Ad Code

លោក​គីម​និង​លោកពូ​ទីន​ប្តេជ្ញា​ស្វែងរក​ចំណងមិត្តភាព​ កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ក្នុង​កិច្ចពិភាក្សា​លើកដំបូង​



ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បាន​ប្តេជ្ញា​ថា​នឹង​ស្វែងរក​ចំណងមិត្តភាព​កាន់តែ​ជិតស្និទ្ធ​នៅពេល​មេដឹកនាំ​ទាំងពីរ​ជួបគ្នា​ដោយផ្ទាល់​ជា​លើកដំបូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​។កិច្ចប្រជុំ​ក្នុង​ទីក្រុង Vladivostok ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី​បានកើត​ឡើងខណៈ​លោក​គីម​កំពុង​ស្វែងរក​ការគាំទ្រ​ក្នុងការ​ប្រឈមមុខ​អំពី​បញ្ហា​នុយក្លេអ៊ែរ​របស់លោក​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ហើយ​លោកពូ​ទីន​ចង់​ដាក់​ទីក្រុង​មូ​ស្គូ​ឲ្យ​ក្លាយជា​តួអង្គ​ម្នាក់​ក្នុង​បញ្ហា​សកលលោក​មួយ​ផ្សេងទៀត​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​សង្ខេប​មុនពេល​ឈានដល់​កិច្ចពិភាក្សា មេដឹកនាំ​ទាំងពីរ​បាន​សម្តែង​នូវ​ក្តីសង្ឃឹម​របស់ខ្លួន​ក្នុងការ​ពង្រឹង​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​។លោក​គីម​បាន​និយាយថា “​ខ្ញុំ​គិតថា វា​នឹង​ក្លាយជា​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​មាន​ស្ថេរភាព​និង​មាន​ភាពស្ងប់ស្ងាត់​។

ខណៈពេលដែល​ពិភពលោក​កំពុង​ផ្តោតលើ​ឧបទ្វីប​កូរ៉េ​នោះ ខ្ញុំ​គិតថា​យើង​នឹង​រៀបចំ​កិច្ចសន្ទនា​ដ៏​មាន​អត្ថន័យ​មួយ​”​។ចំណែក​លោកពូ​ទីន​វិញ​បាន​ប្រាប់​លោក​គីម​ថា លោក​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ​ហើយ​ចង់​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​។

​លោកពូ​ទីន​បាន​និយាយថា “​ខ្ញុំ​មាន​ទំនុកចិត្ត​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​អ្នកនឹង​ជួយ​យើង​ឲ្យ​យល់​កាន់តែច្បាស់​អំពី​របៀប​ដែល​យើង​អាច​ដោះស្រាយ​ស្ថានការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ​និង​អ្វីដែល​ប្រទេស​រុស្ស៊ី​អាច​ធ្វើបាន​ដើម្បី​ទ្រទ្រង់​ដំណើរការ​វិជ្ជមាន​ដែល​កំពុង​កើតឡើង​”​។ ​ជំនួប​នេះ​គឺជា​កិច្ចចរចា​ទល់មុខ​គ្នា​លើកដំបូង​របស់លោក​គីម​ជាមួយ​ប្រមុខរដ្ឋ​ផ្សេងទៀត​ចាប់តាំងពី​វិល​ត្រលប់​ពី​កិច្ចប្រជុំ​កំពូល​ក្នុង​ទីក្រុង​ហាណូយ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ខែកុម្ភៈ​ដែល​បញ្ចប់​ទៅដោយ​គ្មាន​កិច្ចព្រមព្រៀង​មួយ​លើ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។

​ក្នុងចំណោម​បញ្ហា​ដែល​ទំនងជា​នឹងត្រូវ​លើកយក​មក​ពិភាក្សា​គឺ​អំពី​ជោគវាសនា​របស់​កម្មក​រ​កូរ៉េខាងជើង​ប្រហែល​១០,០០០​នាក់​ដែល​កំពុងធ្វើការ​ក្នុងប្រទេស​រុស្ស៊ី​ហើយនឹង​ត្រូវ​ចាកចេញ​នៅ​ចុង​ឆ្នាំនេះ​ក្រោម​ការដាក់ទណ្ឌកម្ម​។​ការងារ​គឺជា​ផ្នែក​មួយ​នៃ​ការនាំចេញ​ដ៏​សំខាន់​និង​ជា​ប្រភព​សាច់ប្រាក់​របស់​ប្រទេស​កូរ៉េខាងជើង​។ ក្រុង​ព្យុងយ៉ាង​បានស្នើ​សុំ​ឲ្យ​ប្រទេស​រុស្ស៊ី​បន្ត​ជួល​កម្មករ​របស់ខ្លួន​បន្ទាប់​ពីថ្ងៃ​ផុតកំណត់​។យោងតាម​វិមាន​ក្រឹម​ឡាំង​បាន​ឲ្យ​ដឹងថា ប្រទេស​រុស្ស៊ី​បានផ្តល់​ជំនួយ​ស្បៀងអាហារ​គិត​ជា​ទឹកប្រាក់​ប្រមាណ​២៥​លាន​ដុល្លារ​ដល់​ប្រទេស​កូរ៉េខាងជើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។

ទីភ្នាក់ងារ​ព័ត៌មាន TASS បាន​រាយការណ៍​ថា ការដឹកជញ្ជូន​មួយ​ក្នុង​ខែមីនា​បានផ្តល់​ស្រូវ​សាលី​ជាង​២,០០០​តោន​ទៅ​កំពង់ផែ Chongjin ។ចំពោះ​លោកពូ​ទីន កិច្ចប្រជុំ​កំពូល​នេះ​គឺជា​ឱកាស​មួយ​ដើម្បី​ជំរុញ​របៀបវារៈ​របស់​រុស្ស៊ី​ប្រឆាំងនឹង​ឥទ្ធិពល​អន្តរជាតិ​រប​ស់​សហរដ្ឋអាមេរិក​។ ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន People's Daily របស់​ចិន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ លោកពូ​ទីន​បាន​ស្តីបន្ទោស​ដាក់​ប្រទេស​ណា​ដែល​អះអាងថា​ជា​មេដឹកនាំ​ពិភពលោក​តែមួយគត់​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu