ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូទៅចតទុកក្បែររោងចិញ្ចឹមមាន់ រួចចូលទៅចាប់មាន់ធ្វើម្ហូប ដោយមិនបានដកសោចេញពីម៉ូតូ នៅពេលចាប់មាន់បានហើយ ដើរចេញមកវិញ ស្រាប់តែចោរលួចម៉ូតូបាត់ មិនដឹងចោរជិះទៅណា។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ នៅក្រោយសាលាជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ឈ្មោះ ហ៊ាន់ ហេង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្រោយវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិកំពង់ប្រាសាទ ឃុំកំពង់ប្រាសាទ ស្រុកពាមជ័រ ខេត្តព្រៃវែង។ ម៉ូតូដែលបាត់ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FS 4175។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ បានជិះម៉ូតូទៅកន្លែងរោងចិញ្ចឹមមាត់ក្បែរផ្ទះជួលដែរ បំណងយកទៅធ្វើម្ហូបនៅស្រុកកំណើត ហើយបានចតម៉ូតូចម្ងាយប្រហែល៥០ម៉ែត្រ ដោយគិតថាទៅមួយភ្លែត ក៏ខ្ជិលដកសោចេញ លុះពេលចាប់មាន់រួចមករកម៉ូតូវិញ ស្រាប់តែបាត់មិនដឹងទៅណា ទើបរត់មកប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ តែហាក់គ្មានតម្រុយទេ ថាចោរជិះទៅទិសខាងណាទេ៕
Source: Kampuchea Thmey Daily
0 Comments