កំពង់ឆ្នាំង ៖ យុវតីអាយុ១៦ឆ្នាំម្នាក់ បានរងរបួសកំភួនជើងឆ្វេងធ្ងន់ធ្ងរ ដោយសារតែបុរសប្រមឹកខួបម្នាក់ស្រវឹងដេញកាប់ប្រពន្ធខ្លួនឯងមិនទាន់ បែរងាកមកកាប់នារីរងគ្រោះដែល អង្គុយតែម្នាក់ឯងសោះ ឲ្យរងរបួសធ្ងន់ធ្ងរ។
ករណីហិង្សាដោយចេតនានេះ បានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅក្នុងភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគីរី។
លោក ម៉ែន សំអាត មេបញ្ជាការកងរាជអាវុធហត្ថស្រុកជលគីរីបានឱ្យដឹងថា នៅមុនពេលកើតហេតុជនបង្ក ឈ្មោះ សូត្រ សេក អាយុ 56 ឆ្នាំ បានផឹកស្រាស្រវឹងហើយបានស្រែកឡូឡា និងបានកាន់កាំបិតកកុកដេញកាប់ប្រពន្ធ រត់ពេញភូមិ។ ប៉ុន្តែនៅពេលដេញកាប់ប្រពន្ធមិនបាន ក៏ត្រឡប់បកក្រោយវិញ ស្រាប់តែឃើញជនរងគ្រោះ ឈ្មោះ ជ្រឿន គីមបួយ អាយុ១៦ឆ្នាំ កំពុងអង្គុយលើជណ្ដើរផ្ទះរបស់នាង ជន ប្រមឹក ក៏បានស្ទុះទៅកាប់ចំកំភួនជើងឆ្វេង បណ្ដាលឲ្យនាងរងរបួសធ្ងន់ធ្ងរស្ទើរដាច់កំភួនជើងតែម្ដង។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ និងប្រជាការពារនៅក្នុងភូមិ ក៏បានដេញចាប់ជនដៃដល់បានហើយ ប្រគល់ឲ្យសមត្ថកិច្ចដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់។ ចំណែកយុវតីរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះព្យាបាល នៅក្នុងមណ្ឌលសុខភាពស្រុកជលគីរី។
សំណុំរឿងខាងលើនេះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកជលគីរីបានបញ្ជាក់ថា ជនដៃដល់គឺផឹកស្រាស្រវឹងខួប និងបានជេររករឿងប្រពន្ធមិនលស់ថ្ងៃឡើយ តែថ្ងៃនេះគឺជាថ្ងៃស៊យចុងក្រោយហើយ ដោយត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments