Ad Code

ស៊ុតមាន់ ស៊ុតទា ដែល​ចិញ្ចឹម​ក្នុងស្រុក​មាន​ហាងឆេង​ជាង​ស៊ុត​នាំចូល​ពី​ប្រទេសជិតខាង​



ភ្នំ​ពេ​ញ ៖ តាម​ប្រភព​ពី​លោកពូ ទួន សារិន ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ក្រាំង​ដៃ​ឃុំ​ធ្លក​ស្រុក​ទ្រាំង​ ខេត្តតាកែវ​ បាន​និយាយ​ថា ​បច្ចុប្បន្ន​ក្នុងភូមិ​របស់​លោកពូ​បាន​នាំ​គ្នា​ចិញ្ចឹមសត្វ​ទា​និង​មាន់​ដើម្បី​យក​ស៊ុត​ទៅ​លក់​នៅ​ទីផ្សារ​ដែល​មាន​តម្លៃ​ខ្ពស់ជាង​របរ​ផ្សេងៗ​។

លោកពូ​បន្ត​ថា ​នូវ​រដូវប្រាំង​បន្ទាប់ពី​សម្រាក​នូវ​ការ​ភ្ជួរ​រាស់​ដក​ស្ទូង​មក​គឺ​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​ចាប់​របរ​ចិញ្ចឹមសត្វ​មាន់​និង​ទា​ដើម្បី​យក​ពង​ទុក​លក់​។ ​ប៉ុន្តែ​រាល់ថ្ងៃ​នេះ​ គឺ​ឈ្មួញ​បាន​ចុះ​មក​ទិញ​ដល់​កន្លែង​ចិញ្ចឹម​តែម្តង​។ ​កាលពី​ឆ្នាំទៅ​គឺ​ស៊ុតមាន​តម្លៃថោក​ជាង​ឆ្នាំនេះ​ ដែល​ពី​ឆ្នាំទៅ​លក់​បាន​តម្លៃ​១០​គ្រាប់​តែ​៣០០០​រៀល​ ដែល​ឆ្នាំនេះ​គឺ​១០​គ្រាប់​បាន​ថ្លៃ​៣៥០០​រៀល​។



ដោយឡែក​លោក​អ៊ុំ ហមកប វិញ​បាន​និយាយ​ថា ​ពី​ដើម​មក​ប្រជាពលរដ្ឋ​ក្នុងភូមិ​នេះ​ច្រើន​នាំគ្នា​ចិញ្ចឹម​ជ្រូក​សាច់​លក់ ​ប៉ុន្តែ​ដោយសារ​ធាតុអាកាស​ក្តី​ពេក​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ងាក​មក​ចិញ្ចឹមសត្វ​ទា​និង​មាន់​យក​ស៊ុត​លក់​វិញ​។ ហើយ​ការ​ប្រកបរបរ​ចិញ្ចឹមសត្វ​នេះ ​គឺ​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន។

ទាក់ទិន​ទៅ​នឹង​ការ​ចុះ​ទិញ​ស៊ុតមាន់​និង​ទា​ខាងលើ​នេះ​ បងស្រី​ញឹម ​ស៊ី​ថា ដែល​ជា​ឈ្មួញ​ចុះ​ប្រមូល​ទិញ​ស៊ុត មាន់​និង​ទា​បាន​និយាយ​ថា ​បច្ចុប្បន្ន​នេះ​ស៊ុត​ដែល​កសិករ​ចិញ្ចឹម​ក្នុងស្រុក​គឺ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទិញ​យក​ទៅ​ពិសារ​ច្រើន​លើសលប់​មិន​ដូច​ស៊ុត​នាំចូល​ពី​ប្រទេសជិតខាង​មិនសូវមាន​ការ​គាំទ្រ​ឡើយ​។ ចំពោះ​ស៊ុត​ដែល​ទិញ​តាម​ផ្ទះ​យកទៅលក់​នៅតាម​ទីផ្សារ​គឺ​ក្នុង​១០​គ្រាប់​ចំណេញ​បាន​១៥០០​រៀល​ ហើយ​អាច​បាន​២០០០​រៀល​ក៏មានដែរ​។

មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​និយម​ទិញ​យក​ទៅ​ធ្វើ​ម្ហូប​ព្រោះ​ស៊ុត​ក្នុងស្រុក​ពណ៌​ក្រហម​ដោយសារ​ស៊ី​ចំណី​ស្រូវ និង ​កន្ទក់​ខុសប្លែក​ពី​ស៊ុត​នាំចូល​ពី​ប្រទេសជិតខាង​មាន​ព​ណ៌ស​ដែល​ស៊ី​ចំណី​សត្វ​មិនល្អ​ដូច​ចំណី​ធម្មជាតិ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu