ភ្នំពេញ ៖ អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ បណ្ឌិត មួយចំនួនបានមកជួបជុំគ្នា នៅក្នុង វេទិកាជំនួបអ្នកប្រវត្តិសាស្ត្រស្តីពីការឯកភាពលើកាលប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលបានរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩។
វេទិកានេះជាជំនួបអ្នកប្រវត្តិសាស្ត្រលើកទី៣ បន្ទាប់ពីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានរៀបចំវេទិកាបែបនេះចំនួនពីរលើករួចមកហើយ ដែលមានការពិភាក្សាគ្នាជាពិសេស លើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម័យមុនអង្គរ។
លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង បានលើកឡើងនៅក្នុងខួបទី៤៤នៃថ្ងៃទី១៧មេសាថា អ្នកមិនចាំអតីតកាល ត្រូវប្រវត្តិសាស្ត្រដាក់ទោស ឲ្យធ្វើខុសដដែលៗ។ ប្រវត្តិសាស្ត្រគឺជាការចងចាំរបស់ប្រជាជាតិមួយ ការចងចាំរឿងរ៉ាវដែលធ្លាប់ជួបប្រទះ ដើម្បីស្វែងរកតំលៃត្រឹមត្រូវ ឬមិនត្រូវ ល្អ ឬអាក្រក់ មានប្រយោជន៍ឬអត់ប្រយោជន៍ និងការគិតបែបប្រឌិត សម្រាប់ស្វែងរកនូវភាពគង់វង្ស សន្តិសុខ សន្តិភាពនិងមានការអភិវឌ្ឍរបស់ប្រជាជាតិមួយ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍លើកឡើងថា ប្រវត្តិសាស្ត្រពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាជាតិមួយ។ ជាតិសាសន៍មួយរីកចម្រើនទាមទារមានអ្នកប្រវត្តិសាស្ត្រ ហើយអ្នកដែលគ្រប់គ្រងប្រទេសភាគច្រើនគឺចេញមកពីអ្នកប្រវត្តិសាស្ត្រ ផងដែរ។
ដំណើរសង្គម នយោបាយបច្ចុប្បន្ននៃប្រទេសកម្ពុជា ត្រូវបានអ្នកប្រវត្តិសាស្ត្រនិងអ្នកនយោបាយមួយចំនួនមើលឃើញថា ជំលោះផ្នែកស្មារតីខាងសង្គម វប្បធម៌ នយោបាយនិង សេដ្ឋកិច្ចកំពុងតែបន្តដុតរោលប្រជាជាតិមួយនេះគ្រប់ពេល ដែលក្នុងនោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានា ត្រូវបានគេលើកយកមកបង្ហាញក្នុងគោលបំណងឲ្យយល់ដឹងការពិតក៏មាន ឲ្យយល់ដឹងមិនត្រឹមត្រូវក៏មាន មានបំណងចង់ឲ្យមានជំលោះផ្នែកស្មារតី ក៏មាន តាមរយៈការបំភ្លៃ បំផ្លើស បំភាន់ សុទ្ធសឹងតែជាថ្នាំពុលសង្គមបំផ្លាញជាតិខ្លួនឯង។ ហេតុនេះរាជបណ្ឌិត្យសភាកម្ពុជា មានបំណងចង់ឲ្យអ្នកជំនាញខាងប្រវត្តិសាស្ត្រទាំងអស់ស្វែងរកនូវតម្លៃសច្ចៈភាពនៃរឿងរ៉ាវដែលបានកើតឡើងកន្លងមកដើម្បីឲ្យមានការយល់ដឹងត្រូវ។
គួរបញ្ជាក់ថា វេទិកាជំនួបអ្នកប្រវត្តិសាស្ត្រធ្វើឡើងមានគោលបំណង ជជែក ពិភាក្សា ផ្តល់យោបល់ ដើម្បីស្វែងរកការឯកភាពគ្នា លើកាលប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងការប្រើពាក្យដើមតាមសម័យកាល រួមនឹងផ្តល់យោបល់ កែលម្អលើស្នាដៃ ស្តីពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាតាមកាលប្រវត្តិពីការកកើតអរិយធម៌ដល់ឆ្នាំ២០០០ ដើម្បីឲ្យឯកសារមួយនេះកាន់តែមានតម្លៃសម្រាប់អ្នកអាន និងអ្នកស្រាវជ្រាវនានា៕
Source: Kampuchea Thmey Daily
0 Comments