ភ្នំពេញ ៖ បន្ទាប់ពីមានការរិះគន់រហូតមានការអំពាវនាវស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានវិធានការចេញលិខិតកោះហៅតារាសម្តែង និងម៉ូឌែលស្រីសិចស៊ី កញ្ញា ចាន់ គង្កា ទៅព្រមាន ឬ អប់រំណែនាំលើករណីស្លៀកពាក់សិចស៊ីក្នុងឈុតប៊ីគីនីបញ្ចេញសាច់ខ្ចីស្រើបស្រាលនោះ ពេលនេះសាមីខ្លួនបានចេញមុខបកស្រាយថា នាងគិតថាគ្មានអ្វីត្រូវខុសទេ គ្រាន់តែសិចស៊ីស្លៀកពាក់ឈុតប៊ីគីនីទៅហែលទឹកនោះ។
ផ្តល់សម្ភាសន៍ជាមួយកម្ពុជាថ្មី នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ តារាស្រីវ័យក្មេងសាច់សម៉ត់រលោង កញ្ញា ចាន់ គង្កា បានប្រាប់ឲ្យដឹងថា ត្រឹមការស្លៀកពាក់ឈុតប៊ីគីនីនៅកន្លែងហែលទឹកហើយថតរូបបង្ហោះនៅលើហ្វេសប៊ុក ខ្ញុំគិតថាគ្មានហេតុផលណាត្រូវក្រសួងចេញលិខិតកោះហៅ ឬព្រមាននោះទេ។ ខ្ញុំគិតថា ក្រសួងគាត់ច្បាស់ជាដឹងហើយនូវអ្វីដែលគួរធ្វើ និងមិនគួរធ្វើ ចំណែកឯការរិះគន់ពីមហាជន គឺខ្ញុំទទួលយកមតិរបស់ពួកគាត់មកស្ថាបនា ព្រោះមនុស្សយើងមានទស្សនៈយល់ឃើញខុសគ្នា។
តារាស្រី កញ្ញា ចាន់ គង្កា បានបន្តទៀតថា ចំពោះរឿងដែលនាងចង់បាន និងស្នើសុំដល់ពួកគាត់(អ្នករិះគន់)វិញ សូមត្រឹមតែធ្វើការរិះគន់ក្នុងន័យស្ថាបនាដោយមិនមែនជាការបញ្ចេញទស្សនៈជេរបញ្ចោរ ឬប្រមាថកិត្តិយសបានហើយ។ នាងថា អ្នកសិល្បៈ គឺជាបុគ្គលសាធារណៈរបស់មហាជនហេតុនេះហើយ ពិតជាមិនអាចជៀសផុតពីការរិះគន់ ឬរឿងអាស្រូវផ្សេងៗនោះឡើយ។
កញ្ញា ចាន់ គង្កា បានបញ្ជាក់ថា បច្ចុប្បន្នស្រុកខ្មែរមានមនុស្សច្រើនណាស់ដែលពួកគាត់មានចំណេះដឹង ហើយប្រើពេលវេលានោះ ធ្វើរឿងដែលមានប្រយោជន៍ដូច្នេះហើយខ្ញុំគិតថា មានតែមនុស្សមួយចំនួនតូចតែប៉ុណ្ណោះ ដែលយកពេលវេលានេះគិតរឿងអត់ប្រយោជន៍មករិះគន់លើខ្ញុំ។ ម្យ៉ាងទៀតការស្លៀកពាក់ឈុតប៊ីគីនីទៅហែលទឹកជារឿងសាមញ្ញរបស់មនុស្សទូទៅហើយព្រោះនៅកន្លែងអាងហែលទឹកគេមានច្បាប់ទម្លាប់ដែលត្រូវចុះងូតទឹក ហើយបើសិនជាយើងមិនស្លៀកពាក់ឈុត ហែលទឹក(ប៊ីគីនី)នោះទេ គេក៏មិនឲ្យយើងចុះហែលដែរ។
ខ្ញុំគិតថា ក្រសួងមុននឹងចេញលិខិតព្រមាន ឬកោះហៅទៅណែនាំនោះ គឺប្រហែលគាត់អាចនឹងពិចារណាមើលដែរ ហើយម្យ៉ាងទៀតករណីនេះ ស្ថិតនៅលើការសម្រេចចិត្តរបស់ក្រសួងមកលើខ្ញុំ។ ប៉ុន្តែចំពោះខ្ញុំផ្ទាល់គិតថា សម្រាប់ការសង្កេតឃើញពីទិដ្ឋភាពរស់នៅជាក់ស្តែង គឺធម្មតាទេ ទៅកន្លែងហែលទឹកមិនអាចស្លៀក ឬពាក់អាវកក្អមចុះហែលទឹកនោះទេ គឺច្បាស់ជាគេស្លៀកពាក់ឈុតប៊ីគីនីបែបនេះហើយ។ នេះជាសម្តីរបស់កញ្ញា ចាន់ គង្កា ៕
Source: Kampuchea Thmey Daily
0 Comments