Ad Code

កម្លាំង​ល្បាត​អាវុធហត្ថ​រាជធានី ប្រដេញ​ចោរឆក់​រត់​ធ្លាក់ទឹក​ប្រឡាយ​ចាប់បាន​២​នាក់​ភ្លាមៗ​ក្រោយ​ធ្វើ​សកម្មភាព



ភ្នំពេញ ៖ ​ថ្មីៗ​នេះ​ក្រោយពី ប្រជាពលរដ្ឋ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ថា នៅ​ម្តុំ​ផ្លូវ​ណ​ប្រ៊ី​ដ ឧស្សាហ៍​កើតមាន​ករណី​ចោរឆក់​ជា​ញឹកញាប់ រួចមក​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​បង្កើន​សកម្មភាព​ល្បាត​ពូន​ឆ្មក់ ដោយ​កម្លាំង​ស៊ីវិល​ជាប្រចាំ រហូត​បាន​ប្រទះ​ហេតុការណ៍​ជាក់ស្តែង ដោយ​ជនសង្ស័យ​មួយ​ក្រុម បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ ពី​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ បានសម្រេច​តែ​ក៏​ត្រូវ​កម្លាំង​ល្បាត​របស់​អាវុធ​ដេញ​បង្ក្រាប​បាន​ភ្លាមៗ​វិញ​ចាប់បាន​២​នាក់​ក្នុងចំណោម​៤​នាក់​។



ហេតុការណ៍​នោះ​ កើតឡើង​នៅ​ចំណុច​មុខ​វិទ្យាល័យ​បុរី​១០០​ខ្នង ភូមិ​បុរី​១០០​ខ្នង សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ វេលា​ម៉ោង​ប្រមាណ ២២​និង​០៥​នាទី​យប់​ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩​។



មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​អ្នកដំណើរ​នោះ​មាន​គ្នា​០៤​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង ដោយ​០២​នាក់​ធ្វើ​សកម្មភាព​ឆក់ និង ០២​នាក់​ទៀត​ជិះ​ម៉ូតូ​បិទគូថ​ពីក្រោយ​។ ប៉ុន្តែ​ក្រោយ​ធ្វើ​សកម្មភាព​ភ្លាម​ក៏ ត្រូវ​បាន​កម្លាំង​ល្បាត​សម្ងាត់​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បន្លំ​ជា​ជន​ស៊ីវិល ពូន​ឆ្មក់​ក្តាប់​សភាពការណ៍ បាន​ប្រទះឃើញ ក៏​ធ្វើការ​ប្រដេញ​រហូត​កៀរ​ម៉ូតូ​ចោរ​ដួល​និង​រត់​ចុះ​ទឹក ប្រឡាយ​ចាប់បាន​០២​នាក់ និង​០២​នាក់​ទៀត បត់​ម៉ូតូ​ត្រឡប់​ក្រោយ​រត់​គេច​ខ្លួន​នៅ​ម្តុំ​ផ្លូវ​ណត​ប្រី​ត​ជិត​ផ្លូវ​វេង​ស្រេង​។



ប្រភព​បន្ត​ថា ក្រុម​នេះ​ជា​ក្រុម​ឆក់​ទ្រព្យសម្បត្តិ​អ្នក​ដំណើរ​ដ៏​សកម្ម​នៅ​ភ្នំពេញ​ទើប​ពេលនេះ​ត្រូវ​បាន​បង្ក្រាប​ជាក់ស្ដែង​ដោយ​ដកហូត​បាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ដែល​ទើប​ឆក់​បាន​ពី​ជនរងគ្រោះ​រួម​នឹង​ម៉ូតូ​ធ្វើ​សកម្មភាព​ផង​ដែរ​។ ដោយឡែក​បក្ខពួក​ដែល​រត់​គេច​ខ្លួន​រួច​នោះ​កម្លាំង​អាវុធហត្ថ​កំពុង​តាម​ប្រមាញ់​បន្តទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu