រដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលីត្រូវរងគ្រោះនៅក្នុងរឿងរ៉ាវដ៏ស៊ីជម្រៅមួយស្តីពីការជ្រៀតជ្រែករបស់ចិននៅក្នុងនយោបាយក្នុងប្រទេសកាលពីថ្ងៃអង្គារដែលនេះបានបណ្តាលឲ្យមានបញ្ហាប្រឈមមួយទៀតចំពោះរដ្ឋាភិបាលដែលកំពុងប្រឈមមុខនឹងបរាជ័យក្នុងការបោះឆ្នោត នៅខែក្រោយនេះ។
ការស៊ើបអង្កេតមួយដោយបណ្តាញទូរទស្សន៍ ABC បានបង្ហាញថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Peter Dutton បានជួបជាលក្ខណៈឯកជនជាមួយមហាសេដ្ឋីចិនឈ្មោះ Huang Xiangmo នៅក្នុងឆ្នាំ២០១៦ដើម្បីពិភាក្សាអំពីការទទួលបានសញ្ជាតិអូស្ត្រាលី។
លោក Huang បានស្ថិតនៅចំកណ្តាលនៃរឿងអាស្រូវជាច្រើនរាប់បញ្ចូលទាំងការចោទប្រកាន់ថាលោកបានដាក់ឥទ្ធិពលក្នុងទីក្រុងកង់បេរ៉ាជាមួយការបរិច្ចាគប្រាក់រាប់លានដុល្លារដល់គណបក្សនយោបាយធំៗផងដែរប៉ុន្តែលោកបានបដិសេធជាយូរមកហើយនូវការធ្វើខុសណាមួយ។
ABC បានចោទប្រកាន់ថា លោក Huang បានបង់ប្រាក់រាប់ពាន់ដុល្លារទៅឲ្យអ្នកបញ្ចុះបញ្ចូលសម្រាប់ការជួបជាលក្ខណៈឯកជនជាមួយលោក Dutton ដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលចម្រុះរបស់ប្រទេសអូស្ត្រាលីធ្លាក់ចូលទៅក្នុងរឿងរ៉ាវនៃការជ្រៀតជ្រែករបស់បរទេសមុនការបោះឆ្នោតដែលត្រូវបានគេរំពឹងទុកនៅថ្ងៃទី១៨ខែឧសភា។
នៅទីបំផុត លោក Huang ត្រូវបានបដិសេធសម្រាប់ភាពជាពលរដ្ឋតាមការផ្តល់ដំបូន្មានពីភ្នាក់ងារចារកម្មអូស្ត្រាលីហើយកាលពីខែមុនបានហាមឃាត់ពីការចូលក្នុងប្រទេសនេះលើការសង្ស័យថា គាត់គឺជាផ្នែកមួយនៃយុទ្ធនាការដ៏មានឥទ្ធិពលរបស់គណបក្សកុម្មុយនិស្ត។
ទោះបីជាយ៉ាងណាក៏ដោយ លោក Dutton កាលពីថ្ងៃអង្គារបានច្រានចោលការចោទប្រកាន់ពីបទជ្រៀតជ្រែកថាជារឿងមិនសមហេតុសមផល។
លោកបានប្រាប់ក្រុមអ្នកកាសែតថា “ខ្ញុំមិនដែលទទួលបានប្រាក់មួយដុល្លារពីបុគ្គលម្នាក់នេះទេ។ ខ្ញុំបានជួបគាត់ម្តងនៅពេលអាហារថ្ងៃត្រង់។ ខ្ញុំមិនដែលឃើញគាត់ទៀតទេចាប់តាំងពីពេលនោះមក”។
គួរបញ្ជាក់ថា រដ្ឋាភិបាលក្រុងកង់បេរ៉ាបានហាមឃាត់ការបរិច្ចាគពីបរទេសជាផ្នែកមួយនៃការកែទម្រង់របស់ខ្លួនដោយបានហៅប្រទេសចិនថាជាការព្រួយបារម្ភចម្បងរបស់ខ្លួន៕ AFP
Source: Kampuchea Thmey Daily
0 Comments