ភ្នំពេញ ៖ សៀវភៅដែលបានដាក់ចំណងជើងនៅគម្របខាងមុខថា "គំនិតរកស៊ី គួច ម៉េងលី "មានកម្រាស់៣៤៦ទំព័រ និងមានចំនួន៣.០០០ក្បាល បានសម្ពោធជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ។
សៀវភៅគំនិតរកស៊ី គួច ម៉េងលី មានកម្រាស់ចំនួន៣៤៦ទំព័រ ជាស្នាដៃទី៦ របស់ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដោយបោះលើកទី១ ចំនួន៣.០០០ក្បាល ហើយថវិកាដែលបានមកពីការលក់សៀវភៅនេះ និងបតិចាកជូនមូលនិធិ ម៉េង លី ជេ គួច។
ខ្លឹមសារ នៃសៀវភៅនេះ បានសរសេរពីទ្រឹស្ដី នៃការអនុវត្តផ្ទាល់ក្នុងជីវិតអាជីពជាធុរកិច្ចជន (ជាគំនិត ជាទស្សនទាន ជាយោបល់ ការយល់ឃើញ និងបទពិសោធន៍របស់លោកឧកញ៉ា វេជ្ជបណ្ឌិតគួច ម៉េងលី ក្នុងនាមជាធុរកិច្ចជនវិស័យអប់រំឈានមុខគេនៅកម្ពុជា)។
ការបង្ហាញពីគំនិតយ៉ាងសំបូរបែប នៃយុទ្ធសាស្ត្រធ្វើជំនួញប្រកបដោយនិរន្តរភាព។ ផ្ដល់ពិធីសាស្ត្រនិងគន្លឹះក្នុងការលើកទឹកចិត្តខ្លះៗ ដើម្បីសម្រេចគោលដៅជីវិតមិនថាក្នុងអាជីពការងារគ្រួសារ ការសិក្សា និងសហគមន៍ជាដើម។ បណ្ដុះបណ្ដាលឲ្យមានភាពក្លាហានរឹងមាំ មានឆន្ទៈ មនសិការ ការទទូច តស៊ូព្យាយាមម្ចាស់ការ និងមិនប្រយ័ត្នចុះចាញ់ចំពោះបញ្ហាកើតមានចំពោះមុខ។ បណ្ដុះឲ្យមានវប្បធម៌ចែករំលែកដោយការបរិច្ចាគថវិកាដែលបានពីសង្គមទៅឲ្យសង្គមវិញ។ ចំពោះប្រភេទសៀវភៅនេះ ជាប្រភេទកម្រងបណ្តុំទស្សនៈស្ដីពីគំនិតរកស៊ីដែលយើងងាយនឹងអនុវត្តន៍នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលគម្រោងបណ្ដុំទស្សនវិជ្ជានោះរួមបញ្ចូលនូវបទពិសោធន៍ជាច្រើនដែលសម្ដែងពីការអនុវត្តផ្ទាល់ដៃ នៃជីវិតការងាររបស់អ្នកនិពន្ធផ្ទាល់។
ដោយឡែក ចំពោះគុណភាព នៃសៀវភៅនេះ ជាទស្សនៈ ជាគំនិតផ្ទាល់របស់លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដោយមិនឆ្លុះបញ្ចាំង ឬពាក់ព័ន្ធនឹងគោលការណ៍ នៃទស្សនៈ ឬគំនិតរបស់ទ្រឹស្ដីណាមួយឡើយ ពោលជាគោលគំនិតបណ្ដុះ និងពង្រីកទស្សនវិស័យវែងឆ្ងាយប្រកបដោយញាណគំនិត ទ្រឹស្ដីជីវិត ការសិក្សា ការងារ គ្រួសារ សង្គម ទំនាក់ទំនងសង្គម និងមធ្យោបាយបង្កើតគំនិតរក្សាគំនិត និងដោះស្រាយប្រកបដោយចីរភាពដែលស្ដែងចេញពីគុណតម្លៃ នៃបទពិសោធន៍របស់អ្នកនិពន្ធ។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី សន្និសីទ ព័ត៌មានព័ត៌មានជាមួយអ្នកព័ត៌មាននាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ការអានសៀវភៅច្រើន វានឹងនាំឲ្យយើងមានចំណេះដឹង។
លោកថា នៅលើពិភពជនបរទេស ពួកគេតែងតែឆ្លៀតពេលដើម្បីអានសៀវភៅ បើសូម្បីតែនៅលើតុកាហ្វេក៏ដោយ។ ការអានសៀវភៅនេះ វានឹងធ្វើឲ្យយើងមានចំណេះដឹងមានការអភិវឌ្ឍន៍ខ្លួនឯង ដែលធ្វើឲ្យយើងសម្រេចចិត្តលើផ្លូវដ៏ត្រឹមត្រូវមួយ។
លោកបន្តទៀតថា ចំណេះដឹងនឹងធ្វើឲ្យយើងធ្វើការងារមិនប្រថុយប្រថាន ហើយតែងតែទទួលបាននូវភាពជោគជ័យនៅក្នុងអាជីព ក៏ដូចជាអាជីវកម្មរបស់ខ្លួន។ ដូច្នេះទេ លោកជំរុញឲ្យយុវជន ក៏ដូចជាប្រជាប្រុសទាំងអស់ អានសៀវភៅឲ្យបានច្រើនពិសេសសៀវភៅដែលដាក់សម្ពោធនៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ក្នុងការបើកអាជីវកម្មរកស៊ីរបស់បងប្អូនវាជាទុនមួយដែលធ្វើឲ្យបងប្អូនអាចទទួលបាននូវភាពជោគជ័យក្នុងការបើកអាជីវកម្មរបស់ខ្លួនដោយមិនប្រថុយប្រថាន៕
Source: Kampuchea Thmey Daily
0 Comments