Ad Code

លោក ស៊ុំ វណ្ណា និយាយ​ពី​ចំណុច​វិជ្ជមាន​ក្រោយ​បញ្ចប់​អាជ្ញា​ប័​ណ្ណ​គ្រូបង្វឹក​កម្រិត AFC A License



​លោក ស៊ុំ វណ្ណា អតីត​គ្រូបង្វឹក​របស់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ដែល​កំពុងតែ ធ្វើការ​ជា​គ្រូ​ជំនួយ​របស់​លោកគ្រូ​បង្គោល​Leonardo Vitorino ដែល​ជា​ជនជាតិ​ប្រេ​ស៊ី​ល ក្នុង​ក្លិប​ភ្នំពេញ​ក្រោ​ន បានបញ្ចប់​វគ្គ​សិក្សា​គ្រូបង្វឹក​កម្រិត AFC “A” License កាលពីពេល​ថ្មីៗ​ដោយ​ជោគជ័យ ខណៈ​លោក​រំពឹងថា​និង​ក្លាយជា​ផ្នែក​នៃ​ការអភិវឌ្ឍន៍​បាល់ទាត់​ក្នុងស្រុក​កាន់តែខ្លាំង​ថែមទៀត​។



គ្រូបង្វឹក​ដែល​ធ្លាប់​ឆ្លងកាត់​ការសិក្សា​ផ្នែក​កីឡា​នៅក្រៅ​ប្រទេស​រូបនេះ​បាន​បន្តថា «​ការសិក្សា​នេះ​មាន​សារៈសំខាន់​មែនទែន​សម្រាប់​ខ្ញុំ ព្រោះ​វា​ទាក់ទង​យ៉ាង​លម្អិត​ទៅលើ​ការរៀបចំ​ទម្រង់​លេង ការរៀបចំ​ការប្រកួត ការរៀបចំ​គម្រោង​ហ្វឹកហាត់​ប្រចាំថ្ងៃ ប្រចាំ​សប្តាហ៍ និង​ប្រចាំឆ្នាំ ជាពិសេស​រួមទាំង​ការដឹកនាំ និង​រៀបចំ​ក្លឹប​ថែមទៀត​ដោយ​អនុវត្តតាម​ស្តង់ដារ​ក្លឹប​បាល់ទាត់​អាជីព ដោយមាន​ទាំង​រចនាសម្ព័ន្ធ និង​គោលដៅ​ច្បាស់លាស់​»​។

​លោក ស៊ុំ វណ្ណា បន្ត​ថា «​ក្នុង​វគ្គ​សិក្សា​នេះ​ពិតជា​បាន​ជួយ​ខ្ញុំ​ច្រើនណាស់​ដូចជា​លើ​ការរៀបចំ​ក្រុម និង​ការ​ជ្រើសរើស​កីឡាករ​ពិសេស​ការ​ពង្រឹង និង​បណ្តុះបណ្តាល​ធនធាន​យុវជន ដើម្បី​ជា​គុណប្រយោជន៍​ក្នុង​ការ​កសាង​កីឡាករ​អាជីព ព្រមទាំង​យុទ្ធសាស្ត្រ​ល្អៗ​សម្រាប់​រៀបចំ​ក្រុម​ត្រៀម​ការប្រកួត​នានា ជា​រួម​គឺ​វា​មាន​ភាព​លម្អិត​ច្រើនជាង​កាល​រៀន​វគ្គ​មុនៗ​។ អ្វី​ដែល​សំខាន់​ក្រោយ​ទទួល​សញ្ញាបត្រ​កម្រិត A License នេះ​គឺ​ការអភិវឌ្ឍន៍​ធនធាន​យុវជន​ដោយ​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​ក្លាយជា​កម្លាំង​ចលករ​ដ៏​មាន​សក្តានុពល​សម្រាប់​ក្លឹប​ភ្នំពេញ​ក្រោ​ន និង​រួមចំណែក​ដើម្បី​ឲ្យ​ក្លឹប​រក្សា​បាន​តំណែង​ល្អ​នៅ MCL 2019 នេះ​»​។



លោក ស៊ុំ វណ្ណា កាន់​បរិញ្ញាប័ត្រ​អប់រំ​កាយ និង កីឡា ពី​ប្រទេស​គុយបា កាលពី​ឆ្នាំ​២០០៩​។ លោក​ធ្លាប់​ធ្វើជា​គ្រូ​ជំនួយ​ក្លឹប​បៀ​ល​ប្រាយ ពី​ឆ្នាំ​២០១៣-២០១៥ មុននឹង​បន្តទៅ​កាន់​តំណែង​ជា​គ្រូធំ​ក្លិប​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) កាលពីរ​ដូ​ល​កាល​២០១៥-២០១៦ ហើយ​បាន​ជួយ​ឲ្យ​ក្លឹប​នេះ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ផងដែរ​។ លោក​បាន​ចុះកិច្ចសន្យា​ជា​ផ្លូវ​ការដឹកនាំ​ក្រុម​វេ​ស្ទើ​ន កាលពីដើម​រដូវ​កាល ឆ្នាំ​២០១៧ ខណៈ​នៅ​ឆ្នាំ​នោះ​ដែរ​លោក​បានបញ្ចប់​វ​គ្គ​សិក្សា​គ្រូបង្វឹក​ផ្នែក​អាជ្ញា​ប័​ណ្ណ B (AFC B License)​។ នៅ​រដូវ​កាល​កន្លងទៅ​លោក​នៅទំនេរ​ ដោយ​ដឹក​នាំ​ក្រុម​ក្រៅ​ផ្លូវ​ការ​មួយចំនួន​បណ្ដោះ​អាសន្ន​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu