Ad Code

នគរបាល​សេដ្ឋកិច្ច​ ចាប់​ប្រហិត​ចម្រុះ​២,០០០​គីឡូក្រាម​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស ​យក​ទៅ​ដុត​កម្ទេច​ចោល



បន្ទាយមានជ័យ​ ៖​ កាលពី​ព្រឹក ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៩​​ ​កម្លាំង​នគរបាល​ប្រឆាំង​​​បទល្មើស​សេដ្ឋកិច្ច​១​ក្រុម​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី​ចាប​ សុ​ផា​ឬ​ទ្ធិ ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បាន​ចុះ​ចាប់​រថយន្ត​​​មួយ​គ្រឿង​ម៉ាក​SSANG YONG ពណ៌​ ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AC ០០ ៤៨ សង្ស័យ​លួច​ដឹកជញ្ជូន​ប្រហិត​ចម្រុះ​ខុល​ច្បាប់។

ការ​ឃាត់​រថយន្ត​ខាង​លើ ​ធ្វើ​ឡើង​នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ​ហើយ​បាន​បញ្ជូន​មក​ស្នងការ​ដើម្បី​ឆែកឆេរ​បន្ត។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ចាប ​សុ​ផា​ឬ​ទ្ធិ​ បាន​ប្រាប់​អ្នក​យក​​ព័ត៌មាន​ឲ្យ​ដឹង​ថា ​ក្រោយពី​កម្លាំង​នគរបាល​បានធ្វើ​ការ​ឆែកឆេ​ក្នុង​រថយន្ត​ បាន​រក​ឃើញ​ប្រហិត​ចម្រុះ HOT DOG មាន​ចំនួន​២,០០០​គីឡូក្រាម​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​តម្រូវ​ផ្នែក​សីតុណ្ហភាព ដែល​ម្ចាស់​មានឈ្មោះ​កូន​វិសាល ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​រស់នៅ​ភូមិ អូរ​ត្រាវ​ជូរ ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ចាប ​សុ​ផា​ឬ​ទ្ធិ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​បើតាម​ការ​អះអាង​របស់​ម្ចាស់​ទំនិញ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​រថយន្ត​ដែល​ខ្លួន​បើក​ដឹក​ប្រហិត​នេះ ​ជា​កម្ម​សិទ្ធិ​របស់​ឈ្មោះ​ញៀប ប៊ុន​រ៉េត ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ហើយ​ខ្លួន​បានស៊ីឈ្នួល​ដឹក​ប្រហិត​នេះ​ពី​ទឹកដី​ថៃ​តាម​ច្រក​បឹង​ត្រកួន​ទៅ​ឲ្យ​ថៅកែ​ឈ្មោះ​ធី ​នៅ​ជម្ពូរ​វ័ន​រាជធានី​ភ្នំពេញ​អស់​រយៈពេល​២​ខែ​មកហើយ​ ដោយ​ក្នុង​មួយខែ​ដឹក​បាន​៨​ជើង​ ​ទទួលបាន​ឈ្នួល​២០០,០០០​រៀល​ក្នុង​មួយ​ជើង។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ចាប​ សុ​ផា​ឬ​ទ្ធិ​ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ក្រោយពី​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ​រួចរាល់​​​ ​នៅ​រសៀល ថ្ងៃ​ដដែល​ក្រុម​ការងារ​ជំនាញ​បាន​យក​ប្រហិត​ទាំងអស់​យកទៅ​ដុត​កម្ទេច​ចោល ចំណែក​រថយន្ត​រក្សាទុក​នៅ​ស្នងការ ​រីឯ​អ្នក​ដឹក​នគរបាល​សេដ្ឋកិច្ច​បាន​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu