Ad Code

មន្ត្រី​ជាន់ខ្ពស់​សុខាភិបាល ក្រើនរំលឹក​ដល់​គ្រូពេទ្យ​ ត្រូវ​ផ្ដល់​សេវា​ជូន​ពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​មិន​ត្រូវ​គិតលុយ​ជាធំ​ឡើយ​



​ភ្នំពេញ​ ៖​ មន្ត្រី​ជាន់ខ្ពស់​ នៃ​ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក​ដល់​គ្រូពេទ្យ​ទាំងអស់ ​ត្រូវ​ផ្ដល់​សេវា​ជូន​ពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​គុណធម៌ និង​សមធម៌​ដោយ​មិន​ត្រូវ​គិតលុយ​ជាធំ​ឡើយ​។​

ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​គម្រោង​ចំនួន​ពីរ ដែល​ផ្តល់​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)​ គឺ​គម្រោង​លើកកម្ពស់​គុណភាព​សេវា​ថែទាំ​សុខភាព និង​គម្រោង​លើក​កម្ពស់​ឥរិយាបថ ប្រកបដោយ​សុខុមាលភាព នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ​កាលពី​ថ្ងៃ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៩ ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​មាន​ប្រសាសន៍​ថា «​កន្លងមកនេះ ពេទ្យ​មួយចំនួន​តូច ទាល់តែ​មាន​លុយ​ទើប​មើល នេះ​គឺ​មិនមែន​គ្រូពេទ្យ​ទេ បើ​ចឹ​ង​ទៅ​រក​ស៊ី​លក់ដូរ​វិញ​ទៅ ព្រោះ​ជីវិត​មនុស្ស​យើង​មិនអាច​រកស៊ី​លក់ដូរ​ចឹ​ង​កើត​នោះទេ ដ្បិតតែ​មក​ពិនិត្យ​ព្យាបាល ត្រូវ​យកលុយ​ហើយ​ចំពោះ​សេវា​ឯកជន តែ​ត្រូវធ្វើ​បែបបទ​ជាក់លាក់​ត្រឹមត្រូវ​មួយ ជាមួយ​អ្នកជំងឺ ឬ​ក្រុម​គ្រួសារ​អ្នកជំងឺ កុំ​ឲ្យ​មាន​ករណី​មិន​ប្រក្រតី ចេះតែ​កើតមានឡើង​នោះ​»។​

ជាងនេះទៅទៀត លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ដថា​ «​ចំណែក​សេវា​ឯកជន​ក៏​ត្រូវតែ​ប្រកាន់ខ្ជាប់​ជានិច្ច នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ ពិត​ណាស់​ការ​ផ្ដល់​សេវា​ត្រូវតែ​យកលុយ តែ​ត្រូវមាន​ការបញ្ជាក់​ពី​សេវា​ឲ្យ​បាន​ជាក់លាក់​ពិតប្រាកដ និង​ត្រឹមត្រូវ ដោយ​ឈឺ​អី ព្យាបាល​ជំងឺ​នោះ​ទៅ កុំ​ចេះតែ​ពិនិត្យ​ៗ​លើស​ជំងឺ​នោះ ដើម្បី​យក​តែ​លុយ​នោះ​។

លើសពីនោះ ក្រសួងសុខាភិបាល គឺ​តែងតែ​ណែនាំ​ដល់​សេវា​រដ្ឋ និង​ឯកជន ត្រូវតែ​បិទ​តារាង​តម្លៃ​ជាស្រេច ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ជៀសវាង​មាន​ករណី​ដូច​កន្លងមក​»​។​

ទន្ទឹមនឹងនោះ លោកស្រី​រដ្ឋលេខាធិការ បាន​ស្នើ​ដល់ដៃ​គូ​ពាក់ព័ន្ធ រួមគ្នា​វែក​រកមុខ អ្នក​ដែល​ប្រព្រឹត្ត​ខុស​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​នេះ ដែល​មាន​តែមួយ​ចំនួន​តូច​នេះ ឲ្យ​ឃើញ ដើម្បី​កុំ​ឲ្យ​បន្ដ​ប៉ះពាល់​ទៅដល់​គ្រូពេទ្យ ដែល​គេ​ខិតខំ​គោរព​ប្រតិបត្តិ​បាន​យ៉ាង​ល្អ​ខ្ជាប់ខ្ជួន ជូន​ប្រជាពលរដ្ឋ។​

លើសពីនេះ​ លោកស្រី​ បាន​ស្នើ​ដល់ USAID បន្ត​ជួយ​ដល់​លើកកម្ពស់​គុណភាព​សេវា​សាធារណៈ និង​ឯកជន នឹង​បន្ត​ជួយ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​សុខាភិបាល​បន្ថែមទៀត​ ដើម្បី​ឲ្យ​ដើរ​ទាន់​តែ​បច្ចេកវិទ្យា​ទំនើប​នាពេល​បច្ចុប្បន្ននេះ។​

គម្រោង​ទាំងពីរ​របស់​USAID នៅពេលនេះ គឺ​ស្របទៅនឹង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​សុខាភិបាល ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្មីៗ​នេះ ដោយ​បាន​សង្កត់ធ្ងន់ លើ​អាទិភាព​វិស័យ​សុខា​ភិបាល នៅ​កម្រិត​យុទ្ធសាស្ត្រ ដែល​កំណត់ថា ការ​ផ្ដល់​សេវា​សុខាភិបាល ជា​ធុរកិច្ច​ស្នូល ដើម្បី​ធានា​ឲ្យ​ប្រជាពលរដ្ឋ ទទួល​បាន​សេវា​សុខាភិបាល មានគុណ​ភាព សុវត្ថិភាព ប្រសិទ្ធភាព និង​ប្រកបដោយ​សមធម៌ ដែល​រួមមាន ការពង្រីក​ការ​គ្របដណ្ដប់ ​នៃ​សេវា និង​លើកកម្ពស់​គុណភាព​សេវា នៅ​គ្រប់​ភូមិសាស្ត្រ​ទូទាំង​ប្រទេស និង​ពង្រីក​ការ​គ្របដណ្ដប់ នៃ​យន្តការ​គាំពារ​សុខភាព​សង្គម សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប ដោយ​មិន​គិត​ពី​លក្ខខណ្ឌ​សេដ្ឋកិច្ច និង​សង្គមកិច្ច​។​

ដូច្នេះ​ គម្រោង​ទាំងពីរ របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID)​នេះ ពិត​ជា​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា និង​បាន​ឆ្លើយតប​ទៅ​នឹង​គោលដៅ​យុទ្ធសាស្ត្រ ដែល​បាន​កំណត់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល ដំណាក់កាល​ទី​៣ (២០១៦-២០២០) របស់​ក្រសួងសុខាភិបាល។ ដោយ​គម្រោង​ទី​១ «EQHA» ដែល​ដឹកនាំ​ការអនុវត្ត​ដោយ អង្គការ FHI 360 នឹង​ចូលរួម​ចំណែក ក្នុងការ​លើកកម្ពស់​គុណ​ភាព និង​សុវត្ថិភាព​សេវា​ថែទាំ​សុខភាព ពង្រឹង​ប្រព័ន្ធ​សុខាភិបាល និង​បង្កើន​ការប្រើប្រាស់​សេវា ពី​សំណាក់​អតិថិជន ទាំង​នៅតាម​សេវា​សុខាភិបាល​សាធារណៈ និង​សេវា​ឯកជន​។​

ការអនុវត្ត​គម្រោង​នេះ នឹង​បង្កើត​បរិយាកាស​ល្អ ក្នុងការ​ធ្វើការ​រួមគ្នា​រវាង​ថ្នាក់ដឹកនាំ មន្ត្រី​សុខាភិ​បាល​ និង​ដៃគូ​អភិវឌ្ឍន៍​ នៃ​វិស័យ​សុខាភិបាល​ពាក់ព័ន្ធ​នានា ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ និង​ទាំង​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​សាធារណៈ និង​ឯកជន ដោយ​ផ្ដោត​លើ​តម្រូវការ​របស់​អតិថិជន​ជា​ស្នូល​។ ពិសេស​គម្រោង EQHA មាន​វិសាលភាព​ទូលំទូលាយ ក្នុង​ការ​ឆ្លើយតប​នឹង​កម្មវត្ថុ​យុទ្ធសាស្ត្រ​នា​នា​របស់​ក្រសួងសុខាភិបាល និង​បំពេញ​បន្ថែម​លើ​អន្តរាគមន៍ និង​គម្រោង​នានា​របស់​រាជរដ្ឋាភិបាល និង ដៃគូ​អភិវឌ្ឍន៍​សុខាភិបាល ដែល​បាន​និង​កំពុង​អនុវត្ត ដើម្បី​ធ្វើ​ឲ្យ​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ជូន​ប្រជាជន កាន់​តែ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

គម្រោង​ទី២ «PHB» ដែល​អនុវត្ត​ដោយ អង្គការ PSI កម្ពុជា ផ្តោតទៅលើ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង នៃ​លទ្ធផល​សុខភាព ដោយ​ចូលរួម​ជាមួយ​ថ្នាក់ដឹកនាំ​សុខាភិបាល ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ព្រម​ទាំង​អ្នកផ្តល់​សេវា​សុខភាព​សាធារណៈ និង​ឯកជន ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ធ្វើ​ឲ្យ​មាន​ការ​យល់ដឹង ក្លាយទៅជា​ការអនុវត្ត​ជាក់ស្ដែង ពោល​គឺជា​សកម្មភាព​ផ្លាស់ប្ដូរ​ឥរិយាបថ ពី​បច្ចុប្បន្ន ទៅ​រក​ឥរិយាបថ​ប្រកបដោយ​សុខុមាលភាព​របស់​ប្រជាជន និង​មាន​ចំណេះដឹង​គ្រប់គ្រាន់ ក្នុង​ការ​ស្វែង​រក និង​ទទួល​បាន​សេវា​សុខភាព​ប្រកបដោយ​គុណភាព​។​

គម្រោង​ទាំង​២​នេះ មាន​ចំណុច​ខ្លាំង​មួយចំនួន រួមមាន ការ​ធ្វើការ​ទាំង​ជាមួយ​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល និង​សមត្ថភាព​ស្ថាប័ន (institutional capacity) របស់​រាជ​រដ្ឋាភិបាល ដោយ​ប្រើប្រាស់​យន្តការ ដែលមាន​ស្រាប់​របស់​ក្រសួងសុខាភិបាល និង​ការ​ផ្តោត​លើ​តម្រូវ​ការ​របស់​អតិថិជន​ជា​ស្នូល និង​ស្ថិរភាព​យូរអង្វែង​របស់​សេវា​។​

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ឲ្យ​ដឹង​ទៀត​ថា «​ខ្ញុំ​រំពឹង​យ៉ាង​មុតមាំ​ថា គម្រោង​ទាំង​២​នេះ នឹង​ចូល​រួម​ចំណែក និង​បំពេញបន្ថែម​ទៅលើ​អន្តរាគមន៍ និង​គម្រោង​នានា ដែល​មាន​ស្រាប់​របស់​រាជ​រដ្ឋា​ភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​ការ​លើក​កម្ពស់​គុណភាព​សេវា​ថែទាំ​សុខភាព និង​ធ្វើការ​ជាមួយ​សហគមន៍ ក្នុង​ផ្លាស់ប្ដូរ​ឥរិយាបថ លើកស្ទួយ​ការប្រព្រឹត្ត​ប្រកបដោយ​សុខភាព​។ ខ្ញុំ​សង្ឃឹមថា​អង្គការ​ទាំង​២ រួមទាំង​ដៃគូ​ផ្សេងៗ​ទៀត និង​ទទួលបាន​ជោគជ័យ ក្នុងការ​អនុវត្តន៍​គម្រោង​នេះ​។

ក្រសួងសុខាភិបាល ក៏​នឹង​បន្ត​ផ្តល់​នូវ​ការ​គាំទ្រ និង​ភាព​ងាយស្រួល​ដល់​ការ​អនុវត្តន៍​គម្រោង​ទាំងពីរ​នេះ​ផង​ដែរ​»​។​

ទន្ទឹមនឹងនោះ លោកស្រី ក៏បាន​ថ្លែងអំណរគុណ ចំពោះ​USAID ដែល​បាន​ឧបត្ថម្ភ​មូលនិធិ ដល់​ការ​អនុវត្តន៍​គម្រោង​ដ៏​សំខាន់​ទាំង​២​នេះ​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu