Ad Code

អ្នកនាំពាក្យ​ថា ការ​ធ្វើ​បាតុកម្ម​ទាំងឡាយ​នៅ​ក្រៅ​ប្រទេស គ្រាន់តែ​ដើម្បី​បម្រើ​ឧបាយកល​ដ៏​ខ្មៅ​ងងឹត​ប៉ុណ្ណោះ



ភ្នំពេញ​ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាង​ថា បច្ចុប្បន្ន​សន្តិភាព​សេរី​ភាព និង​លទ្ធិប្រជាធិបតេយ្យ រកបាន​មក​ហើយ ដែល​ប្រជាជន​កម្ពុជា​កំពុង​រស់នៅ​ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ ប៉ុន្តែ​ការ​រីកចម្រើន​នេះ មិនត្រូវ​បាន​ពួក​ឧទ្ទាម​ក្រៅច្បាប់​ពេញចិត្ត​ឡើយ ហេតុនេះ​ទើប​ពួកគេ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ឡើង​កាន់​អំណាច ក្រោម​លេស​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដូច្នេះ​ការ​ទាមទារ​រក​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស វា​គ្រាន់តែ​ជា​លេស ដើម្បី​បាន​អំណាច ដែល​ប្រជាជន​មិន​ប្រគល់​ឲ្យ​តែប៉ុណ្ណោះ ហើយ​ការ​ធ្វើ​បាតុកម្ម​ទាំងឡាយ​នៅ​ក្រៅ​ប្រទេស គឺ​ដើម្បី​បម្រើ​ឧបាយកល​ដ៏​ខ្មៅ​ងងឹតរបស់​ពួកគេ​។



​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើកឡើង​បែបនេះ បន្ទាប់ពី​លោក សម រង្ស៊ី និង​អ្នក​ស្ម័គ្រស្មោះ​មួយចំនួន បាន​នាំ​គ្នា​ធ្វើ​ចលនា​ទាមទារ និង​ធ្វើបាតុកម្ម​ជា​បន្តបន្ទាប់​នៅ​ក្រៅ​ប្រទេស ហើយ​កាលពី​ថ្ងៃទី​២០ មេសា បាន​រៀប​ចំ​បាតុកម្ម​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដោយ​ដាក់​ឈ្មោះ​ថា បាតុកម្ម​ភ្លើងទៀន​។ ដែល​បាតុកម្ម​នោះ ក្រោម​ការ​ផ្តួចផ្តើម​ឡើង​ដោយ​ក្រុមយុវជន ដែល​មាន​ទំនោរ​ទៅ​រក​បុគ្គល សម រង្ស៊ី ប៉ុន្តែ​បាតុកម្ម​នោះ ត្រូវ​បាន​ចាត់ទុកថា ជា​បាតុកម្ម ដើម្បី​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា ពីព្រោះ​មេដឹកនាំ​បាតុកម្ម បាន​ស្រែក​បំផុស​ឲ្យ​មានការ​បះបោរ​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ដើម្បី​យក​អំណាច​របស់ខ្លួន​។

លោក សុខ ឥសាន បាន​លើក​ឡើង​ថា នៅ​ប្រទេស​ណា​ក៏​ដូច​នៅ​ប្រទេស​ណា​ដែរ ក្នុង​ពិភពលោក​នេះ​។ ប្រជាជន​នៅ​ប្រទេស​នីមួយៗ​តែងតែមាន​ការតស៊ូ ដើម្បី​សេរីភាព រើ​បម្រាស់​ពី​ការជិះជាន់ ការត្រួតត្រា​ពី​វណ្ណៈ​សក្ដិភូមិ វណ្ណៈ​ជិះជាន់​ត្រួតត្រា​។ ដូច​នៅ​ប្រទេស​កូរ៉េខាងត្បូង ប្រជាជន​កូរ៉េ ក៏​មាន​ការឈឺចាប់ នឹង​ការត្រួតត្រា​របស់​ពួក​ចក្រព័ត្រ​អាណានិគមនិយម​ដែរ ទើប​នាំគ្នា​ងើបឡើង​តស៊ូ ដើម្បី​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​។



ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ លោក សុខ ឥសាន អះអាង​ថា ដោយ​សារបាន​ឆ្លងកាត់​សង្គ្រាមរ៉ាំរ៉ៃ រាប់​ទសវត្សរ៍ និង​របប​ប្រល័យ​ពូជសាសន៍ ទើប​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នាំគ្នា​ងើបឡើង​តស៊ូ​រំដោះ​ប្រទេសជាតិ ឲ្យ​រួច​ផុត​ពី​ការ​កាប់សម្លាប់ និង​តស៊ូ​ដើម្បី​សន្តិភាព សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​រហូត​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ហើយ​ចាប់ផ្តើម​ការបោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ ចាប់ពី​ឆ្នាំ​១៩៩៣​មក ដើម្បី​បើកឱកាស​ឲ្យ​ប្រជាជន​ជ្រើសរើស​មេដឹកនាំ​ប្រទេស​តាម​ឆន្ទៈ​របស់ខ្លួន​។

តាម​លោក សុខ ឥសាន “​បច្ចុប្បន្ននេះ​សន្តិភាព​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​រកបាន​មកហើយ ដែល​ប្រជាជន​កម្ពុជា​កំពុង​រស់នៅ​ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ មាន​កម្រិតជីវភាព​ល្អ​ប្រសើរ សេដ្ឋ​កិ​ច្ច​ជាតិ​មាន​កំណើន​៧​ភាគរយ ក្នុង​១​ឆ្នាំ ហើយ​ការ​អភិវឌ្ឍន៍​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​គួរ​ឲ្យ​កត់សម្គាល់​។ ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​កំពុងតែ​សប្បាយរីករាយ​ចំពោះ​ការ​រីកចម្រើន​របស់​ប្រទេសជាតិ ប៉ុន្តែ​ការ​រីកចម្រើន​នេះ របស់​ប្រទេសជាតិ មិន​ត្រូវ​បាន​ពួក​ឧទ្ទាម​ក្រៅច្បាប់​ពេញចិត្ត​ឡើយ ដោយសារ​ពួកគេ​មិនអាច​យកឈ្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជាង​២០​ឆ្នាំ​មក​ហើយ​។ ហេតុនេះ ទើប​ពួកគេ​តែងតែ​រិះរក​គ្រប់​ឧបាយកល ដើម្បី​ផ្តួលរំលំ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត ក្រោមលេស​ស្វែងរក​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​”​។

លោក សុខ ឥសាន បញ្ជាក់​ដែរ​ថា “​ការ​ទាមទារ​រក​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​វា​គ្រាន់តែ​ជា​លេស ដើម្បី​បាន​អំណាច ដែល​ប្រជាជន​មិន​ប្រគល់​ឲ្យ​តែប៉ុណ្ណោះ​។ ដូច្នេះ​ការ​ធ្វើ​បាតុកម្ម​ទាំងឡាយ​នៅ​ក្រៅ​ប្រទេស គឺ​ដើម្បី​បម្រើ​ឧបាយកល​ដ៏​ខ្មៅ​ង​ងឹត​ហ្នឹងឯង​”៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu