Ad Code

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បង្ហាញ​ឱសថ​ជំនួយ​ផ្លូវ​ភេទ​ និង​ថ្នាំសម្រើប​ជិត​២​ម៉ឺន​គ្រាប់ ដែល​បង្ក្រាប​បាន​



ភ្នំពេញ ​៖ ឱសថ​ជំនួយ​ផ្លូវភេទ បង្កើន​អារម្មណ៍ ស្រើបស្រាល ដែល​គ្មាន​លិខិតអនុញ្ញាត​នាំចូល ​និង ហួសការ ​បរិច្ឆេទ​កំណត់​ជិត​២​ម៉ឺន​គ្រាប់ ត្រូវបាន​គណៈកម្មាធិការ ប្រយុទ្ធ ប្រឆាំង ផលិតផល ក្លែង​ក្លាយ បានធ្វើ​សន្និសីទ​បង្ហាញ កាលពី​ព្រឹក ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ។​

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ឱសថ​ជំនួយ​ផ្លូវភេទ បង្កើន​អារម្មណ៍ ដែល​សមត្ថកិច្ច យកមក​បង្ហាញ និង ធ្វើ​សន្និសីទ​នៅពេលនេះ គឺ​សមត្ថកិច្ច​ជំនាញ ចុះ​បង្ក្រាប​បាន កាលពី ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ទីតាំង លក់​ឱសថ សម័យ​បុរាណ​ចិន​បី​កន្លែង នៅលើ​វិថី ហ្សា ដឺ ហ្គោល រកឃើញ​ថ្នាំ ចំនួន​១៨.១៦០​គ្រាប់។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក មៀច សុផាន់ ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល ក្លែងក្លាយ​បាន​ថ្លែង​ថា កម្លាំង​ប្រតិបត្តិការ​ពិសេស នៃ​គណៈកម្មាធិការ ប្រយុទ្ធ​ប្រឆាំង ផលិតផល ក្លែង​ក្លាយ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៩ បានចុះប្រតិបត្តិ ការ​ធ្វើការ​ឆែកឆេរ ទីតាំង​លក់ ឱសថ​សម័យបុរាណ​ចិន​បី​កន្លែង នៅលើ​វិថី​ហ្សាដឺហ្គោល គឺ​បាន​រកឃើញ​ឱសថ​ដែល​មិនបាន​ចុះ​បញ្ជិកា​ផុត​សុពលភាព ​និង​គ្មាន​ការអនុញ្ញាត និង រកឃើញ​ឱសថ​បង្កើន​ចំណង់​ផ្លូវភេទ បង្កើន​ភាព ស្រើបស្រាល ថ្នាំសម្រើប មាន​ទាំង​ប្រភេទ​សម្រាប់​ប្រើប្រាស់ ជាមួយ បុរស និង ស្ត្រី។ ហើយ​ចំនួន ថ្នាំ​ដែល​ពាក់ព័ន្ធ ជាមួយនឹង​ការបង្កើន​ចំណង់​ផ្លូវ​ភេទ​១៨.១៦០​គ្រាប់។​

លោក បាន បញ្ជាក់​ថា ចំពោះ​ម្ចាស់​ទីតាំង សមត្ថកិច្ច កម្លាំង​ប្រតិបត្តិការ​ពិសេស កំពុងតែ​កសាង សំណុំរឿង​ទៅ​តុលាការ ហើយ​ម្ចាស់​ទីតាំង​កំពុងតែ​ស្ថិតក្រោម​ការ​ឃ្លាំមើល​របស់​សមត្ថកិច្ច។

លោក​បន្តថា “ ឱសថ​នេះ យើង​កំពុងតែ​កំណត់​ថា តើ​ឱសថ​នេះ ក្លែងក្លាយ ឬក៏វាផលិតមករបៀប ម៉េច ដើម្បីកំណត់ស្ថានទម្ងន់​ទោសឲ្យបានត្រឹមត្រូវ ហើយនៅក្នុងច្បាប់របស់យើង ដែលមានចែង គឺ​ថា ទោសប្រើប្រាស់ថ្នាំ ដែលវាប៉ះពាល់ ដល់ ប្រព័ន្ធប្រសាទ ថ្នាំបង្កើន​ភាព​ស្រើបស្រាល ថ្នាំសម្រើប គឺ ពិតជា​រកឃើញមែន មានទោស ពី៥ ឆ្នាំ រហូត ទៅដល់ ១០ ឆ្នាំ និង ត្រូវ ពិន័យ ជាប្រាក់ រហូត ទៅ​ដល់​៥០​លានរៀល។ ហើយ ករណីនេះ វាជារឿងមួយដែលថ្មី យើងកំពុងតែធ្វើការសិក្សា ស្រាវជ្រាវ​ឲ្យបានដិតដល់ ដើម្បី ធានាថា សុខភា ប្រជាជននឹងត្រូវ បានការពារ ” ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu