Ad Code

មិន​ដឹង​ជា​ខឹង​នឹង​លោក​មេភូមិ​​រឿង​អ្វី​ ស្រាប់តែ​ទាញ​កាំបិត​ដេញ​កាប់​ផ្អើល​តែ​ម្ដង



ភ្នំពេញ ​៖ ​បុរស​ម្នាក់ ​ដែល​ជា​ជនជាតិ​វៀតណាម​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ​ដោយសារតែ​ជនសង្ស័យ ​យក​កាំបិត​ដេញ​កាប់​លោក​មេភូមិ​របស់​ខ្លួន។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​មេសា​ នៅមុខ​ទីស្នាក់ការ​ភូមិ​ដើម​ស្លែង​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ ម៉ៅ សឿត​ អធិការ​រង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ ឈ្មោះ​ខៀវ ជួង ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជនជាតិ​ខ្មែរ ​មុខរបរ​មេភូមិ ស្នាក់​នៅផ្ទះ​លេខ​០២ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។ ជន​សង្ស័យ​ ឈ្មោះ ​សយ ថា​ន់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ​ស្នាក់នៅ​ផ្ទះ​ជួល​ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។

កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៩ ម៉ោង​១៤​និង​៣០​នាទី ជនរងគ្រោះ ​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ទីស្នាក់ការ​ភូមិ​ដើម​ស្លែង (​ចំណុច​កើតហេតុ​) ស្រាប់តែ​ជនសង្ស័យ​ដើរមក​ជិត​កាន់​កាំបិតបុ័ងតោ​ស្រែក​ឡូឡា រួច​ជនរងគ្រោះ​ ក៏​ចេញទៅ​សួរ​ថា ម៉េច​បាន មក​ស្រែក​ឡូឡា នៅ​ទី​នេះ​? ជនសង្ស័យ​ក៏​ជេរប្រមាថ និង យក​កាំបិត​​បម្រុង​កាប់​ជនរងគ្រោះ​ទៀត ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ជួយ​ចាប់​ជនសង្ស័យ រួម​នឹង​កាំបិតបុ័ងតោ​០១ យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារអំពៅ ចាត់​ការ​តាមច្បាប់។ កន្លងមក ​កាលពី​ថ្ងៃទី​១២​មេសា ជនសង្ស័យ​ប្រើ​កាំបិតបុ័ងតោ​មក​គំរាមកំហែង​ថា​ នឹង​សម្លាប់​ជនរងគ្រោះ​ម្តង​រួចមកហើយ​។​ ហើយជនសង្ស័យក៏​ប្រើប្រាស់​គ្រឿងញៀន​ដែរ។​

ប្រជាពលរដ្ឋ​ សំណូមពរ​ដល់​ស្ថាប័ន​ច្បាប់​ ដាក់ទោស​ជន​នេះ​ឲ្យ​ធ្ងន់ធ្ងរ​ ព្រោះ​ជន​នេះ​កាច​សាហាវ​ណាស់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu