សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ ត្រូវបានជនបង្កមិនស្គាល់អត្តសញ្ញាណ កាប់បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម សង្ស័យជារឿងគំនុំ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២និង០៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកឧត្ដមសេនីយ៍ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្ដាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ពិតជាមានករណីហ្នឹងមែន។ ពេលនេះ លោកកំពុងធ្វើការស្រាវជ្រាវសិន។
ជនរងគ្រោះមាន ឈ្មោះ ព្រឿន ហូរ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។ ប្រពន្ធ ឈ្មោះ ប៉ិក ថាច អាយុ២៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
លោកបន្ថែមថា ករណីនេះ ក្រុមសមត្ថកិច្ច កំពុងតែបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់បំផុត។
ប្រភពបានឲ្យដឹងថា ករណីខាងលើនេះ អាចជារឿងគំនុំ ព្រោះវត្ថុតាងមួយចំនួនបានបង្ហាញឲ្យដឹងថា វាមិនមែនជាករណីប្លន់សម្លាប់នោះទេ៕
Source: Kampuchea Thmey Daily
0 Comments