ឧត្តរមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង បានរងការខូចខាត ដោយសារគ្រោះធម្មជាតិ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ដូចជា របើកដំបូល,របើកជញ្ជាំង,កាលពីវេលាម៉ោង១៦និង២០នាទីល្ងាច ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ដែលមាន២ភូមិ នៅក្នុងស្រុកចុងកាល់ គឺភូមិតាប៉ែន និងភូមិបន្ទាយជ័រ ដែលខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន០៧ខ្នង។
សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកចុងកាល់បានឲ្យដឹងថា ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់លើភូមិតាប៉ែន និងភូមិបន្ទាយជ័រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យនេះ បណ្តាលឲ្យរបើកស័ង្កសីផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នង ផ្ទះនៅភូមិតាប៉ែន រីឯ៥ខ្នងទៀត នៅភូមិបន្ទាយជ័រ ឃុំពង្រ ស្រុកចុងកាល់។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅវេលាម៉ោង១៦និង២០នាទីល្ងាច ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ខាងលើ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុប៧ខ្នងផ្ទះ។
សមត្ថកិច្ចបានបន្តទៀតថា ករណីខាងលើនេះ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វនោះទេ៕
Source: Kampuchea Thmey Daily
0 Comments