សៀមរាប ៖ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីឃាតកម្មមួយបានកើតឡើង ដោយសារតែភ្លើងប្រចណ្ឌ និង ស្រវឹងស្រា ទើបប្តីចុង ហ៊ានកាប់ប្រពន្ធរហូតដល់ស្លាប់ ក្នុងត្លុកឈាម រួចចង.កធ្វើអត្តឃាតខ្លួនឯងតាមក្រោយនៅក្នុងផ្ទះតែម្តង។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រុមទី០៤ ភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីហិង្សាក្នុងគ្រួសារ (ប្តីចុងកាប់សម្លាប់ប្រពន្ធ) ជនសង្ស័យឈ្មោះ ខាត់ ហឿត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានកាប់ជាច្រើនកាំបិតទៅលើផ្ទៃមុខ ចំកែងដៃខាងស្តាំ កដៃខាងស្តាំ និងចង្អុលដៃខាងឆ្វេង ទៅលើជនរងគ្រោះ ឈ្មោះ សឿម ចេត ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ សមត្ថកិច្ចបន្ថែមថា ជនសង្ស័យបានចង.ក នឹងកន្សែងពណ៌ក្រហមចងជាប់រ៉ូតផ្ទះសម្លាប់ខ្លួនឯង។
មូលហេតុ ស្រវឹងស្រា និងប្រចណ្ឌ បណ្តាលឲ្យមានហិង្សាក្នុងគ្រួសារ (ប្តីកាប់ប្រពន្ធស្លាប់ ហើយចង.ក សម្លាប់ខ្លួនឯង)។
បន្ទាប់ពីសមត្ថកិច្ចចម្រុះត្រួតពិនិត្យរួច ក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments