Ad Code

ព្រះវិហារ​កាតូលិក​ស្រីលង្កា​ផ្អាក​សេវាសាធារណៈ​ដោយសារ​ការភ័យខ្លាច​ផ្នែក​សន្តិសុខ



​​ព្រះវិហារ​កាតូលិក​របស់​ប្រទេស​ស្រីលង្កា​បាន​ផ្អាក​សេវា​សាធារណៈ​ទាំងអស់​ដោយសារ​ការភ័យខ្លាច​ផ្នែក​សន្តិសុខ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ខណៈ​ដែល​ទាហាន​រាប់ពាន់​នាក់​បាន​ចូលរួម​ក្នុង​ការ​តាម​ប្រមាញ់​ជន​សង្ស័យ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​អំឡុង​ពិធីបុណ្យ Easter ដែល​បាន​សម្លាប់​មនុស្ស​ជិត​៣៦០​នាក់​។

​កងកម្លាំង​សន្តិសុខ​ក៏បាន​ធ្វើការ​ចាប់ខ្លួន​ថ្មី​ផង​ដែរ​ពាក់ព័ន្ធ​ការវាយប្រហារ​នេះ​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ប្រឈម​នឹង​សម្ពាធ​លើ​ការ​បរាជ័យ​របស់​ខ្លួន​ក្នុង​ការ​ធ្វើសកម្មភាព​តាម​ការព្រមាន​សម្ងាត់​អំពី​លទ្ធភាព​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​។

​មានការ​ចោទប្រកាន់​ជាច្រើន​ចាប់​តាំងពី​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​បំផ្ទុះ​ខ្លួនឯង​ក្នុង​សណ្ឋាគារ​ប្រណីត​និង​ព្រះវិហារ​ដែល​ពោរពេញ​ទៅ​ដោយ​អ្នក​ថ្វាយបង្គំ​ពិធីបុណ្យ Easter ថ្ងៃអាទិត្យ​។​ ប្រធានាធិបតី​បាន​ស្នើ​សុំ​ឲ្យ​ប្រធាន​ប៉ូលិស​និង​មន្ត្រី​ក្រសួងការពារជាតិ​កំពូល​ៗ​ចុះ​ចេញពី​តំណែង​បើ​ទោះបីជា​មិនទាន់​បាន​ធ្វើ​ដូច្នេះ​ក៏ដោយ​។

​នៅ​ពេល​យប់ កងកម្លាំង​សន្តិសុខ​ដែល​ប្រើ​អំណាច​ផ្ដល់​ឲ្យ​ថ្មី​នៅ​ក្រោម​ច្បាប់​រដ្ឋ​ក្នុង​គ្រាអាសន្ន​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​១៦​នាក់​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះ​។រហូតមកដល់​ពេលនេះ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៧៥​នាក់​ប៉ុន្តែ​ភាព​តានតឹង​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅឡើយ​ដោយសារ​ជនសង្ស័យ​ជាច្រើន​នាក់​ទៀត​មិនទាន់​ត្រូវ​បាន​រក​ឃើញ​។

​បព្វជិត​កាតូលិក​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់ AFP ថា សេវា​សាធារណៈ​ទាំងអស់​ត្រូវ​បាន​ផ្អាក​ហើយ​វិហារ​ទាំងអស់​ត្រូវ​បិទ​តាម​ដំបូន្មាន​របស់​កងកម្លាំង​សន្តិសុខ​។ទោះបីជា​យ៉ាងណាក៏ដោយ សេវា​ឯកជន​សម្រាប់​ការ បញ្ចុះ​សព​នឹង​នៅតែ​ត្រូវ បាន​អនុវត្ត​ប៉ុន្តែ​មិន​មាន​ការ​ប្រមូលផ្ដុំ​គ្នា​ជា​សាធារណៈ​ត្រូវ បាន​កំណត់ពេល​ទេ​។

​លោក​ឧត្ដមសេនីយ៍ Sumith Atapattu បាន​និយាយ​ថា កងទ័ព​បាន​បង្កើន​ការ​ដាក់​ពង្រាយ​របស់​ខ្លួន​ពី​១,៣០០​នាក់​ទៅ​៦,៣០០​នាក់​នៅ​ពេល​យប់​ខណៈ​កងទ័ពជើងទឹក​និង​កងទ័ពអាកាស​ក៏បាន​ដាក់​ពង្រាយ​បុគ្គលិក​បន្ថែមចំនួន​២,០០០​នាក់​ផង ដែរ​។អាជ្ញាធរ​ក៏បាន​ប្រកាស​ហាមឃាត់​ការ​បង្ហោះ​យន្តហោះ​ដ្រូ​ន​និង​ផ្អាក​អាជ្ញាប័ណ្ណ​ដែល​បាន​ចេញទៅ​ឲ្យ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ជាបន្ទាន់​ផង​ដែរ​។​

​មេ​ប៉ូលិស​ស្រីលង្កា​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១១​ខែ​មេសា​ថា ដោយ​ដកស្រង់​ព័ត៌មាន​ពី​ភ្នាក់ងារ​ស៊ើបការណ៍​បរទេស ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ប្រឆាំង​នឹង​ព្រះវិហារ​ដ៏​លេចធ្លោ​ដោយ​ក្រុម​ឥស្លាម​ក្នុងស្រុក​ឈ្មោះ Thawheeth Jama'ath (NTJ) គឺ​អាច​កើតឡើង​។

​ទូរទស្សន៍ CNN បាន​រាយការណ៍​ថា សេវា​ចារកម្ម​ឥណ្ឌា​បាន​បញ្ជូន​ព័ត៌មាន​សម្ងាត់​មិន​ជាក់លាក់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មុន​ការវាយប្រហារ​ដែល​ព័ត៌មាន​មួយ​ចំនួន​បាន​មកពី​ជនសង្ស័យ​ក្រុម IS ម្នាក់​ដែល​ជាប់ឃុំ​។ប៉ុន្តែ​រដ្ឋាភិបាល​បាន​និយាយ​ថា ព័ត៌មាន​នោះ​មិន​ត្រូវ បាន​ចែករំលែក​ជាមួយ​នាយករដ្ឋមន្ត្រី​ឬ​រដ្ឋមន្ត្រី​កំពូល​ដទៃ ទៀត​ទេ​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu