ភ្នំពេញ ៖ នៅក្នុងជំនួបសវនាការរវាងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសភាសហព័ន្ធវ៉ាល់ឡូនី-ប្រ៊ុចសែល កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច ជាផ្លូវការនៅកម្ពុជា ភាគីប្រទេសទាំងពីរឯកភាពគ្នាថាបន្តពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែរឹងមាំថែមទៀត។
លោក ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្ដៅបំផុតចំពោះ លោក ហ្វីលីព កួរ៉ាដ ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ប្រ៊ុចសែល និងគណៈប្រតិ ភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ នេះគឺជាលើកទី២ហើយ ដែល លោក ហ្វីលីព កួរ៉ាដ ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅសភាកម្ពុជា ហើយ តាមរយៈដំណើរទស្សនកិច្ចនេះ ពិតជាបាននាំមកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា និងប្រជាជន នៃប្រទេសទាំងពីរ ដែលត្រូវបានចារឹកទុកប្រកបដោយស្វាហាប់ និងទៀងទាត់ បន្ទាប់ពីអនុស្សរណៈយោគយល់គ្នារវាងសភា នៃប្រទេសទាំងពីរ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
លោក ស៊ឹម កា បានកោតសរសើរចំពោះលោកប្រធាន និងគណៈប្រតិភូដែលបានចូលរួមពិភាក្សាយ៉ាងសកម្មក្នុងសិក្ខាសាលាស្ដីពីចក្ខុវិស័យភាសាបារាំងនៅកម្ពុជាទៅជាយ៉ាងណា? ក្នុងឱកាសបុណ្យទិវាភាសាបារាំង ដែលព្រឹទ្ធសភាកម្ពុជា តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ។
លោក អនុប្រធានអនុប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា នេះគឺជាអនុស្សរណៈយោគយល់ជាប្រវត្តិសាស្ត្រលើកដំបូងរវាងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសភាសហព័ន្ធវ៉ាឡូនី -ប្រ៊ុច សែល ក្នុងចំណោមបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។ ក្នុងស្មារតីនេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងសភា នៃប្រទេសទាំងពីរនឹងកាន់តែពង្រឹងថែមទៀត តាមរយៈផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ឆ្លៀតក្នុងឱកាសនោះលោក ស៊ឹម កា បានថ្លែងអំណរគុណចំពោះលោកប្រធានគណៈប្រតិភូ និងសហសេវិកដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ក្នុងអំឡុងពេលស្នាក់នៅរបស់គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅលើទឹកដី នៃព្រះរាជាណាចក្រប៊ែលហ្ស៊ីក ដែលបានផ្តល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភានៃប្រទេសទាំងពីរ។ ក្រៅពីនេះតាមរយៈអនុស្សរណៈយោគយល់គ្នា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលបានូវសមិទ្ធផលជាបន្តបន្ទាប់។
លោក ហ្វីលីព កួរ៉ាដ ប្រធានសភាសហព័ន្ធវ៉ាឡូនី-ប្រ៊ុចសែល បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ លោក ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា ដែលបានចំណាយ ពេលដ៏មានតម្លៃទទួលជួបសវនាការនាឱកាសនេះ។ លោក ហ្វីលីព កួរ៉ាដ បានសម្តែងនូវសេចក្តីរីករាយ និងឯកភាពចំពោះប្រសាសន៍របស់លោក អនុប្រធានទី១ព្រឹទ្ធសភា បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភា នៃប្រទេសទាំងពីរ ក្នុងនោះដូចជាការបណ្ដុះបណ្ដាល ការរៀបចំសភាយុវជន នេះគឺបង្ហាញឲ្យដឹងកាន់តែច្បាស់ថែមទៀតនូវឆន្ទៈរបស់សភាវ៉ាឡូនី ប្រ៊ុចសែល ក្នុងការរឹតចំណងមិត្តភាព ដែលមានគោលបំណងក្នុងការពង្រឹងកិច្ចការសភាឲ្យកាន់តែរឹងមាំថែមទៀត។
លោក ហ្វីលីព កួរ៉ាដ បានបញ្ជាក់ថា ការងារអប់រំ និងការបង្រៀនវប្បធម៌ដែលជាកិច្ចការដ៏សំខាន់មួយ ដែលសភាវ៉ាលឡូនី ប្រ៊ុចសែលកំពុងតែជជែងពិភាក្សាគ្នា ហើយការផ្លាស់ប្ដូរបទពិសោធន៍អំពីបញ្ហានេះ មានសារសំខាន់ណាស់ដើម្បីឲ្យសភាទាំងពីរមានចំណេះដឹងកាន់តែទូលំទូលាយថែមទៀតដើម្បីពង្រឹងកិច្ចការនេះ ពីព្រោះការអប់រំ និងវប្បធម៌គឺជាការងារដែលត្រូវធ្វើជារៀងរហូត។
ជាមួយគ្នានេះ លោកប្រធានគណៈប្រតិភូ ក៏បានថ្លៃអំណរគុណចំពោះលោកអនុប្រធានទី១ព្រឹទ្ធសភា ជាពិសេសថ្លែងអំណរគុណចំពោះប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) ដែលភាសានេះមានវត្តមានក្នុងចំណោមតំណាងរាស្ត្រ សមាជិកសភា វត្តមាននៅក្នុងសិក្ខាសាលា ជាពិសេសសម្រាប់យុវជន៕
Source: Kampuchea Thmey Daily
0 Comments