Ad Code

យុវតី​បើករថយន្ត​រ៉ង់​រូ​វើ ​បុក​និស្សិត​ស្រី​ស្លាប់ ​ត្រូវ​បញ្ជូន​មក​មន្ទីរពេទ្យ​រុស្សី​



ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​គុក​ប៉េ​ហ្ស៊ី​ភ្នំពេញ​បានឲ្យ​ដឹងថា កញ្ញា យិន ឃុន​ម៉ី ហៅ​យិន ម៉ា​ណា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរឃុំឃាំង​​ប៉េ​ហ្ស៊ី​ មកកាន់​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ សូ​វៀត កាលពី​ព្រលប់​ថ្ងៃទី​០៨​ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ ដោយសារ​នាង​មាន​ជំងឺស្ត្រេស ថប់ដង្ហើម និង​ជំងឺ​សួត។​

គិត​ត្រឹម​ថ្ងៃទី​០៩​ ខែ​មេសា ឆ្នាំ​២០១៩​នេះ ​នាង យិន ឃុន​ម៉ី ទើបតែ​ជាប់ឃុំ​បណ្ដោះអាសន្ន​បាន​១១​ថ្ងៃ​ប៉ុណ្ណោះ ខណៈ​ លោក ​ផែង វណ្ណៈ អ្នក​ដែល​ខ្នះខ្នែង​ជួយ​យឹតយោង​នាង​ត្រូវបាន​ជាប់ឃុំ​នៅឯ​ពន្ធនាគារ​ព្រៃ​.ស​ ឯណោះ។​

សូម​រំលឹកថា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ​ប៊ុន ធី នៅ​ល្ងាច​ថ្ងៃទី​២៩​ ខែ​មីនា ឆ្នាំ​២០១៩ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​យុវតី​ ឈ្មោះ​ យិន ឃុន​ម៉ី ហៅ យិន ម៉ា​ណា អាយុ​១៧​ឆ្នាំ ដែល​បើក​រថយន្តបុក​និស្សិត​ស្រី​ម្នាក់​ស្លាប់ ក្រោម​ការចោទប្រកាន់​ពីបទ បើកបរ​ធ្វេសប្រហែស​ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន ​បណ្ដាល​ឲ្យ​ស្លាប់​អ្នកដទៃ តាម​មាត្រា​៨៥​ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក។​ មាត្រា​៨៥ ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ បានកំណត់​ឲ្យ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ នៅ​ក្នុង​កថាខណ្ឌ​ទី​១។​ កត្តា​ខណ្ឌ​ទី​២ បាន​កំណត់​ឲ្យ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ។​

លោក​ យិន ហ្គិ​ច ជា​ឪពុក ​បាន​នាំខ្លួន​កូនស្រី​ទៅ​ប្រគល់ជូន​សមត្ថកិច្ច​ចាត់កា​រ​តាមច្បាប់ ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ ហើយ​ជនសង្ស័យ ​ឈ្មោះ យិន ម៉ា​ណា ដែល​ជា​តៃកុង​រថយន្ត Range Rover ស្លាក​លេខ 7777 បុក​និស្សិត​ឈ្មោះ ឌុំ រី​ដា ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តុលាការ​ចាត់ការ​តាមច្បាប់​។​

ពាក់ព័ន្ធ​ករណីនេះ លោក សែម គ​ន្ធា ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សំណុំរឿង​ខាងលើនេះ​ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង និង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​​​ កាលពី​រសៀល​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩។​

បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ ឈ្មោះ យិន ម៉ា​ណា បាន​បើករថយន្ត ម៉ាក Range Rover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7777 បុក​ជនរងគ្រោះ​ ឈ្មោះ ឌុំ រី​ដា ស្លាប់​ កាលពី​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ លោក យិន ហ្គិ​ច ជា​ឪពុក​ជន​បង្ក​បាន​ព្យាយាម​ដោះស្រាយ និង​ទទួល​ខុសត្រូវ​ ដោយបាន​ចូល​បុណ្យសព​ជនរងគ្រោះ​ចំនួន​៥.០០០​ដុល្លារ​។​

បន្ទាប់ពី​ចូល​បុណ្យសព លោក យិន ហ្គិ​ច បាន​នាំខ្លួន​កូនស្រី​ទៅ​ប្រគល់ជូន​សមត្ថកិច្ច​ជំនាញ​ដើម្បី​ចាត់ការ​តាមច្បាប់ និង​ទទួលខុសត្រូវ​ចំពោះ​សំណង​ជំងឺ​ចិត្ត​ទៅ​គ្រួសារ​ជនរងគ្រោះ​ថែម​ទៀតផង​។​

សូម​រំលឹកថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្កឡើង​ដោយ​ឡាន Range Rover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7777 បើក​លឿន​ទៅបុក​ជនរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​គុប​ជ្រុង​ នៅ​ចំណុច​ផ្លូវបំបែក​ជា​៤ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

ក្រោយ​បង្កហេតុ តៃកុង​រថយន្ត​បាន​ព្យាយាម​បើក​រត់គេចខ្លួន ប៉ុន្តែ​សំណាងល្អ​ដែលមាន​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​បាន​ថត​ជាប់​ស្លាក​លេខ​រថយន្ត ​រហូត​សមត្ថកិច្ច​អាច​កំណត់​មុខសញ្ញា​ម្ចាស់​រថយន្ត​ខាងលើ​បាន។​

ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ តាម​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការសាកសួរ ​យុវតី យិន ម៉ា​ណា ចប់​សព្វគ្រប់​នៅ​រសៀល​ថ្ងៃទី​២៩​មីនា​​ លោកស្រី​ កែវ សុគន្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ទទួលបន្ទុក​សំណុំរឿង​ក្ដី​នេះ បាន​សម្រេច​ចោទប្រកាន់ យិន ឃុន​ម៉ី ហៅ យិន ម៉ា​ណា ពីបទ​បើកបរ​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​ស្លាប់​អ្នកដទៃ​ដោយ​អ​ចេតនា តាម​មាត្រា​៨៥ ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក។​ បន្ទាប់មក​រឿងក្ដី​នេះ ​ត្រូវបាន​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​សម្រេច​តាម​នីតិវិធី។​

នៅ​ថ្ងៃទី​២៩​មីនា​នោះ​ដែរ លោកស្រី ផាត់ ពៅ ជា​ម្ដាយ​របស់​សព​ កញ្ញា ឌុំ រី​ដា បាន​ដាក់​ពាក្យបណ្ដឹង​ទាមទា​រ​សំណង​ពី​ ឈ្មោះ ​យិន ម៉ា​ណា ដែល​ជា​អ្នក​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចំនួន​២០​ម៉ឺន​ដុល្លារ​អាមេរិក។​

លោក​ យិន ហ្គិ​ច ឪពុក​របស់ យិន ឃុន​ម៉ី បាន​ព្រម​សង​សំណង​ទៅ​លោកស្រី ផាត់ ពៅ ចំនួន​៧​ម៉ឺ​ន​ដុល្លារ ដែល​នេះ​ជា​សំណង​មួយ​ក្រាស់ក្រែល​មិន​ធ្លាប់មាន​ពីមុនមក​ នៅក្នុង​ដំណោះស្រាយ​គ្រោះ​ថ្នាក់​ចរាចរណ៍។ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅមុខ​ស្ថានទូត​វៀតណាម​ កាលពី​ឆ្នាំ​២០១៧​បណ្ដាលឲ្យគ្រួសារ​កសិករ​មួយ​ស្លាប់​មនុស្ស​៣​នាក់ រហូតមកដល់​ពេលនេះ​មិនទាន់បាន​សំណង​មួយ​រៀល​ណា​ឡើយ ខណៈ​កូន​តូចៗ​របស់​ជនរងគ្រោះ​កំព្រា​រញង់​ គ្មាន​មេ​ គ្មាន​បា​គ្រប់គ្រង​បីបាច់​គួរ​ឲ្យ​អាសូរ​បំផុត៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu