បាត់ដំបង ៖ លោក ណាសៀត អូស្មាន ប្រធានសមាគម សម្ព័ន្ធយុវជន មូស្លិកម្ពុជា និងជាតំណាង លោក ឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស បានចុះជួបសំណេះសំណាលជាមួយសមាជិក របស់ខ្លួន នៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបងប្រមាណជាង២០០នាក់។ ដោយបានសហការជាមួយ លោក ម៉ាត រ៉មលី អនុប្រធានសមាគមសម្ព័ន្ធយុវជន មុស្លិមកម្ពុជា សាខាខេត្តបាត់ដំបង (CMYA) ។ ពិធីសំណេះសំណាលនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃចន្ទ៤កើតខែចេត្រ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី៨ មេសា ឆ្នាំ២០១៩។
លោក ណាសៀត អូស្មាន បានថ្លែងបញ្ជាក់ថា សមាគមបានសហការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ក្នុងការសម្របសម្រួលកិច្ចការងារផ្សេងៗដែលទាក់ទងនិងសហគមន៍ ដូចជា ចុះចែកអំណោយមនុស្សធម៌ ជូនគ្រួសារក្រីក្រ ដោយមិនរើសអើងសាសនាឡើយ ដូចជាសមាគម បានចុះចែកជូនគ្រួសារខ្មែរក្រីក្រ ចំនួន៤គ្រួសារ នៅស្រុកឯកភ្នំ និងគ្រួសារខ្មែរឥស្លាមនៅតាមស្រុកមួយ ចំនួន ដូចជាស្រុកសង្កែ ស្រុកឯកភ្នំ និងក្រុងបាត់ដំបង។ សមាគម បានសហការជាមួយគណៈអ៊ីមាំខេត្ត រៀបចំការ ប្រលងសូត្រគម្ពីអាល់គួរអានុការីមថ្នាក់ខេត្ត ដើម្បីជ្រើស រើសយកករី .ករីអះ ទៅចូលរួមប្រលងថ្នាក់ជាតិ នៅរាជ ធានីភ្នំពេញ។ សហការជាមួយ គណៈចលនាសាសនិក ឥស្លាមខេត្ត ដើម្បីសម្របសម្រួលកិច្ចការមួយចំនួន ដូចជា ការរៀបចំពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្រីក្រ ដែលឋិតនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដោយសមាគមគ្រូពេទ្យខ្មែរ ឥស្លាម។ សមាគម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈចលនាសាសនិកឥស្លាមខេត្ត ចុះចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់លិចផ្ទះសំបែងតាមដងស្ទឹងសង្កែ។សមាគមបានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវវិហារឥស្លាម និងសមិទ្ធផលនានា នៅភូមិពាក់ស្បែង ឃុំបឹងកាសា ស្រុកបាណន់ ខេត្តបាត់ដំបង។
សមាគមបានធ្វើលិខិតទៅសាលាក្រុងបាត់ដំបងស្នើសុំអាហារូបករណ៍ ១០០%ជូននិស្សិតក្រីក្រខ្មែរឥស្លាមម្នាក់បានចូលរៀន៤ឆ្នាំដោយមិនបង់ប្រាក់ឡើយ។ សមាគម បានចូលរួមប្រឹក្សាយោបល់ជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងលិចផ្ទះ នៅភូមិនរាលើ សង្កាត់រតន: ក្រុងបាត់ដំបង ដើម្បីរកពិធីរំដោះទឹកចេញពីក្នុងភូមិ ចុងបញ្ចប់យើងទទួលបានជោជ័យដោយដាក់លូ១០០កងបានមកពីសប្បុរសជននានា។
លោក ណាសៀត អូស្មាន ក៏បានធ្វើការកោតសរសើរចំពោះសកម្មភាពសមាគមសម្ព័ន្ធយុវជនមូស្លិមកម្ពុជា សាខាខេត្តបាត់ដំបង ដែលបានធ្វើការងារជួយសង្គមច្រើន ពិសេស ដើម្បីជួយដល់សហគមន៍ ឥស្លាមរបស់យើងឲ្យមានការរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខ និងត្រូវចេះគោរពស្រឡាញ់គ្នា យោគយល់ឱគ្នា ក្មេងៗចេះឲ្យតម្លៃទៅ មនុស្សចាស់ ឯមនុស្សចាស់ចេះឲ្យតម្លៃក្មេងៗ ហើយធ្វើយ៉ាងណាត្រូវកៀងគររកសមាជិកចូលបន្ថែមទៀត។
លោកបានបញ្ជាក់ថា សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បង្កើតឡើង ដើម្បីជួយដល់សហគមន៍ ដោយមិនប្រកាន់ពូជសាសន៍ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់ភាពក្រីក្រ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សមាគមបង្កើតឡើង ដោយមានការទទួលស្គាល់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ឆ្លៀតក្នុងឱកាសនោះដែរលោក ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសំណាក់ លោកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាក្រុមប្រឹក្សាភិបាល នៃសមាគម សម្ព័ន្ធយុវជនមូស្លិម កម្ពុជា (CMYA )។
ក្នុងឱកាសនេះដែរ លោក ណាសៀត អូស្មាន ក៏បានទទួលសំណើការស្នើសុំ និងបញ្ហាកង្វល់តូចៗមួយចំនួនរបស់សមាជិក(CMYA) ដើម្បីយកទៅដោះស្រាយជួន ហើយបានឧបត្ថម្ភកម្មពិធីនូវអាវសមាគមសម្ព័នយុវជន មុស្លិមកម្ពុជា នូវអាវចំនួន៥០អាវ និងប្រាក់៤០០,០០០៛(ស្មើ១០០ដុល្លារ) និង ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយបាក់ច្រាំដង ស្ទឹងសង្កែ នៅភូមិអូខ្ជាយ ឃុំតាម៉ឺ ស្រុកសង្កែចំនួន ៦,០០០,០០០៛ ផងដែរ។
សូមបញ្ជាក់ថា សមាគមសម្ព័ន្ធយុវជន មុស្លិមកម្ពុជានិង បន្ដ ចុះជួបសំណេះសំណាលជាមួយសមាជិ របស់ខ្លួននៅតាម បណ្តាលខេត្ត ក្រុង មួយចំនួនទៀត ឲ្យបានមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments