ភ្នំពេញ ៖ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ គណបក្សនយោបាយនីមួយៗ ដែលបានចុះបញ្ជីចូលរួម មានសិទ្ធិធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតរយៈពេល៨ថ្ងៃ នេះបើតាមការបញ្ជាក់របស់ លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល នៃការបោះឆ្នោត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។
លោក ម៉ុក ដារ៉ា លើកឡើងថា ការឃោសនាបោះឆ្នោត ត្រូវធ្វើឡើងតាមមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នីមួយៗដែលគណបក្សនយោបាយបានចុះបញ្ជីឈរឈ្មោះ ហើយការឃោសនាបោះឆ្នោតរយៈពេល៨ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់។
លោកបញ្ជាក់ថា ការឃោសនាដោយឧបករណ៍បំពងសំឡេង ត្រូវហាមឃាត់នៅចន្លោះពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល និងបានហាមឃាត់ផងដែរ ដូចជានៅក្បែរមន្ទីរពេទ្យ និងហាមឃាត់នៅក្បែរសាលារៀន ឬគ្រឹះស្ថានសិក្សានានាក្នុងពេលម៉ោងសិស្សកំពុងសិក្សា ហើយគ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ ចំពោះការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នីមួយៗអាចធ្វើបានតែ២ដងប៉ុណ្ណោះ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
សម្រាប់ការបោះឆ្នោត និង ការរាប់សន្លឹកឆ្នោត លោក ម៉ុក ដារ៉ា បានពន្យល់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គឺជាការបោះឆ្នោតអសកល ដែលសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងជាអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ ការបោះឆ្នោតនេះ មានភាពខុសប្លែកពីការបោះឆ្នោតកន្លងមក ដោយអ្នកបោះឆ្នោតម្នាក់ៗត្រូវបោះឆ្នោតពីរសន្លឹក ដើម្បីជ្រើសរើសក្រុមប្រឹក្សាពីរប្រភេទផ្សេងគ្នា និងមានហិបឆ្នោតចំនួនពីរ គឺសន្លឹកឆ្នោតប្រភេទទី១ ដែលមានពណ៌លឿង ប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់ដាក់ក្នុងហិបឆ្នោតមួយ។ សន្លឹកឆ្នោតប្រភេទទី២ ដែលមានពណ៌ស ប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត សម្រាប់ដាក់ក្នុងហិបឆ្នោតមួយផ្សេងទៀត។
តាម លោក ម៉ុក ដារ៉ា ចំពោះការរាប់សន្លឹកឆ្នោត ត្រូវធ្វើឡើងដោយផ្ទាល់នៅការិយាល័យបោះឆ្នោតនីមួយៗបន្ទាប់ពីបិទការបោះឆ្នោត។ ការរាប់សន្លឹកឆ្នោត ត្រូវធ្វើដោយឡែកពីគ្នាតាមប្រភេទក្រុមប្រឹក្សានីមួយៗ ដោយចាប់ផ្ដើមពីការរាប់សន្លឹកឆ្នោត ដែលបានបោះជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ជាមុន ហើយសន្លឹកឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ត្រូវបានរាប់ជាក្រោយ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល មានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៨ និង ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ដោយមានការចូលរួមពីប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) សមាជិកទទួលបន្ទុកបណ្តុះបណ្តាល តំណាងគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សរុបចំនួន១០១នាក់។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ នេះ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែងគ្នា។ ក្នុងនោះ សមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត មានចំនួន៥៥៩រូប, សមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ មានចំនួន៣,៥៥៥រូប។ ចំណែកអ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែងមានចំនួន១១,៥៧២រូប ហើយការិយាល័យបោះឆ្នោតមានចំនួន២០៣ការិយាល័យ៕
Source: Kampuchea Thmey Daily
0 Comments