Ad Code

វី​តា​ល់​ ប្រារព្ធ​ពិធី​ស្រង់​ព្រះ និង​សង្ឃ​ហ​ធម៌​ដ៏​ធំ​បំផុត ​ប្រចាំឆ្នាំ​ជូន​ដូន​ចាស់ជរា​ក្រីក្រ​ជាង​៣០០​នាក់​



​ភ្នំពេញ​ ៖ ដូន​ចាស់ជរា​ក្រីក្រ ទាំង​អ្នកខ្លះ​ពិការ​ផង ​ប្រមាណ​ជាង​៣១០​នាក់ ​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១០ ​ខែមេសា ​ឆ្នាំ​២០១៩​ បានទទួល​សង្ឃ​ហ​ធម៌ ប្រាក់ឧបត្ថម្ភ និង​ការ​ស្រង់​ព្រះ (​ងូតទឹក​) យ៉ាង​យកចិត្តទុកដាក់ តាមបែប​ព្រះពុទ្ធសាសនា​ពី​សំណាក់​សមាជិក​-​សមាជិកា​ នៃ​ក្រុម​ហ៊ុន​ទឹក​ពិសា​វី​តា​ល់​។

ការ​ប្រារព្ធ​កម្មវិធី​ស្រង់​ព្រះធំ​បំផុត​ប្រចាំឆ្នាំ​របស់​វី​តា​ល់ គឺ​ចាប់ផ្ដើម​មាន​តាំងតែ​ពី​ឆ្នាំ​២០១៦​មក​ម្ល៉េះ​។ កម្មវិធី​សប្បុរសធម៌​ធំ​នេះ ​បាន​ផ្សារភ្ជាប់​កម្មវិធី​សប្បុរសធម៌​ជាមួយ និង​ព្រះពុទ្ធសាសនា ដើម្បី​អបអរ​សាទរ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​ឈាន​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។

ពិធី​ស្រង់​ព្រះធំ​ប្រចាំឆ្នាំ​លើក​នេះ ប្រារព្ធ​ទៅ​នៅ​វត្ត​ឈូក ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ដែល​ជា​តំបន់​ក្រីក្រ​នៃ​ខេត្ត​ត្បូងឃ្មុំ ដែល​សព្វថ្ងៃ​កំពុង​ទទួល​ភាពរាំងស្ងួត​ខ្លាំង​។ ដូនចាស់​ជរា​ ដែល​បាន​អញ្ជើញ​មក​ទទួល​សង្ឃ​ហ​ធម៌ ​មាន​អាយុ​ចាប់ពី៧៥​ឆ្នាំ​ឡើងទៅ មាន​ជីវភាព​លំបាក ខ្វះមុខខ្វះក្រោយ ចំណែក​ឯ​ដូនចាស់​មួយចំនួនទៀត​ កំពុង​រស់នៅក្នុង​សភាព​ពិការ និង​ធ្លាក់ខ្លួន​ឈឺ​ដែល​កំពុងតែ​ត្រូវការ​ជំនួយ​មនុស្សធម៌​។ ដោយហេតុ​បែបនេះហើយ​ ទើប​ក្រុមហ៊ុន​ដែល​ល្បី​ខាង​សកម្មភាព សប្បុរសធម៌​វី​តា​ល់ ប្រារព្ធ​ពិធី​សង្ឃ​ហ​ធម៌ និង​ស្រង់​ព្រះ​ជូន​សិរី​សួស្ដី​ឆ្នាំ​ថ្មី​ជូន​លោកតា លោកយាយ​។​

លោកស្រី ជឹ​ង សុគន្ធា​វី នាយិកា​ប្រតិបត្តិ​ នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ និង​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ក្នុង​ការ​ប្រារព្ធ​កម្មវិធី​ស្រង់​ព្រះ​នេះ​បាន​មានប្រសាសន៍ថា ក្នុងនាម​លោកជំទាវ​ជា​ប្រជាជន​ខ្មែរ កាន់​ព្រះពុទ្ធ​សាសនា​មួយ​រូប លោកជំទាវ​យល់​ច្បាស់ ពី​សារៈសំខាន់ ​នៃ​កម្មវិធី​ស្រង់​ព្រះ ដែល​លោក​ជំទាវ និង​ក្រុម​គ្រួសារ ​តែងតែ​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់​ឆ្នាំ ដើម្បី​សន្សំ​កុសលផល​បុណ្យ និង​ចម្រើន​ព្រះជន្ម និង​ផ្តល់​សិរី​សួស្ដី​ដល់​ចាស់ជរា​គ្មាន​ទីពឹង ក្នុង​ឱកាស​ចូលឆ្នាំថ្មីរ​បស់​ខ្មែរ​ខិតចូល​មកដល់​ឆាប់ៗ​នេះ​។

ចំណែក​លោកស្រី អ៊ឹម បូ​លីកា សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន វី​តា​ល់​ក៏បាន​សម្ដែង ភាព​សប្បាយ​រីករាយ​ចំពោះ​កម្មវិធី​ស្រង់​ព្រះធំ​បំផុត​ប្រចាំ​ឆ្នាំនេះ ដែល​បាន​ទទួល​ការ​សាទរ​យ៉ាង​ខ្លាំង​ពី​ដូន​ចាស់ ទាំង​៨​ភូមិ ដែល​នេះ​គឺជា​ការលើកទឹកចិត្ត​ឲ្យ​វី​តា​ល់​ បន្តធ្វើ​កម្មវិធី​មនុស្សធម៌​បែប​បន្ថែម​ឲ្យ​កាន់​តែច្រើន​បន្ថែមទៀត​។

ឆ្លៀត​ក្នុងឱកាស​នេះ​ លោកជំទាវ​ ក៏​សម្ដែង​ការ​អគុណ​ចំពោះ​ក្រុមការងារ​សាលាឃុំ​ឈូក​ដែល​បាន​ជួយ​សម្រួល​ដល់​ការ​ប្រារព្ធ​កម្មវិធី​នេះ​បាន​យ៉ាង​រលូន​ផងដែរ​។

កម្មវិធី​ស្រង់​ព្រះ​វី​តា​ល់​ឆ្នាំនេះ គឺ​ពិត​ជាមាន​លក្ខណៈ​ពិសេស​ជាង​កម្មវិធី​រាល់​ឆ្នាំ ត្រង់​ថា​ដូន​ចាស់​ទាំង ៣១០​នាក់​នឹង ទទួល​បានការ (​ស្រង់​ព្រះ​) ងូតទឹក​ស្អាត​ខ្លួន​បែប​ព្រះពុទ្ធសាសនា បន្ថែម​ពី​នេះ​ទៅ​ទៀត​ពួកគាត់​ ក៏​នឹង​ទទួលបាន​ខោអាវ​ថ្មី​មួយ​កំផ្លេ ក្រមា អង្ករ​១០​គីឡូ ទឹក​វី​តា​ល់ ទឹកដោះគោ​ខាប់ ឆៃពៅ ស្បែកជើង ប្រេងកូឡា ថ្នាំពេទ្យ ទឹកស៊ីអ៊ីវ ទឹកត្រី អំបិល និង​ស្ករស ព្រមទាំង​ថវិកា​មួយចំនួន​សម្រាប់​សម្រាល​ជីវភាព​ក្នុង​រដូវ​កាល​ឆ្នាំ​ថ្មី នឹង​មកដល់​ក្នុងពេល​ដ៏​ខ្លី​នេះ​។

លើសពីនេះទៅទៀត លោកតា​-​យាយ ​ក៏​ទទួល​បានការ​ពិសា​ភោជនីយ​អាហារ​យ៉ាង​ឈ្ងុយឆ្ងាញ់ រៀបចំ​ឡើង​ដោយ​បម្រើ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមការងារ​វី​តា​ល់​ទៀត​ផង​។

បន្ទាប់ពី​ទទួលបាន​ការ​ស្រង់​ព្រះ នឹង​ផ្លាស់​សំលៀកបំពាក់​ថ្មី​ដ៏​ស្រស់ស្អាត​រួចមក លោកយាយ​ម្នាក់​ឈ្មោះ យុ​លី ហេង អាយុ​៨៣​ឆ្នាំ ​បាន​សម្ដែង​ភាព​សប្បាយ​រីករាយ​ថា “​ថ្ងៃនេះ​យាយ​សប្បាយចិត្ត​ណាស់​ព្រោះ​បាន​អំណោយ​ច្រើន ហើយ​អាហារ​គេ​ឆ្ងាញ់ៗ​ទៀត អ្នកធ្វើ​បុណ្យ​ឲ្យ​គេ​បានធ្វើ​ពិធី​ស្រង់​ព្រះ​ឲ្យ​ទៀត​យើង​មិន​ជាប់​សាច់ឈាម​អីហ្នឹង​គ្នា​ផង យាយ​ពិតជា​រំភើប​មែនទែន​។​”

គួរ​បញ្ជាក់ថា ​កម្មវិធី​ស្រង់​ព្រះ​ ត្រូវបាន​ដូនតា​ខ្មែរ​អនុវត្ត​តាំងតែ​ពី​ដើម​មក ដោយ​មានជំនឿថា ការធ្វើ​បែបនេះ​ គឺជា​ការ​សន្សំ​បុណ្យ​កុសល​បាន​ច្រើន​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា ព្រោះ​ចាស់​ព្រឹទ្ធាចារ្យ​ គឺ​ប្រៀប​បាន​នឹង​ព្រះ​រស់​ សម្រាប់​កូនចៅ​គ្រប់គ្នា​។ ដូច្នេះហើយ ​ទើប ​វី​តា​ល់​ បាន​ពាំ​នាំនូវ​មូលនិធិ​២៥៛ ចូលរួម​ក្នុង​សទ្ធា​ដ៏​ជ្រះថ្លា​​នេះ ដើម្បី​សន្សំ​បុណ្យ​កុសល​ត្រឡប់​ទៅ​អតិថិជន​វី​តា​ល់​វិញ តាមរយៈ​ការ​ចូលរួម​ចាប់មគ្គផល ២៥៛​ ក្នុងការ​ជាវ​ទឹក​វី​តា​ល់​មួយ​ដប​។​

វី​តា​ល់ សង្ឃឹមថា ​វី​តា​ល់​នូវតែ​បន្ត​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​ទូទាំងប្រទេស ដើម្បី​ឲ្យ​យើង​មាន​មូលនិធិ​នេះ​បន្ត​លើ​គម្រោង ​នៃ​កម្មវិធី​ស្រង់​ព្រះ​នេះ​ជា​រៀងរាល់​ឆ្នាំ និង​លើ​សកម្មភាព​មនុស្សធម៌​ដទៃ​ផ្សេងទៀត​៕​

 



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu