Ad Code

ប្រព័ន្ធ​ផ្សព្វផ្សាយ ៖ លោក គីម ជុង​អ៊ុន នឹង​ជួបពិភាក្សា​ជាមួយ​លោក ពូ​ទីន ក្នុងប្រទេស​រុស្ស៊ី​នៅ​ខែ​នេះ​



មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​សម្រាប់​កិច្ចប្រជុំ​កំពូល​មួយ​ជាមួយ​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន ។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​បាន​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃ​អង្គារ ខណៈដែល​របាយការណ៍​ព័ត៌មាន​រុស្ស៊ី​បាន​និយាយ​ថា មេដឹកនាំ​ទាំងពីរ​នឹង​ជួប​ប្រជុំគ្នា​នៅ​ថ្ងៃទី ២៥ ខែមេសា​នៅ​ទីក្រុង Vladivostok ។

ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា ការ​ធ្វើ​ទស្សនកិច្ច​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក គីម ដើម្បី​បង្កើន​ការគាំទ្រ​បរទេស​សម្រាប់​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​លោក បន្ទាប់ពី​ការបរាជ័យ​លើក​ទី ២ នៃ​កិច្ចប្រជុំ​កំពូល​អាមេរិក​-​កូរ៉េខាងជើង​នៅក្នុង​ទីក្រុង​ហាណូយ​កាលពី​ខែកុម្ភៈ​បាន​នាំ​ឲ្យ​មានការ​ចរចា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ស្តីពី​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ដែល​បាន​ស្វែងរក​ដោយ​ក្រុង​ព្យុងយ៉ាង។

ទីភ្នាក់ងារ​ព័ត៌មាន​កណ្ដាល​កូរ៉េខាងជើង (KCNA) បាន​និយាយថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​កើតឡើង​ឆាប់ៗ​នេះ ប៉ុន្តែ​មិនបាន​បញ្ជាក់​លម្អិត​អំពី​ពេលវេលា ឬ​ទីកន្លែង​នៅឡើយ​ទេ។

កាសែត Kommersant របស់​រុស្ស៊ី​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា ដំណើរ​ទស្សនកិច្ច​នេះ​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី ២៥ ខែមេសា​នៅ​ទីក្រុង Vladivostok ។ កាសែត​នេះ​បាន​ដកស្រង់​ប្រភព​ពីរ​ដែល​នៅ​ជិត​នឹង​ដំណើរការ​នៃ​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​នេះ។

មិន​មាន​សេចក្តី​អត្ថាធិប្បាយ​ភ្លាមៗ​លើ​របាយការណ៍​ពី​វិមាន​ក្រឹម​ឡាំង​នោះ​ទេ ប៉ុន្តែ​អ្នកនាំពាក្យ​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា លោក ពូ​ទីន និង​លោក គីម កំពុងស្ថិត​លើផ្លូវ​ដើម្បី​ជួបប្រជុំគ្នា​នៅ​ចុងខែ​មេសា​នេះ។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា ប្រធាន​ជំនួយ​របស់​មេដឹកនាំ​លោក គីម ជុង​អ៊ុន លោក Kim Chang Son ត្រូវបាន​គេ​មើលឃើញ​នៅ​ទីក្រុង Vladivostok កាលពី​ថ្ងៃអាទិត្យ។



សារព័ត៌មាន NK News ជា​ក្រុម​ដែល​ធ្វើដំណើរ​តាម​ប្រទេស​កូរ៉េខាងជើង​បានបង្ហាញ​រូបភាព​នៅលើ​គេហទំព័រ​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ពី​ការត្រៀម​រៀបចំ​នៅ​សាកលវិទ្យាល័យ Far Eastern Federal របស់​ទីក្រុង Vladivostok ដែល​ទំនងជា​ធ្វើជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល ខណៈដែល​ក្រុមកម្មករ​កំពុង​ដំឡើង​ទង់ជាតិ​កូរ៉េខាងជើង និង​រុស្ស៊ី។

លោក Artyom Lukin សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Far Eastern Federal បាន​ថ្លែងថា បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ក្រុង​ហាណូយ​បាន​បរាជ័យ​លោក គីម ប្រហែលជា​កំពុង​ព្យាយាម​បង្ហាញថា លោក​នៅតែ​ស្វែងរក​មេដឹកនាំ​ពិភពលោក ហើយ​ថា​លោក​មាន​ជម្រើស​កាន់តែច្រើន។

លោក​បាន​និយាយ​ថា "​មើលទៅ​លោក គីម មិន​ចង់​ពឹងពាក់​ខ្លាំងពេក​លើ​ទីក្រុង​វ៉ាស៊ីនតោន ទីក្រុង​ប៉េកាំង និង​ទីក្រុង​សេ​អ៊ូ​ល​នោះទេ​"។

លោក​បន្ត​ថា "​ចំពោះ​រុស្ស៊ី​កិច្ចប្រជុំ​កំពូល​របស់លោក ពូ​ទីន និង​លោក គីម នឹង​បញ្ជាក់​ជាថ្មី​ថា​ទីក្រុង​មូ​ស្គូ​ជា​អ្នកដើរតួ​យ៉ាងសំខាន់​ទៅ​លើ​ឧបទ្វីប​កូរ៉េ ហើយ​កិច្ចប្រជុំ​នេះ​នឹងមាន​សារៈសំខាន់​ចំពោះ​កិត្យានុភាព​អន្តរជាតិ​របស់​រុស្ស៊ី​" ៕
REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu