សាក្សីបាននិយាយថា កាលពីព្រឹកថ្ងៃអង្គារ កងកម្លាំងសន្តិសុខស៊ូដង់ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់ ដែលកំពុងធ្វើបាតុកម្មនៅខាងក្រៅទីស្នាក់ការកងទ័ពសម្រាប់យប់ទី៣ជាប់គ្នា ប៉ុន្តែទាហានបានធ្វើអន្តរាគមន៍ដោយបាញ់កាំភ្លើងឡើងលើ។
អ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលាន Khartoum ចាប់តាំងពីថ្ងៃសៅរ៍មកដោយជំរុញឲ្យយោធាគាំទ្រពួកគេក្នុងការទាមទារឲ្យលោកប្រធានាធិបតី Omar al-Bashir លាលែងពីតំណែងនិងបង្កើតរដ្ឋាភិបាលអន្តរកាលមួយ។
វាគឺជាការប្រមូលផ្តុំធំបំផុតចាប់តាំងពីបាតុកម្មបានផ្ទុះឡើងដោយសារការឡើងថ្លៃនំប៉័ងក្នុងខែធ្នូមុនពេលវាប្រែក្លាយទៅជាបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងការគ្រប់គ្រងរយៈពេល៣០ឆ្នាំរបស់លោក Bashir។
កាលពីព្រឹកថ្ងៃអង្គារ សមាជិកនៃសេវាចារកម្មនិងសន្តិសុខជាតិព្រមទាំងប៉ូលិសបង្ក្រាបកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ក្រុមបាតុករក្នុងការប៉ុនប៉ងដើម្បីបំបែកក្រុមអ្នកអង្គុយតវ៉ា។ នេះបើតាមការឲ្យដឹងពីអ្នករៀបចំចលនាតវ៉ា។
សាក្សីម្នាក់បានប្រាប់ AFP ថា “មានការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីកងទ័ពបើកច្រកទ្វារបរិវេណឲ្យអ្នកតវ៉ាចូល។ ប៉ុន្មាននាទីក្រោយមក កងទ័ពមួយក្រុមបានបាញ់កាំភ្លើងឡើងលើដើម្បីរុញច្រានកងកម្លាំងសន្តិសុខដែលកំពុងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក”។
ចាប់តាំងពីការតវ៉ាបានផ្ទុះឡើងនៅក្នុងខែធ្នូមក កងកម្លាំងប្រដាប់អាវុធនៅតែស្ថិតក្នុងស្ថានភាពប្រុងជើងការខណៈភ្នាក់ងារសន្តិសុខនិងប៉ូលិសបង្ក្រាបកុបកម្មបានបង្ក្រាប។
ក្រុមបាតុករបានអំពាវនាវដល់កងទ័ពឲ្យការពារពួកគេពីការបង្ក្រាបដ៏សាហាវបន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃនៃការបោះជំរំនៅខាងក្រៅការិយាល័យកណ្តាលរបស់ខ្លួនដែលក៏ជាទីតាំងនៃលំនៅដ្ឋានរបស់លោក Bashir និងក្រសួងការពារជាតិផងដែរ។
រដ្ឋមន្ដ្រីក្រសួងការពារជាតិលោកឧត្តមសេនីយ៍ Awad Ibnouf បានប្ដេជ្ញាថា កងទ័ពនឹងរារាំងការធ្លាក់ចូលទៅក្នុងភាពវឹកវរ។
ក្រុមមន្ត្រីបាននិយាយថា មនុស្សចំនួន៣៨នាក់បានស្លាប់ក្នុងអំពើហិង្សាដែលពាក់ព័ន្ធនឹងបាតុកម្មចាប់តាំងពីខែធ្នូមក៕ AFP
Source: Kampuchea Thmey Daily
0 Comments