Ad Code

ចោទប្រកាន់​បុរស​ជនជាតិ​ស្វី​ស​ ពីបទ​ឆបោក​ ពាក់ព័ន្ធ​បន្លំ​ក្រដាសប្រាក់​១០០​ដុល្លារ​



​ភ្នំពេញ ៖ លោក ហោ លី​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៩​ ខែ​មេសា ឆ្នាំ​២០១៩​នេះ បានបញ្ចប់​ការសាកសួរ​ជនសង្ស័យ​ជា​ជនជាតិ​ស្វី​សម្នាក់ ​ពាក់ព័ន្ធ​ករណី​បន្លំ​ក្រដាសប្រាក់​ដុល្លារ​នៅ​ទូ ATM របស់​ធនាគារ ABA ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ហើយ​បាន​សម្រេច​ចោទប្រកាន់​ពីបទ​ឆបោក​ រួច​បញ្ជូន​សំណុំរឿង​ទៅឲ្យ​ចៅក្រម​សម្រេច​តាមច្បាប់។​

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ជនសង្ស័យ​មាន ឈ្មោះ HOFER PETER ភេទ​ប្រុស អាយុ ៦៤​ឆ្នាំ ជនជាតិ​ស្វី​ស កាន់​លិខិតឆ្លងដែន​លេខ X៤៥៨០៨៤៤ ស្នាក់នៅ​ផ្ទះសំណាក់ Velkommen ផ្ទះ​លេខ​១៧ ផ្លូវ​លេខ​១៤៤ ភូមិ​៥ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ផ្អែក​តាម​ពាក្យបណ្ដឹង​របស់​តំណាង​ធនាគារ ABA ដោយមាន​ភស្តុតាង​កាមេរ៉ា​វីដេអូ​ផង​នោះ ​ជន​សង្ស័យ​ខាងលើ​ ត្រូវបាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣ ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ករណី​យក​ក្រដាសប្រាក់​១០០​ដុល្លារ​ក្លែងក្លាយ ​ទៅ​បន្លំ​នៅក្នុង​ទូ ATM ក្នុង​ធនាគារ ABA មាន​ទីតាំង​ផ្ទះ​លេខ​៦៨ ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៥៣ ភូមិ​១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

នៅពេល​ឃាត់ខ្លួន​ សមត្ថកិច្ច​ បាន​ដកហូត​បាន​វត្ថុតាង​ក្រដាសប្រាក់​ក្លែងក្លាយ​១០០​ដុល្លារ ចំនួន ០១​សន្លឹក​,​ក្រដាសប្រាក់​ដុល្លារ​ចំនួន ១១៦​ដុល្លារ និង​ក្រដាសប្រាក់​បាត​ចំនួន​៥,២៤០​បាត​,​ក្រដាស​ប្រាក់​រៀល​ចំនួន​២​ម៉ឺន​រៀល​, លិខិតឆ្លងដែន ចំនួន១​ក្បាល​,​ទូរស័ព្ទដៃ​ម៉ាក Xiami ពណ៌​ខ្មៅ​ចំនួន១​គ្រឿង​,​កាត ATM ចំនួន ០៤​សន្លឹក និង​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន​មួយចំនួនទៀត។​

ក្រោយ​ពិនិត្យឃើញ​ដូច្នេះ​ហើយ ទើប​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​មក​អយ្យការ​អម​តុលាការ​ចាត់ការ​ជា​បន្ត​បន្ទាប់​រហូត​សម្រេច​ចោទប្រកាន់​ពីបទ​ឆបោក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu