Ad Code

ពិតជា​ហ៊ាន​មែន​ រត់​ទៅ​ឆក់​កាបូប​លុយ​ពី​ស្ត្រី​បរទេស​ ត្រូវ​ចាប់​បាន​ម្នាក់ ​និង​រត់​រួច​ម្នាក់



ភ្នំពេញ ​៖​ ជន​សង្ស័យ​ម្នាក់ ​ក្នុងចំណោម​គ្នា​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​ផ្សារ​កណ្ដាល​១ ​ចាប់​ឃាត់​ជាក់ស្ដែង​ក្នុង​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ប្រើ​អំពើ​ហិង្សា​(​ដើរ​ឆក់​យក​កាបូបស្ពាយ​)​របស់​ជនបរទេស​តែ​មិនបាន​សម្រេច។

ជាក់ស្ដែង​នៅ​ថ្ងៃ​អង្គារ​៥​កើត​ខែចេត្រ​ឆ្នាំច​ សំរឹទ្ធិស័ក ​ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​០៩ ​ខែមេសា ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​២១​និង​១៥​នាទី​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្ដាល​ទី​១​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ (​ក្នុងចំណោម​បក្ខពួក​០២​នាក់​)​ពី​បទ លួច​មាន​ស្ថាន​ទម្ងន់​ទោស​ប្រើ​អំពើ​ហិង្សា​(​ដើរ​ឆក់​យក​កាបូបស្ពាយ​)​នៅ​ចំណុច​លើ​ថ្មម៉ាប​មាត់​ទន្លេ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ ភូមិ​ទី​០៣​ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ ត្រូវ​ឃាត់​ខ្លួន​នោះ ​ឈ្មោះ ប៉េ​ត ណេ​ត ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ រីឯ​វត្ថុតាង​ចាប់យក​រួមមាន ​កាបូប​ស្ពាយ​ពណ៌​ត្នោត​មួយ ​ក្នុង​នោះ​លុយ​វៀតណាម​ចំនួន​៤១០០០០​ម៉ឺន​ដុង ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ ម៉ាក​អាយ​ហ្វូ​ន​7​ ពណ៌​ផ្កាឈូក​.​ប័ណ្ណបើកបរ​មួយ​ និង​MasterCard​ចំនួន​០៣(​បាន​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ)។

ជនរងគ្រោះ ឈ្មោះ​TALOR DODSWORTH ANN ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ ​ជនជាតិ​អង់គ្លេស ​កាន់​លិខិត​ឆ្លងដែន​លេខ​505831167 មុខរបរ​ទេសចរណ៍​ ស្នាក់នៅ​ផ្ទះសំណាក់​យីហោ​១៩​រីករាយ​បន្ទប់​លេខ​១៣​ ជាន់​ទី​៤ ​មាន​ទីតាំង​ផ្ទះ​លេខ​៥៩​ផ្លូវ​លេខ​១៣ ​សង្កាត់​ផ្សារកណ្តាល​ទី​១​ ខណ្ឌដូនពេញ​។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា ​ដំណើរ​រឿងហេតុ​នោះ​ គឺ​នៅ​មុនពេល​កើតហេតុ​ ជនរងគ្រោះ ​ឈ្មោះ​TALOR DODSWORTH ANN ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ជនជាតិ​អង់គ្លេស ​បាន​ទៅ​អង្គុយលេង​លើ​ថ្ម​ម៉ាប​មាត់ទន្លេ​ ដោយ​កាន់​កាបូបស្ពាយ​ពណ៌​ត្នោត​ដាក់​លើ​ភ្លៅ​ខាងឆ្វេង ពេលនោះ​ស្រាប់តែ​ជនសង្ស័យ​ចំនួន​០២​នាក់​ដើរមក​ក្បែរ​ពីក្រោយ​ជនរងគ្រោះ​ ហើយ​ជនសង្ស័យ ​ឈ្មោះ​ ប៉េ​ត ណេ​ត ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ​បានធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​ពី​ដៃ​ជនរងគ្រោះ​បានសម្រេច​រត់គេចខ្លួន។ ពេល​នោះ​ជនរងគ្រោះ​ស្រែក​ឆោឡោ​ដេញតាម​ជនសង្ស័យ​ពីក្រោយ ភ្លាមនោះ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារកណ្តាល​ទី​១ ​ដែល​កំពុង​ល្បាត​ឃើញ​បាន​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជន​សង្ស័យ ​ឈ្មោះ​ ប៉េ​ត ណេ​ត រួមជាមួយ​វត្ថុតាង​កាបូបស្ពាយ​យក​មក​ទីស្នាក់ការ​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី​១​ធ្វើការ​សាកសួរ ចំណែក​បក្ខពួក​ម្នាក់ទៀត​បាន​រត់​គេច​ខ្លួន​បាត់។

សមត្ថកិច្ច​បញ្ជាក់​ថា ​ចំពោះ​មុខ​កម្លាំង​ខណ្ឌ ប៉ុស្តិ៍​កំពុង​ប្រើ​វិធានការ​ជំនាញ​ស្រាវជ្រាវ​រក​បក្ខពួក ​និង​សកម្មភាព​បាន​ប្រព្រឹត្ត​កន្លងមក ​និង​បាន​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu