ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា អគ្គិភ័យដ៏ធំសម្បើមមួយ បានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ក្នុងក្រុង Goseong នៅព្រំដែនកូរ៉េខាងត្បូង ដោយបណ្តាលឲ្យមនុស្សយ៉ាងតិចម្នាក់ស្លាប់និងបំផ្លាញផ្ទះរាប់សិបខ្នងហើយបង្ខំឲ្យមនុស្សជាង៣,០០០នាក់ជម្លៀស។
សេចក្តីរាយការណ៍នេះបាននិយាយដោយលើកឡើងប្រភពពីក្រុមមន្ត្រីអគ្គិភ័យថា ខ្យល់បក់ខ្លាំងបានធ្វើឲ្យអគ្គិភ័យនេះរាលដាលយ៉ាងឆាប់រហ័សក្នុងក្រុងនេះដែលមានទីតាំងនៅតំបន់ជួរភ្នំនៃខេត្ត Gangwon ភាគឦសានក្បែរព្រំដែនជាប់ប្រទេសកូរ៉េខាងជើង។
Yonhap បានរាយការណ៍ថា ទីភ្នាក់ងារអគ្គិភ័យជាតិបានដាក់ពង្រាយបុគ្គលិកសង្គ្រោះបន្ទាន់ប្រហែល២,៧០០នាក់ខណៈអ្នកពន្លត់អគ្គិភ័យបានមកពីគ្រប់ទិសទីនៅទូទាំងប្រទេសប៉ុន្តែខ្យល់បក់បានបង្កភាពស្មុគស្មាញដល់ការគ្រប់គ្រងអគ្គិភ័យ។
អាជ្ញាធរបានចេញភាពអាសន្នកម្រិតខ្ពស់បំផុត (លំដាប់ទី៣) ហើយលោកប្រធានាធិបតី Moon Jae-in បានប្រាប់ក្រុមមន្ត្រីឲ្យចាត់វិធានការចាំបាច់ទាំងអស់ដើម្បីប្រយុទ្ធនឹងអគ្គិភ័យ។
Yonhap បានរាយការណ៍ទៀតថា ប៉ូលិសបានរកឃើញសាកសពបុរសម្នាក់នៅលើផ្លូវដែលទំនងជាស្លាប់ដោយសារអគ្គិភ័យ។ ក្រុមមន្ត្រីបានកែតម្រូវរបាយការណ៍មួយដែលថាស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់នៅក្នុងអគ្គិភ័យនេះ។
មនុស្ស១១នាក់ផ្សេងទៀតបានរងរបួសប៉ុន្តែចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងនៅថ្ងៃសុក្រ។ របាយការណ៍បានឲ្យដឹងថា ផ្ទះប្រហែល១២០ខ្នងត្រូវបានបំផ្លាញ។
មន្ត្រីពន្លត់អគ្គិភ័យម្នាក់បានប្រាប់ Yonhap ថា រថយន្តពន្លត់អគ្គិភ័យប្រហែល១០០គ្រឿងបានស្ថិតនៅកន្លែងកើតហេតុនៅពេលមួយយប់ហើយ១០០គ្រឿងទៀតនឹងមកដល់។
ឧទ្ធម្ភាគចក្រប្រហែល៣០គ្រឿងត្រូវបានបញ្ជូនទៅនៅពេលថ្ងៃសម្រាប់បេសកកម្មជួយសង្គ្រោះនិងពន្លត់អគ្គិភ័យ៕ AFP
Source: Kampuchea Thmey Daily
0 Comments