Ad Code

រថយន្ត​សាំ​យ៉ុង​១២​កៅអី​មួយ​គ្រឿង បើក​លឿន​ជ្រុល​ទៅ​បុក របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ខ្ទេច​ទាំង​រថយន្ត​ខ្ទេច​ទាំង​ថ្ម



ភ្នំពេញ ​៖ រថយន្ត​សាំ​យ៉ុង​មួយ​គ្រឿង បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ទាំង​កំរោល​ពេញ​មួយ ទំហឹង បណ្តាល ខ្ទេច​ទាំង​រថយន្ត​ខ្ទេច​ទាំង​ថ្ម ទៅ​មុខ​​​លែងរួច តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​នោះទេ។

គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣៥​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​ពុធ ទី​២៤ ខែមេសា ឆ្នាំ​២០១៩ (​ត្រង់ចំណុច​ស្តុ​ប​មុខ​ស្ថានទូត​វៀតណាម​) លើ​កំណាត់​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

បើតាម​សាក្សី​បាន​និយាយ​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​សាំ​យ៉ុង​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-2027 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ព្រះមុនីវង្ស ទិសដៅ ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន និងមាន​ដឹកទំនិញ​ពេញ​លើ​រថយន្ត (​មាន​ទូរទស្សន៍​, ម៉ាស៊ីន​ព្រី​ន​, កង្ហារ​, ចង្ក្រានហ្គាស​) បាន​ជ្រុល​ចង្កូត​ទៅបុក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រង​ការខូចខាត​បាក់​អស់​ចំនួន​៣​កង់ ចំណែកឯ​រថយន្ត​រង​ការ ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ កល់​ជាប់​របាំង​ថ្ម​បើក​ទៅមុខ​លែងរួច និង​ហូរ​ប្រេងម៉ាស៊ីន​ពេញ​ផ្លូវ តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​នោះទេ ក្រោយ​កើតហេតុ​តៃកុង​ បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួនបាត់ មុន​សមត្ថកិច្ច​មកដល់។​

ក្រោយពី​កើតហេតុ សមត្ថកិច្ច​​​​​ជំនាញ ចុះ​មក​វាស់វែង និង​យក​រថយន្ត​បង្ក​ទៅ រក្សាទុក​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ទាក់ទង​ម្ចាស់​រថយន្ត​ឲ្យ​ចូល​ ខ្លួន​មក​ធ្វើការ​ដោះស្រាយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu