Ad Code

លោក​ចម ប្រសិទ្ធ អរគុណ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​សហការ​ផ្តល់​ទឹកស្អាត​សម្រាប់​ពលរដ្ឋ​នា​រដូវក្តៅ​នេះ



ភ្នំពេញ ៖ ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​កិច្ចសហការ​ល្អ​រវាង​ក្រុមហ៊ុន​ឯកជន​ជាមួយ​ក្រសួង​ជំនាញ​ក្នុង​ការ​ជួយ​ជ្រំជ្រែង​ផ្តល់​នូវ​ទឹក​ស្អាត​ដល់​ប្រជាពលរដ្ឋ​តាម​ជនបទ​នា​រដូវក្តៅ​នេះ​រួម​នឹង​ការអនុវត្ត​ផលិត​តាម​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ​ផងដែរ​។

ការ​លើក​ឡើង​បែបនេះ​ ខណៈដែល​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​អនុញ្ញាត​ទទួល​ជួប​សំណេះសំណាល​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា នៅ​ទីស្តីការ​ក្រសួង នា​ថ្ងៃ​ម្សិល​មិញ​នេះ​។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ខណៈ​ទទួល​ជួបពិភាក្សា​ការងារ ជាមួយ​លោក David Wigglesworth នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​)Cambodia Beverage Company Ltd ដើម្បី​ពិភាក្សា​ការងារ បាន​ផ្តោត​សំខាន់​ទៅលើ​ដំណើរ​ប្រព្រឹត្តិ​របស់​ក្រុមហ៊ុន និង​សង្វាក់​ផលិតកម្ម ក៏ដូចជា​សកម្មភាព​របស់​ក្រុមហ៊ុន​ក្នុង​ការងារ​ជួយ​សង្គម​ផងដែរ។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ការ​ស្វាគមន៍ និង​កោតសរសើរ​ចំពោះ​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​លើ​ទីផ្សារ​កម្ពុជា ជាពិសេស​ក្រុមហ៊ុន បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ទាំង​ទីផ្សារការងារ ការចូលរួម​ការ​ទទួល ខុសត្រូវ​សង្គម រួម​ទាំង​មាន​កិច្ចការពារបរិស្ថាន​បាន​ខ្ពស់​ផងដែរ។



លោក​កិត្តិ​សេដ្ឋា​បណ្ឌិត មិន​ភ្លេច​ថ្លែងអំណរគុណ​ផង​ដែរ​ទេ ដល់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ដែល​កន្លងមក​បា​នស​ហ​ការ​ជួយ​ក្រសួង​ជា​ច្រើ​ន ជាពិសេស​ការ​ផ្តល់​ជំនួយ​តាម​ការ​ស្នើសុំ​ជា​ទឹក​ពិសារ​ដប និង​ទឹក​សម្រាប់​ប្រើប្រាស់​ដឹក​តាម​ស៊ី​ទែន​រថយន្ត សម្រាប់​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ភាពរាំងស្ងួត​កាលពី​ឆ្នាំ​២០១៥ កន្លងទៅ។ ចំពោះ​ភាព​រាំង​ស្ងួត​នា​ឆ្នាំនេះ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ សង្ឃឹមថា ក្រុមហ៊ុន​នឹង​ត្រៀម​ជួយ​ដល់​ក្រសួង​បន្តទៀត ដូច​ឆ្នាំមុនៗ​។

លោក David Wigglesworth នាយក​ប្រតិ​ប​ត្តិ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា ក៏​បាន​បង្ហាញ នូវ​ទំនុកចិត្ត​ខ្ពស់​ចំពោះ​ការ​វិនិយោគ​នៅ​កម្ពុជា និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ដោយ​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម នៅ​កម្ពុជា ជាពិសេស​គឺ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ពង្រឹង​ភាព​ប្រកួតប្រជែង លើក​កំពស់​ផលិតភាព និង​ការ​លើកស្ទួយ​ផលិត កម្ម​ក្នុងស្រុក​ជាដើម។



លោក​បន្ត​ថា ​ដោយ​កត្តា​ល្អ​ប្រសើរ និង​លក្ខណៈ​អំណោយផល ក្រុមហ៊ុន​បាន​ពង្រីក​អាជីវកម្ម និង​អភិវឌ្ឍន៍​ផលិតផល​របស់​ខ្លួន​ជា​បន្តបន្ទាប់ ហើយ​ក្នុង​គ្រោងការ​អាជីវកម្ម​របស់​ខ្លួន​ក្រុមហ៊ុន​តែង​ប្រកាន់ខ្ជាប់​នូវ​កិច្ចការពារបរិស្ថាន និង​ការទទួលខុសត្រូវ​សង្គម​ជានិច្ច។

ជា​មួយ​គ្នា​នេះ លោក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ក៏បាន​លើកឡើង​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​៖​បញ្ហា​ភ្លើងអគ្គិសនី និង របាំង​ចែកផ្លូវ​តាម បណ្តោយ​ផ្លូវជាតិ​លេខ​០៥ ឫស្សីកែវ មុខ​រោង ចក្រ ដែល​ប៉ះពាល់​ដល់​ច្រកចេញចូល​រថយន្ត​ធំៗ​ដឹក​ផលិតផល​ចេញចូល។

ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​ក៏​មាន​គម្រោង​សាងសង់​អគារ សំណង់​ក្រុមហ៊ុន​រោងចក្រ​ជាថ្មី​ឡើងវិញ​ផងដែរ ពីព្រោះ​អគារ​ដែល​ជួល​ពី​រដ្ឋ​នៅ​ទីតាំង​គីឡូម៉ែត្រ​លេខ​០៦ ឫស្សីកែវ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ហើយ។

បន្ថែម​ពីលើ​នេះ​ទៀត ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បញ្ជាក់​ថា ភាព​ប្រឈម​ខ្លះៗ​របស់​ក្រុមហ៊ុន ក្រសួង​នឹង​ខិតខំ​រួមគ្នា​ដោះស្រាយ ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ប្រព្រឹត្តិ​ទៅ​ដោយ​ភាព​រលូន នៅ​ប្រទេស​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu