ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង កំពុងតែឈរកំពូលតារាងនៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) ឆ្នាំ២០១៩ ខណៈក្រុមមួយនេះជាក្រុមតែ១គត់ដែលអាចរក្សាសំណាញ់ទីមិនឲ្យគូប្រកួតទាត់បញ្ជូលបាន គិតត្រឹមសប្ដាហ៍ទី៣ ថ្មីៗនេះ។
លោក Conor Nestor គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង បានលើកឡើងពីកូនក្រុមក្រោយកសាងសមិទ្ធផលមួយនេះថា «នេះជាអ្វីដែលយើងទទួលបានពីការធ្វើការខ្លាំង។ ពួកគេពិតជាធ្វើការខ្លាំងមែនទែន ដោយមានការរៀបចំត្រឹមត្រូវ និងលេងជាក្រុម»។ លទ្ធផល៣ប្រកួតកន្លងមកក្រុមព្រះខ័នរាជស្វាយរៀង បានប្រកួតឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ២ទល់០ ហើយបន្តឈ្នះម្ចាស់ផ្ទះសូលទីឡូអង្គរ ១ទល់០ និងថ្មីៗនេះឈ្នះគីរីវង់សុខសែនជ័យ ២ទល់០ ទៀត។
គ្រូបង្វឹកសញ្ជាតិអេឡង់រូបនេះរំពឹងថា កូនក្រុមខ្លួនអាចបន្តរក្សាកម្រិតនិងបច្ចេកទេសលេងឲ្យបានល្អថែមទៀតដើម្បីរក្សាកំណត់ត្រាកៅអីកំពូលតារាងនិងមិនឲ្យគេទាត់បញ្ចូលទីបាន។ លោកនឹងខិតខំប្រឹងបន្ថែមទៀតដើម្បីដឹកនាំក្រុមឲ្យបានល្អ។ យ៉ាងណាក្តីក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវរំសាយក្នុងពេលខ្លីដើម្បីឲ្យកីឡាករនិងក្រុមការងារក្លិបបានសម្រាកអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
គិតត្រឹមពេលនេះ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងបណ្តោះអាសន្នមាន៩ពិន្ទុក្នុងដៃច្រើនជាងគេ បើធៀបនឹងសមាជិកទាំង១៤ក្រុម។ ចំណែកប្រកួតបន្ទាប់វិញក្រុមព្រះខ័នរាជស្វាយរៀង ត្រូវប៉ះក្រុមភ្នំពេញក្រោន នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋានខេត្តស្វាយរៀង ក្នុងសប្ដាហ៍ទី៤នៃពានរង្វាន់លីគកំពូលកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments