Ad Code

ការ​ចាប់ខ្លួន​ជនអន្តោប្រវេសន៍​បាន​កើនឡើង​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​-​អាមេរិក​ក្នុង​ខែមីនា



ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​សហរដ្ឋអាមេរិក (CBP) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ចំនួន​ជន​ចំណាកស្រុក​ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​ ខណៈ​ចូលក្នុង​សហរដ្ឋអាមេរិក​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​កដោយ​គ្មាន​ឯកសារ​ បាន​កើនឡើង​ដល់​ជាង​១០៣,០០០​នាក់​នៅក្នុង​ខែមីនា​។​

ការកើនឡើង​យ៉ាងខ្លាំង​ពី​ខែ​រដូវរងារ​នៅពេលដែល​តួលេខ​ជា​មធ្យម​មាន​ប្រមាណ​៦០,០០០​នាក់​ក្នុង​មួយខែ​នេះ​គឺ​បាន​គូសបញ្ជាក់​ភាព​គ្មាន​ប្រសិទ្ធភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋបាល​លោក Trump ក្នុងការ​ទប់ស្កាត់​លំហូរ​នៃ​ជនអន្តោប្រវេសន៍​ដែល​រត់​ភៀសខ្លួន​ចេញពី​ភាពក្រីក្រ​និង​អំពើ​ហឹ​ង្សា​នៅ​ប្រទេស​ហ្គា​តេ​ម៉ា​ឡា អែល​សាល់​វ៉ា​ឌ័​រ​និង​ហុង​ឌូ​រ៉ា​ស​។​

ទិន្នន័យ​នេះ​ត្រូវបាន​ចេញផ្សាយ​នៅពេលដែល​លោក​ប្រធានាធិបតី Donald Trump ចាប់ផ្តើម​ការរុះរើ​នៅក្នុង​ក្រសួង​សន្តិសុខ​មាតុភូមិ (DHS) ដែល​គ្រប់គ្រង​សកម្មភាព​ត្រួតពិនិត្យ​តាម​ព្រំដែន​ភាគច្រើន​ដោយ​រួមទាំង CBP ផងដែរ​។​

កាលពី​ថ្ងៃអាទិត្យ រដ្ឋមន្ត្រី DHS លោកស្រី Kirstjen Nielsen បាន​យល់ព្រម​ចុះ​ចេញពី​តំណែង​ហើយ​ត្រូវបាន​គេ​រាយការណ៍​ថា មាន​ភាព​ខ្វែងគំនិត​គ្នា​យ៉ាងខ្លាំង​រវាង​លោកស្រី​និង​លោក Trump អំពី​របៀប​បង្ក្រាប​ជន​ចំណាកស្រុក​។​

មន្ត្រីក្រោមឱវាទ​លោកស្រី Nielsen ជាច្រើនរូប​ទៀត​ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវបាន​គេ​បង្ខំ​ឲ្យ​លាលែង​ផងដែរ​ខណៈពេលដែល​លោក Trump បានតែងតាំង​ស្នងការ CBP លោក Kevin McAleenan ឲ្យ​ជំនួស​លោកស្រី​ជា​បណ្តោះអាសន្ន​។​

ក្នុងចំណោម​ជន​ចំណាកស្រុក​សរុប​១០៣,៤៩២​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ឬ​ចាត់ទុកថា​មិនអាច​ទទួលយក​បានកា​លពី​ខែ​មុន​គឺមាន​៥៧,២៧១​នាក់​មកជា​ក្រុមគ្រួសារ​និង​៩,៣៤៨​នាក់​ជា​កុមារ​ដែល​មិនមាន​អាណាព្យាបាល​។​

នៅក្នុង​ខែកុម្ភៈ មនុស្ស​សរុប​ចំនួន​៧៦,៥៣៥​នាក់​ត្រូវបាន​ចាប់ខ្លួន​រួមទាំង​៤០,៧៤១​នាក់​នៅក្នុង​ក្រុមគ្រួសារ​និង​កុមារ​៧,២៥៤​នាក់​ដែល​ធ្វើដំណើរ​ដោយ​ខ្លួនឯង​ផងដែរ​៕ AFP

​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu