ភ្នំពេញ ៖ លោកស្រី អេនជេលឡា ខកខឺរ៉េន ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជាបានលើកឡើងឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី មានការប្ដេជ្ញាខ្ពស់ក្នុងការគាំទ្រស្ត្រីទាំងការផ្តល់សិទ្ធិអំណាច ព្រមទាំងជំរុញស្ត្រីឲ្យមានភាពជាអ្នកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងអាជីពការងារ។
លោកស្រីឯកអគ្គរាជទូតបានថ្លែងបែបនេះ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្ដីពីស្ត្រី និងភាពជាអ្នកដឹកនាំនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។
លោកស្រីបានបន្តថា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកយើងនេះ ស្ត្រីកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងជួររដ្ឋាភិបាលវិស័យឯកជន ការអភិវឌ្ឍ និងសង្គមស៊ីវិល។
ទន្ទឹមនឹងនេះ លោកស្រីឯកអគ្គរាជទូតបានបន្តថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយណាស់ដែលបាន ដែលបានឃើញស្ត្រីដែលមានការអប់រំខ្ពស់ និងបទពិសោធន៍ច្រើន ឆ្លៀតពេលវេលាដ៏ញញឹមរបស់ពួកគេ មកចែករំលែកបទពិសោធន៍ និងសិក្សាពីគ្នាទៅវិញទៅមកនៅក្នុងសិក្ខាសាលានេះ»។
យោងតាមស្ថានទូតអូស្ត្រាលីបានបញ្ជាក់ថា សិក្ខាសាលាថ្នាក់តំបន់នេះ គឺជាជំហានដំបូងបង្កើតវេទិកាថ្នាក់តំបន់មួយ ដែលផ្សារភ្ជាប់ស្ត្រីមកពីប្រទេសនានាក្នុងសហគមន៍អាស៊ានតាមរយៈអាហារូបករណ៍អូស្ត្រាលី ហើយសិក្ខាសាលានេះ មានការចូលពីអតីតនិស្សិតស្ត្រីដែលបានទទួលអាហារូបករណ៍អូស្ត្រាលីមកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ភូមា ហ្វីលីពីន និងវៀតណាម ជាង៧០រូបផងដែរ។
លោកស្រី ចាន់ សុភិនស៊ីវណ្ណ មកពីប្រទេសឡាវបានថ្លែងថា សិក្ខាសាលាថ្នាក់តំបន់នេះ មានសារៈសំខាន់ណាស់សម្រាប់អ្នកចូលរួម ព្រោះថាក្នុងចំណោមអ្នកចូលរួមមកពីប្រទេសយ៉ាងតិច៦ នៃសហគមន៍អាស៊ាន ដែលមានបទពិសោធន៍ការងារជាដឹកនាំដែលមានអ្នកខ្លះមានបទពិសោធន៍រយៈពេលខ្លះ២០ឆ្នាំ និងអ្នកខ្លះ ទើបចាប់ផ្ដើមការងារមកពីកន្លែងការងារផ្សេងៗគ្នា និងមានបទពិសោធន៍ខុសៗគ្នា ដែលមានមកពីរដ្ឋាភិបាល, វិស័យឯកជន ធនាគារជាដើមដើម្បីចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា សិក្ខាសាលាថ្នាក់តំបន់ ស្ដីពីស្ត្រី និងភាពជាអ្នកដឹកនាំនេះមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែមេសា ឆ្នាំ២០១៩ ឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលអូស្ត្រាលី៕
Source: Kampuchea Thmey Daily
0 Comments