ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានព្រមានឲ្យទីក្រុងប៉េកាំងដកខ្លួនចេញពីកោះដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដោយលោកបានព្រមានថានឹងមានសកម្មភាពយោធាប្រសិនបើប្រទេសចិន “ប៉ះពាល់” ខ្លួនចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើផ្លូវទឹកដ៏សំខាន់នេះ។
ដោយមានបំណងទាក់ទាញការធ្វើពាណិជ្ជកម្មនិងការវិនិយោគពីមហាអំណាចអាស៊ីមួយនេះ លោក Duterte បានដកការរិះគន់ពីដំបូងអំពីការទាមទាររបស់ក្រុងប៉េកាំងចំពោះសមុទ្រនេះដែលជាចំណុចមួយនៃជម្លោះក្នុងតំបន់ដោយសារតែទំនិញរាប់ពាន់លានដុល្លារបានឆ្លងកាត់វា។
ប៉ុន្តែនៅពេលយោធាហ្វីលីពីនបានព្រមាននៅសប្តាហ៍នេះថា ឆ្មាំឆ្នេរសមុទ្រចិនរាប់រយនាក់និងនាវានេសាទចិនបានចូលទៅកោះ Pag-asa ឬត្រូវបានគេស្គាល់ថា Thitu ដែលគ្រប់គ្រងដោយរដ្ឋធានីម៉ានីលនោះ លោកប្រធានាធិបតីហ្វីលីពីនបាននិយាយបែបនេះកាលពីថ្ងៃព្រហស្បតិ៍។
លោក Duterte បាននិយាយនៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមរដ្ឋអាជ្ញាថា “ខ្ញុំនឹងមិនអង្វរទេប៉ុន្តែខ្ញុំគ្រាន់តែប្រាប់អ្នកថា ត្រូវតែដកចេញពីកោះ Pag-asa ពីព្រោះខ្ញុំមានទាហាននៅទីនោះ”។ លោកបានបន្ថែមថា “ប្រសិនបើអ្នកប៉ះវា នោះជារឿងមួយទៀត។ បន្ទាប់មកខ្ញុំនឹងប្រាប់ទាហានរបស់ខ្ញុំឲ្យត្រៀមខ្លួនសម្រាប់បេសកកម្មធ្វើអត្តឃាត”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Duterte បាននិយាយម្តងហើយម្តងទៀតថា សង្គ្រាមជាមួយចិននឹងគ្មានប្រយោជន៍ទេហើយថា ហ្វីលីពីននឹងចាញ់និងរងផលលំបាកយ៉ាងខ្លាំង។
ពាក្យសម្ដីរបស់លោកបានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសរបស់លោកចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា វត្តមានរបស់នាវាចិនគឺជាការរំលោភខុសច្បាប់លើអធិបតេយ្យភាពហ្វីលីពីន។
គួរបញ្ជាក់ថា ប្រទេសចិន ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី តៃវ៉ាន់និងវៀតណាមបានទាមទារកោះនិងថ្មប៉ប្រះទឹកផ្សេងៗគ្នាព្រមទាំងផ្លូវទឹកនៅក្នុងសមុទ្រដែលសម្បូរធនធាននេះផងដែរ។
នៅក្នុងជ័យជម្នះដ៏ធំមួយសម្រាប់ទីក្រុងម៉ានីល តុលាការសមុទ្រអន្តរជាតិបានសម្រេចក្នុងឆ្នាំ ២០១៦ថា ការអះអាងរបស់ចិនចំពោះតំបន់នេះគឺគ្មានមូលដ្ឋានច្បាប់ទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments