Ad Code

ហ្វីលីពីន​ ប្រកាស​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣០​ឲ្យ​បាន​កាន់តែ​ល្អ​



ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ចុងឆ្នាំ​២០១៩​នេះ ប្រទេស​ហ្វីលីពីន​ត្រូវធ្វើ ជា​ម្ចាស់ផ្ទះ​រៀបចំ​នូវ​ការប្រកួត​នេះ។ ជាមួយនឹង​កាតព្វកិច្ច​ជា​ម្ចាស់ផ្ទះ​នេះ ប្រទេស​ហ្វីលីពីន​អះអាងថា នឹង​រៀបចំ​អោយបាន​កាន់តែ​ល្អ​ជាង​មុន។​

លោក​Alan Peter Cayetano ដែលជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​លើក​ទី​៣០(Phisgoc) បាន​អះអាងថា ស៊ី​ហ្គេម​លើក​ទី​៣០​ដែល​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ​លោក​នឹង​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​លើក​មុនៗ​ទៅទៀត។

លោក​Alan Peter Cayetano បាន​ប្រកាស​ថា ទោះបី​រដ្ឋាភិបាល​បាន​កាត់បន្ថយ​ថវិកា ដើម្បី​រៀបចំ​ក៏ដោយ ក៏​លោក​ប្ដេជ្ញា​ថា នឹងធ្វើ​ឲ្យ​បាន​ជោគជ័យ និង កាន់តែ​ប្រសើរ​ជាង​មុន ។​មូលដ្ឋាន​នៃ​ជោគជ័យ​គឺ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ជាមួយនឹង​ការសាងសង់​ពហុ​កីឡដ្ឋាន​ថ្មី​ឈ្មោះ New Clack City Complex ។​

ដោយឡែក លោក​Ricky Vargas ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ហ្វីលីពីន​នោះ ក៏បាន​ប្រកាស​ដែរ​ថា ក្នុង​ពេល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នៅ​លើក​ទី​៤​នេះ ហ្វីលីពីន​នឹងធ្វើ​ឲ្យ​បានល្អ​លើសគេ។​

ប្រជាជន​ហ្វីលីពីន​រួមទាំង​ប្រធានាធិបតី​របស់​ពួកគេ​គឺ​លោក​Rodrigo Roa Duterte បានប្រកាសថា អ្វី​បានចាប់ផ្ដើម​ដោយ​ភាពស្វាហាប់​ចាប់ពីពេលនេះ​ទៅហើយ។ ជាមួយនឹង​ការត្រៀមខ្លួន​ដើម្បី​ទប់ទល់​ជាមួយ​បញ្ហា​ប្រឈម​នានា​នោះ ហ្វីលីពីន​នឹង​បញ្ចេញ​ថវិកា​ចំនួន​៥​ពាន់​លាន​ដុល្លារ​សម្រាប់​ព្រឹត្តិការណ៍​នេះ។

ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នេះ ធ្វើឡើង​ក្រោម​បាវចនា​យើង​ឈ្នះ​ជាមួយ​(W e Win As One)​ជាមួយនឹង​កីឡា​ដែល​ដាក់​ឲ្យ​ប្រកួត​មាន​ចំនួន​៥៤​ប្រភេទ លើ​៥៥០​វិញ្ញាសា​នោះ គេ​បាន​រំពឹងទុក​ជាមុន​ថា នឹងមាន​អត្តពលិក​​ចូលរួម​ចំនួន​៩.៨៤០ នាក់ ។​

ជាមួយនឹង​ការអះអាង​បែបនេះ ហ្វីលីពីន​ដែលជា​ប្រទេស​មហាអំណាច​កីឡាបាល់បោះ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នោះ​អះអាងថា ប្រភេទ​កីឡា​នេះ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ហ្វីលីពីន​ដាក់​អោយមាន​ទាំង​​​វិញ្ញាសា​លេង​ម្ខាង​៥​នាក់ ទាំង​វិញ្ញាសា​លេង​ម្ខាង​៣​នាក់ ទាំង​បុរស ទាំង​នារី ។​
ចំពោះ​ការប្រកួត​ធ្វើឡើង​នៅ​ទីតាំង​ចំនួន​៤​ធំៗ មិនតែប៉ុណ្ណោះ​យន្ដហោះ​ហ្វីលីពីន​អ៊ែរ​ឡាញ​នឹង​ហោះហើរ​ទៅកាន់​១០​ប្រទេស​ដែល​មក​ចូលរួម​ដើម្បី​ដឹកជញជូន​អត្ត​ព​លិ​ក ។​

នេះ​ជា​លើក​ទី​៤​ហើយ ដែល​ប្រទេស​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ។ លើក​ទី​១​នៅ​ឆ្នាំ​១៩៨១ ដែល​កម្ពុជា​នៅ​មិនទាន់បាន​ចូលរួម​នៅឡើយ លើក​ទី​២​ឆ្នាំ​១៩៩១ លើក​ទី​៣​ឆ្នាំ​២០០៥ និង​លើក​ទី​៤ ឆ្នាំ​២០១៩​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu