ភ្នំពេញ ៖ យុវជនម្នាក់ ខណៈសមត្ថកិច្ចនគរបាលហៅមកសាកសួររឿងវាយតប់គ្នា បែរជាលេចនូវរឿងគួរឲ្យហួសចិត្តមួយ ដែលគេអះអាងថា កន្លងមករូបគេធ្លាប់សេពគ្រឿងញៀនយ៉ាងងប់ងុល ប៉ុន្តែបន្ទាប់ពីម្ដាយរបស់គេយំសំពះអង្វរខ្លាំងពេក ទើបគេយល់ព្រមឈប់សេពតាមការអង្វរសិន ដើម្បីយកចិត្តម្ដាយរបស់ខ្លួន។
សមត្ថកិច្ចបានហៅយុវជនរូបនេះមកក្នុងករណីបង្ករបួសស្នាមវាយតប់គ្នាកាលពីលើកមុន ហើយទើបតាមរកមុខឃើញ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ នៅក្នុងប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
យុវជនខាងលើ ឈ្មោះ ឈុត សិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
តាមសមត្ថកិច្ចបានឲ្យដឹងថា យុវជនរូបនះ ត្រូវបានឃាត់ហៅមកសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ រួមជាមួយបក្ខពួក២នាក់ ក្នុងរឿងបង្កជម្លោះ ហិង្សា វាយគ្នា កាលពីយប់ថ្ងៃទី០៨ ខែមេសា នៅក្នុងភូមិព្រៃទា ហើយគ្រាដែលសាកសួរ រឿងរ៉ាវកាលពីយប់ នៅព្រឹកថ្ងៃទី០៩នេះ ជនខាងលើ សារភាពផងដែរ ខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន ច្រើនខែឆ្នាំមកហើយ តែពេលនេះផ្អាកសិន បាន៣ខែហើយ ។
យុវជនខាងលើ បានរៀបរាប់ពីការងារ និងសកម្មភាពដែលខ្លួនប្រព្រឹត្តខុសឆ្គង ប្រើប្រាស់គ្រឿងញៀន រហូតដល់ម្តាយ លើកដៃសំពះអង្វរ សុំឲ្យឈប់ប្រព្រឹត្ត ទើបរូបគេផ្អាកសិន ដើម្បីយកចិត្តម្តាយ ធ្វើឲ្យប៉ូលិសហួសចិត្ត។ ដោយឡែករឿងរ៉ាវ សមត្ថកិច្ចហៅនាំមកប៉ុស្តិ៍ នេះសមត្ថកិច្ចបន្តតាមនីតិវិធីធម្មតា។
សាររបស់យុវជនរូបនេះក៏ផ្នែកមួយសម្រាប់ដាស់តឿនដល់បងប្អូនមួយចំនួនដែលកំពុងងប់ងុលនឹងថ្នាំញៀនសូមបញ្ឈប់សកម្មភាពរបស់ខ្លួនទៅ ព្រោះថាយុវជនម្នាក់នេះ ទោះបីញៀនថ្នាំដល់កម្រិតទៅហើយក្ដី នៅពេលម្ដាយសំពះអង្វរគេ ក៏ឈប់បាន ដើម្បីបំពេញចិត្តរបស់ខ្លួនបាន ទោះមិនទាន់កែខ្លួនបានទាំងស្រុង ក៏ម្ដាយឪពុកបានធូរទ្រូងខ្លះដែរ តែយកល្អយុវជនយើងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន៕
Source: Kampuchea Thmey Daily
0 Comments