ខ្សែបម្រើស្លាប សុក សំណាង អាចវិលត្រលប់មកលើទីលានជួយក្រុមព្រះខ័នរាជស្វាយរៀង សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) វិញបានហើយក្រោយសម្រាកប្រមាណវះកាត់និងព្យាបាលជាង៦ខែដោយសារបញ្ហារបួសឆ្អឹងស្មងជើងខាងស្តាំដែលជារបួសចាស់ ដែលកើតលើរូបគេកាលពីឆ្នាំ២០១៨ កន្លងទៅ។
យោងតាមវិបសាយផ្លូវការរបស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង បានបញ្ជាក់ថា កីឡាកររូបនេះបានបង្ហាញខ្លួនឡើងវិញ ក្នុងជំនួបយកឈ្នះក្លិប គីរីវង់សុខសែនជ័យ ដោយលទ្ធផល ២ទល់០ កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលដែលការបញ្ជាក់របស់ពេទ្យក្លិបផ្ទាល់ថាកីឡាករវ័យ២៤ឆ្នាំរូបនេះជាសះស្បើយវិញហើយ។
កីឡាករ សុក សំណាង បានបញ្ជាក់ក្រោយបង្ហាញខ្លួនលើទីលានវិញថា « ខ្ញុំគិតថាទម្រង់លេងរបស់ខ្ញុំអាចនឹងឆាប់យល់ជាមួយមិត្តរួមក្រុមលឿនជាងនេះបន្ទាប់សម្រាកពីរបួស និងសង្ឃឹមថាអ្វីនឹងល្អប្រសើរមុនជំនួបជាមួយភ្នំពេញក្រោនមកដល់។ ខ្ញុំសម្រាកព្យាបាលរបួស ហើយអ្វីដែលខ្ញុំខ្វះខាតពេលនេះកម្លាំង និងបច្ចេកទេស។ ខ្ញុំគិតថាពេលនេះទម្រង់លេង និងចង្វាក់លេង របស់យើងសហការគ្នាបានល្អ ខណៈការបញ្ចប់ទីត្រូវប្រឹងប្រែងបន្ថែមទៀត»។
សូមរំលឹកថាបញ្ហារបួសនេះតម្រូវឲ្យកីឡាករ សុក សំណាង ត្រូវចេញទៅពិនិត្យតាមដាន ព្យាបាលនិងវៈកាត់របួសរបស់ខ្លួននៅប្រទេសវៀតណាម ដែលចាយពេលរហូតដល់ទៅ៦ខែ ហើយអវត្តមានរបស់កីឡាកររូបនេះលើទីលានធ្វើឲ្យគេបាត់បង់ឱកាសក្នុងក្រុមជម្រើសជាតិកម្ពុជាផង បាត់ឱកាសក្នុងការជួយក្លិបព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់លីគកំពូលកម្ពុជានិងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៨ផង។
គេចាំបានថា កីឡាករ សុក សំណាង ត្រូវបានលោក សំ វ៉ាន់ដេត បានដាក់ចូលបញ្ជីក្រុមធំរបស់ក្លិបព្រះខ័នរាជស្វាយរៀង នៅឆ្នាំ២០១០ ក្រោយបង្ហាញខ្លួនបានល្អនៅក្នុងក្រុមយុវជនថ្នាល ហើយកីឡាកររូបនេះធ្លាប់ជាផ្នែកមួយជួយឲ្យក្រុមឈ្នះបានពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១៣ និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១១,២០១២,២០១៥ និង២០១៧ នេះផងដែរ។ កីឡាករវ័យ២២ឆ្នាំរូបនេះក៏ធ្លាប់កោះហៅឲ្យចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា ផងដែរទាំងឈុតយុវជននិងឈុតធំ៕
Source: Kampuchea Thmey Daily
0 Comments