បាត់ដំបង ៖ បុរស ដែលមានមុខរបរដឹកទឹកលក់ម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជួបនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយគោយន្តកែច្នៃដឹកទឹកលក់បានដាច់កាឡេ រួចជ្រុលបុកទៅនឹងបង្គោលរបងបណ្ដាលឲ្យដៃចង្កូតរថយន្តបានបុក ហើយកៀបជាប់ស្លាប់តែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ថ្មីៗនេះ នៅវេលាម៉ោង១៤និង១០នាទី នៅត្រង់ចំណុចការាំង ភូមិសាច់ហាប់ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តថា ជនរងគ្រោះមាន ឈ្មោះ ផុង ភឹន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានបើកគោយន្តច្នៃដឹកទឹកលក់ ស្រាប់តែគោយន្តដាច់កាឡេបណ្តាលឲ្យគោយន្តច្នៃជ្រុលទៅបុកបង្គោលរបង បណ្តាលឲ្យអ្នកបើកបរកៀបនឹងចង្កូតគោយន្តស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
ហេតុការណ៍ដោយចៃដន្យនេះ ត្រូវបានសមត្ថកិច្ចជំនាញឲ្យដឹងដែរថា ចំពោះការកែច្នៃគោយន្តបែបនេះការប្រើប្រាស់ ត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ត្រង់ចំណុចសំខាន់ណាមួយ ដែលជាកន្លែងតំណស្របជាមួយការប្រើប្រាស់មមាញឹកចៀសវាងការបង្កគ្រោះថ្នាក់ដោយយថាហេតុបែបនេះ។
សមត្ថកិច្ច ក៏សំណូមពរដល់អ្នកដឹកទឹកតាមគោយន្ត ឬរថយន្តកែច្នៃផ្សេងៗទៀតឲ្យមានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យឲ្យបានត្រឹមត្រូវមុន នឹងចេញប្រកបមុខរបរ។ បច្ចុប្បន្ន សាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកគោយន្តកែច្នៃសមត្ថកិច្ច ក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅជួសជុលដើម្បីប្រកបមុខរបរវិញផងដែរ៕
Source: Kampuchea Thmey Daily
0 Comments