង​ត្រូវ​ប្ដី​វាយ​ជាំ​មុខមាត់ ប៉ុណ្ណឹង​ហើយ​គាត់​នៅ​សរសេរ​សារ​ឌឺដង​ឲ្យ​មិត្តភ័ក្ដិ ប្ដី​នាង​ទៀត ថា​មកពី​ពួក​ឯង​រាល់គ្នា​នឹង​ ទើប​ប្ដី​វាយ​អញ​ចឹង ក្រោយមក​ គ្រួសារ​នោះ ​មាន​ភាព​រកាំរកូស​នឹង​គ្នា​យ៉ាង​ខ្លាំង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu