លោកនាយករដ្ឋមន្ត្រី Scott Morrison បាននិយាយនៅថ្ងៃសុក្រថា លោកបើកចំហដើម្បីអនុញ្ញាតឲ្យមានការវិលត្រលប់នៃកូនកំព្រារបស់ជនជ្រុលនិយមសញ្ជាតិអូស្ត្រាលីម្នាក់នៅក្នុងជំរំជនភៀសខ្លួនស៊ីរីបន្ទាប់ពីការសុំជំនួយរបស់ពួកគេ។
លោក Morrison បាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើការជាមួយកាកបាទក្រហមដូច្នេះកុមារអាចចាកចេញពីជំរំ Al-Hol នៅភាគឦសានប្រទេសស៊ីរីបានហើយមន្ត្រីអូស្ត្រាលីអាចវាយតម្លៃពួកគេបាន។
លោក Morrison បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាថា “កន្លែងដែលពួកគេអាចនឹងវិលត្រលប់មកវិញបានគឺប្រទេសអូស្ត្រាលី។ យើងនឹងសហការជាមួយដំណើរការនោះ”។
លោកបន្តថា “ប្រជាជនអូស្ត្រាលីដែលជាប់ក្នុងស្ថានភាពនេះជាពិសេសកុមារដែលគ្មានកំហុស, យើងនឹងធ្វើអ្វីដែលខ្ញុំគិតថា ជនជាតិអូស្ត្រាលីនឹងរំពឹងលើយើងឲ្យធ្វើអ្វីជំនួសពួកគេ”។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា លោកនឹងមិនដាក់ជីវិតរបស់ជនជាតិអូស្ត្រាលីណាមួយស្ថិតក្នុងគ្រោះថ្នាក់ឡើយដើម្បីដកអ្នកដទៃចេញពីតំបន់ជម្លោះទាំងនេះ។ នេះជាជំហរមួយដែលលោកបានធ្វើក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ការអត្ថាធិប្បាយរបស់លោក Morrison បានកើតឡើងខណៈដែលនាង Hoda Sharrouf ដែលជាកូនស្រីអាយុ១៦ឆ្នាំរបស់អ្នកប្រយុទ្ធក្រុមរដ្ឋឥស្លាមសញ្ជាតិអូស្ត្រាលីឈ្មោះ Khaled Sharrouf បាននិយាយថា នាងមានការព្រួយបារម្ភអំពីសុខភាពរបស់បងប្អូនបង្កើតរបស់នាងរួមទាំងបងស្រីឈ្មោះ Zaynab អាយុ១៧ឆ្នាំផងដែរ ដែលមានផ្ទៃពោះប្រាំពីរខែនិងឈឺធ្ងន់។
ជោគវាសនានៃយុទ្ធជនបរទេសនិងក្រុមគ្រួសាររបស់ពួកគេបានក្លាយជាបញ្ហាដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលនានានៅពេលជម្លោះប្រឆាំងក្រុម IS ត្រូវបានបញ្ចប់។ ជនបរទេសនៅជំរំនេះគឺមានចំនួនពី៣០ទៅ៤០ប្រទេស។
កាកបាទក្រហមបាននិយាយកាលពីថ្ងៃពុធថា ខ្លួនចង់ឲ្យកូនៗរាប់រយនាក់របស់យុទ្ធជនបរទេសដែលកំពុងរស់នៅក្នុងជំរំនេះ ត្រូវបានអនុញ្ញាតឲ្យវិលត្រលប់ទៅផ្ទះវិញ៕ AFP
Source: Kampuchea Thmey Daily
0 Comments